២០១៨មកដល់ ឧកញ៉ាលី ហួរ ចាប់ផ្តើមគំរោងលំនៅដ្ឋានដ៏ធំមួយ

0

ដោយ គង់ សូរិយា

ភ្នំពេញ៖ ស្របពេលទីផ្សារលំនៅដ្ឋាននៅតែមានតម្រូវការខ្ពស់ លោកឧកញ៉ាលី ហួរអគ្គនាយកបុរីវិមានភ្នំពេញ និងជាអគ្គនាយកក្រុមហ៊ុនលីហួរគ្រុបបាននិងកំពុងត្រៀមចាប់ផ្តើម សម្ភោធគំ​រោងថ្មីមួយដែលដាក់ឈ្មោះ ”ភូមិរុងរឿង”។

 

លោកឧកញ៉ាបានមានប្រសាសន៍ ឲ្យដឹងតាមទូរស័ព្ទកាលពីម្សិលម៉ិញថា គំរោងថ្មីនេះ បានចាប់ផ្តើមបុកគ្រឹះបណ្តើរៗហើយ និងត្រៀមបើកការដ្ឋានបញ្ចុះបឋមសិលាសាងសង់នៅក្នុងសប្តាហ៍ទី៣ នៃខែមករានេះ។ គំរោងនេះ ស្ថិតនៅភាគខាងជើងទីក្រុងរណបកាមកូស៊ីធី ជាតំបន់ដែលមានការអភិវឌ្ឍយ៉ាងលឿននាពេលបច្ចុប្បន្ននេះ។លោកបន្តថា គំរោងថ្មីនេះភាគច្រើនជាប្រភេទផ្ទះវីឡា វីឡាកូនកាត់ និងផ្ទះល្វែងតិចតួច ជាលំនៅដ្ឋានដែលឆ្លើយតបនឹងតម្រូវការអតិថិជន​នាពេលបច្ចុប្បន្ននេះ។

លោកបន្តថា “គំរោងថ្មីនេះស្ថិតនៅលើផ្ទៃដី១៣ហិកតា ជាគំរោងធំមួយដែ​ល​ខ្ញុំគិតថានឹងទទួលបានជោគជ័យ ព្រោះបុរីវិមានភ្នំពេញតែងតែទទួលបាន ជោគជ័យ ដោយសារគំរោងនិមួយៗ ផ្តោតលើហេដ្ឋារចនាសម្ព័ន្ឋទូលាយ សោ​ភ័ណភាព និងគុណភាពលំនៅដ្ឋានតាមស្តង់ដាអន្តរជាតិ”។លោកបន្តថា “ផ្ទះក្នុងគំ​រោងនេះ លក់ក្នុងតម្លៃចាប់ពីជាង១៣ម៉ឺនដុល្លារឡើងទៅ ជាលំនៅដ្ឋានផ្តោតលើ​ប្រជាជនមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់”។

អ្នកនាង ឆាយ ស៊ីណា ប្រធានផ្នែកទីផ្សារនៃបុរីវិមានភ្នំពេញបានថ្លែងថា ការ​លក់លំនៅដ្ឋានក្នុងបុរីនេះ ទទួលបានជោគជ័យយ៉ាងលឿន ដោយសារតម្រូវការ​លំនៅដ្ឋាន និងលក្ខខ័ណ្ឌបង់ប្រាក់ងាយស្រួល ព្រមទាំងសោភ័ណភាព និងគុណ ភាពសំណង់របស់បុរីល្អប្រសើរ និងទំនុកចិត្តរបស់អតិថិជនលើបុរីនិងកេរ្ត៍ឈ្មោះ​របស់លោកឧកញ៉ា បានធ្វើឲ្យការលក់លំនៅដ្ឋាន ក្នុងគំរោងទី៨នេះទទួលបានជោគជ័យ។អ្នកនាងបន្តថា ផ្ទះក្នុងបុរីនេះស្ថិតនៅទីតាំងល្អប្រសើរ ដោយមាន​មជ្ឈមណ្ឌលពាណិជ្ជកម្មស្ថិតនៅជុំវិញ ដូចជា ផ្សារ AEON2, ផ្សារ MAKRO និងមជ្ឈមណ្ឌលពាណិជ្ជកម្មដទៃទៀត។

អ្នកនាងបន្តថា “ផ្ទះក្នុងគំរោងនេះមានចំនួន៥៩១ផ្ទះ ជាលំនៅដ្ឋានដែលដាក់ឈ្មោះថា “ភុមិរុងរឿង” ដើម្បីធ្វើយ៉ាងណាឲ្យអ្នករស់នៅក្នុងបុរីនេះទទួលបានជោគជ័យ និងរុងរឿងដូចជាឈ្មោះបុរីរបស់ខ្លួន”។

អគ្គនាយកក្រុមហ៊ុន Century21 Mekong លោកច្រឹក សុខនីម ដែលមានឯកទេសទិញលក់បុរីបានថ្លែងថា ទីផ្សារបុរីនៅតែមានភាពល្អប្រសើរ ដោយបច្ចុប្បន្ន​​នៅតែមានសកម្មភាពទិញលក់ច្រើន ពិសេសផ្ទះទី២ ដែលជាប្រភេទផ្ទះដែលអ្នក​វិនិយោគទិញយកចំណេញ។លោកបន្តថា លំនៅដ្ឋានតម្លៃមធ្យមនៅតែមានទីផ្សារល្អ ប៉ុន្តែលំនៅដ្ឋានប្រណីត ដែលមានតម្លៃចាប់ពី១លានដុល្លារឡើងទៅពិ​បាកលក់បន្តិច។

លោកបន្តថា “កំនើនសេដ្ឋកិច្ច កំនើនប្រាក់ចំណូល និងលក្ខខ័ណ្ឌទទួលបានឥណ​ទានកាន់តែងាយស្រួលបានគាំទ្រទីផ្សាបុរីល្អប្រសើរ”៕

LEAVE A REPLY

Please enter your comment!
Please enter your name here