ដំណឹងរីករាយ៖ បុរីជាច្រើនចាប់ផ្តើមសម្ភោធគំរោងដើមឆ្នាំ២០១៨

0

ដោយ ដែន ចែងចាំង

ភ្នំពេញ៖ បុរីជាច្រើនបានចាប់ផ្តើមសម្ភោធគំរោងនៅឆ្នាំ២០១៨ ដោយសារទីផ្សារលំនៅដ្ឋាននៅតែមានតម្រូវការខ្ពស់ពីសំណាក់ប្រជាជនក្នុងស្រុក ដោយនៅព្រឹកថ្ងៃទី១៨ មករានេះមានបុរីជាច្រើនបាននិងកំពុងត្រៀមសម្ភោធបើកការដ្ឋានសាងសង់ជាបន្តបន្ទាប់។

 

លោក ភារៈ អគ្គនាយកបុរីឡុងនីបានមានប្រសាសន៍ឲ្យដឹងក្នុងពេលបើកសម្ភោធគំរោងទី២របស់ខ្លួន កាលពីល្ងាចថ្ងៃទី១៧ មករាកន្លងមកថា គម្រោងទី១នៃបុរីឡុងនី បានសាងសង់ផ្ទះល្វែងប្រមាណជាង២០០ល្វែង រហូតមកដល់ថ្ងៃនេះ គឺនៅសល់ប្រហែល១០ល្វែងប៉ុណ្ណោះ។ ហើយគម្រោងទី២ ដែលនឹងបើកលក់ថ្ងៃនេះ គឺសាងសង់ផ្ទះប្រហែលជា១០០ល្វែង ហើយក្នុងនោះមានជាប្រភេទផ្ទះវីឡា លីងហោស៍ ឃ្វីនហោស៍ និងសបហោស៍ ទំនើបទាន់សម័យ ដោយតម្រូវការតាមទីផ្សារនាពេលបច្ចុប្បន្ន ។

 

លោកបន្តថា គម្រោងទី១របស់បុរីឡុងនីបានប្រើទុនវិនិយោគ ក្នុងរង្វង់ទឹកបា្រក់ជាង១៥លានដុល្លារ និងគម្រោងទី២ប្រើទុនវិនិយោគជាង៣០លានដុល្លារអាមេរិក។ ការសម្រេចចិត្តបង្កើតគម្រោងទី២នេះដោយលោកសង្កេតឃើញពីតម្រូវការរបស់ប្រជាពលរដ្ឋ ដែលសព្វថ្ងៃនេះរដ្ឋាភិបាលកម្ពុជា មានគម្រោងនាឆ្នាំ២០២០ ឲ្យមានប្រជាពលរដ្ឋមករស់នៅក្នុងរាជធានីភ្នំពេញ ឲ្យបានជាង៤លាន៥សែននាក់ តែសព្វថ្ងៃនេះ ក្នុងរាជធានីភ្នំពេញ ប្រជាពលរដ្ឋរស់នៅ មិនទាន់បាន៣លាននាក់នៅឡើយទេ។ ដូច្នេះនៅខ្វះប្រជាពលរដ្ឋជាង១លាននាក់ទៀត ដែលត្រូវការផ្ទះសម្បែងជាច្រើនសម្រាប់រស់នៅ ហើយដោយសារតែមានការគាំទ្រពីអតិថិជនរបស់បុរី ជម្រុញឲ្យលោកនិងក្រុមគ្រួសារបង្កើតគម្រោងទី២ ព្រមទាំងអតិថិជនស្រលាញ់នូវទឹកដៃការឌីហ្សាញ និងសំណង់ដែលមានគុណភាព ទើបលោកបង្កើតនូវគម្រោងទី២នេះឡើង ។

 

ប្រធានគ្រប់គ្រងបុរីឡុងនី បានបន្ថែមទៀតថា បើនិយាយពីបុរីឡុងនី គឺធានាបាននូវសោភ័ណ្ឌភាព និងគុណភាព មុនសាងសង់បានធ្វើការតេស្តដី និងរកជម្រៅស្រទាប់ដី ដែលល្អ ដើម្បីអ្នកជំនាញបុកគ្រឹះទៅឲ្យបានល្អ ។

គម្រោងទី២នេះ គឺស្ថិតនៅក្បែរគម្រោងទី១ នៅកណ្តាលរាជធានីភ្នំពេញ ផ្លូវធំ ៣០ម៉ែត្រ ដែលជាទីតាំងល្អ តម្លៃសមរម្យ។ គំរោងនេះស្ថិតនៅទួលពង្រង តាមបណ្តោយផ្លូវធំ៣០ម៉ែត្រ ពីផ្លូវវេងស្រេង ក្នុងសង្កាត់ចោមចៅ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ ។

ជាមួយគ្នានេះដែរកាលពីសប្តាហ៍មុន បុរី The Premier Land ស្ថិតក្នុងខ័ណ្ឌសែនសុខ បានសម្ភោធគំរោងរបស់ខ្លួន ដែលមានទីតាំងនៅជិតផ្សារ MAKRO AEON MALL2ផងដែរ។

 

ស្របពេលជាមួយគ្នានេះដែរ នៅសប្តាហ៍ក្រោយនេះ បុរីរុងរឿងដែលជាគំរោងទី៨ នៃបុរីវិមានភ្នំពេញនឹងប្រកា​សសាងសង់ផងដែរនៅលើផ្ទៃដី១៣ហិកតា។

 

លោកឧកញ៉ាលី ហួរអគ្គនាយកបុរីវិមានភ្នំពេញ និងប្រធានសមាគមអ្នកអភិវឌ្ឍន៍លំនៅដ្ឋានបានមានប្រសា​សន៍ថា គំរោងលំនៅដ្ឋានបុរីរុងរឿង ជាលំនៅដ្ឋានប្រណីត ដែលមានតម្លៃជាង១០ម៉ឺនដុល្លារឡើងទៅ។ ភាគច្រើនលំនៅដ្ឋានក្នុងគំរោងនេះជាផ្ទះវីឡាភ្លោះ វីឡាទោល និងផ្ទះល្វែងប្រណីត។

ទាក់ទងទីផ្សារលំនៅដ្ឋានវិញលោកឧកញ៉ាលី ហួរបានមានប្រសាសន៍ថា ការលក់លំនៅដ្ឋានប្រណីត ដែលមាន​តម្លៃខ្ទង់លានដុល្លារពិបាកលក់បន្តិច ប៉ុន្តែលំនៅដ្ឋានមានតម្លៃសមរម្យ សម្រាប់ប្រជាជនមានប្រាក់ចំណូលមធ្យម និងមធ្យមកម្រិតខ្ពស់នៅតែលក់ដាច់ល្អប្រសើរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here