ឆ្នាំ២០១៨តម្រូវការប្រាក់រៀលនឹងប៉ោងឡើងធៀបនឹងប្រាក់ដុល្លារ

0

ដោយ គង់ សូរិយា

ភ្នំពេញ៖ ទីផ្សាប្តូរប្រាក់ក្នុងឆ្នាំ២០១៨ នៅតាមគ្រឹះស្ថានធនាគារពាណិជ្ជ និងអាជីវករប្តូរប្រាក់ អាចនឹងមានតម្រូវការប្រាក់រៀល ដល់ប្រមាណជាង១ពាន់លានដុល្លាអាមេរិក គឺបានកើនឡើង១២ភាគរយបើធៀបទៅនឹងឆ្នាំ២០១៧។

 

យោងតាមរបាយការណ៍ឆ្នាំ២០១៧ របស់ធនាគារជាតិនៃកម្ពុជា បានបង្ហា​ញឲ្យដឹងនាព្រឹកថ្ងៃទី១៩ មករានេះថា ការអនុវត្តគោលនយោបាយហិរញ្ញវត្ថុ នៅលើទីផ្សាប្តូរប្រាក់ នៅក្នុងឆ្នាំ២០១៧កន្លងមកនេះ ធនាគារជាតិនៃកម្ពុជា បានបន្តរក្សាស្ថិរភាពអត្រាប្តូរប្រាក់ និងបានធ្វើអន្តរគមន៍នៅលើទីផ្សារប្តូរប្រាក់បានល្អប្រសើរ ក្នុងនោះធនាគារជាតិនៃកម្ពុជាបានទិញប្រាក់ដុល្លារ អាមេរិកចំនួន១២៥ដងពីគ្រឹះស្ថានធនាគាពាណិជ្ជ និងពីអាជីវករប្តូរប្រាក់សរុបប្រមាណជាង៩១៨លានដុល្លារអាមេរិក ពោលគឺបានកើនឡើងជាង១១ភាគរយផងដែរ។

 

របាយការណ៍ដដែលបានបង្ហាញឲ្យដឹងទៀតថា ការកើនឡើងនេះ បានឆ្លុះបញ្ចាំងពីកំណើនតម្រូវការប្រាក់រៀល ក្នុងពេលដែលសកម្មសេដ្ឋកិច្ចបានងើបឡើង និងកំណើននៃជំនឿទុកពីសាធារណៈជនមកលើប្រាក់រៀល ដែលបញ្ហាទាំងនេះអាចបញ្ជាក់បានថា ទំហំទឹកប្រាក់រៀលដែលគ្រឹះស្ថានធនាគារពាណិជ្ជ ទិញពីធនាគារជាតិនៃកម្ពុជា បានកើនឡើងជាលំដាប់ដោយមានសមាមាត្រប្រមាណ៥៤ភាគរយ នៃទឹកប្រាក់អន្តរាគមន៍សរុប ដែលបានទិញដោ​យធនាគារពាណិជ្ជ និងក្រុមអាជីករប្តូរប្រាក់ ទាំងនេះជាសញ្ញាណវិជ្ជមាន ដល់ការអភិវឌ្ឍន៍ទីផ្សារប្តូរប្រាក់ដុំ នៅកម្ពុជាទៅពេលអនាគតផងដែរ ។

 

បើផ្អែកតាមនិន្នាការនិងតម្រូវការទីផ្សារបច្ចុប្បន្ន សម្រាប់ឆ្នាំ២០១៨គ្រឹះស្ថា​នធនាគារពាណិជ្ជ និងអាជីវករប្តូរប្រាក់ អាចនឹងមានតម្រូវការប្រាក់រៀលឡើងដល់ប្រមាណជាង១ពាន់លានដុល្លាអាមេរិក គឺកើនឡើង១២ភាគរយ បើធៀបនឹងឆ្នាំ២០១៧ ហើយកំណើនតម្រូវការនេះ នឹងអាចនាំឲ្យប្រាក់រៀលងើបឡើងថ្លៃបន្តិចបន្តួច បើធៀបនឹងប្រាក់ដុល្លារក្នុងអត្រាប្រមាណ៤,០៣៧រៀល ក្នុង១ដុល្លារអាមេរិក៕

LEAVE A REPLY

Please enter your comment!
Please enter your name here