Silver Town ជោគជ័យបន្ទាប់ពីក្លាយជា Condo Tel

0

ដោយ ដែន ចែងចាំង

ភ្នំពេញ៖ ទម្រង់ធុរកិច្ច ដែលផ្តល់សេវាបដិសណ្ឋារកិច្ចប្រកបដោយភាពកក់ក្តៅថ្មីមួយ នៃគំរោង Silver Town កំពុងទទួលបានជោគជ័យនៅរាជធានីភ្នំពេញ បន្ទាប់ពីគំរោងនេះបានក្លាយជាទីតាំង ដើម្បីផ្តល់ទីកន្លែងស្នាក់នៅដល់ភ្ញៀវទេសចរណ៍ និងអ្នកស្វែងរកការធ្វើធុរកិច្ចមានអារម្មណ៍ដូចជាស្នាក់នៅផ្ទះរបស់ពួកគេ។

អគ្គនាយកក្រុមហ៊ុន NAKI GROUP លោក មាស ង៉ែតវាសនា ដែលជាក្រុមហ៊ុន​គ្រប់គ្រងគំរោងនេះបានថ្លែងថា យើង​ជា​​ក្រុមហ៊ុន​នាំមក​នូវ​ទស្សនទាននៃ​ការ​វិនិយោគ​ថ្មី​នេះដំបូ​ង​គេ​នៅ​រាជធានី​ភ្នំពេញ តាមរយៈការផ្តល់សេវាកម្ម ពីក្រុមហ៊ុន​ជំនាញ​មកពី​សហរដ្ឋអាមេរិក ដែលបានចូល​រួម​សហការ ដើម្បី​ផ្តល់​សេវាកម្ម​គ្រប់​គ្រង​ប្រកបដោយ​ភាពកក់ក្តៅ និងច្នៃ​ប្រឌិត​ដល់​អតិថិជន​។

លោក​បន្តថា “សេវា Condo-Tel នឹង​ជា​សេវា​មាន​លក្ខណៈ​ចម្រុះដែល​រួម​ប​ញ្ជូ​ល​នូវ​សេវាកម្ម​ខុន​ដូ ដោយ​ក្នុងចំណោម​ផ្ទះ​១១០​យូ​នី​ត នៅក្នុង​អគារ Silver Town នឹងត្រូវ​ប្រើប្រាស់ ៥០​​ភាគរយជា Condo-Tel និង ៥០​ភាគរយ​ជា​ខុន​ដូ”​។

​លោក​បន្តថា ​ “ខ្ញុំ​ជឿជាក់ថា​គម្រោងនេះ​នឹង​ទទួលបាន​ជោគជ័យ ដោយ​យើង​ផ្តោត​សំខាន់​លើ​អតិថិជន​ជា​អ្នក Business Travelling និង​អតិថិជន ដែល​​ត្រូវ​ការ​សេវា​ស្នាក់​នៅមាន​លក្ខណៈ​ជា​ឯកជន”។

សេវាកម្ម Condo-Tel ជាសេវាមានភាពស្រដៀងគ្នានឹងសណ្ឋាគារ ប៉ុន្តែការ​រៀបចំសេវាបែបនេះ គឺធ្វើយ៉ាងណាឲ្យភ្ញៀវមានអារម្មណ៍ថា ដូចជា​ផ្ទះ​ទី​២ របស់​ពួក​គេដោយ​ពួកគេ​អាច​ចម្អិន​អាហារ​បាន​ដោយ​ខ្លួនឯង អាច​រៀប​ចំ​តុបតែង​បន្ទប់​របស់​ពួកគេ និង​ពួកគេ​ទទួលបាន​សេវាកម្ម និង​ការបំពាក់​សម្ភារៈប្រើប្រាស់​គ្រប់មុខ រួមទាំង​កន្លែង​ហាត់ប្រាណ អាង​ហែល​ទឹក សេវាកម្ម​សម្អាត ភោជនីយដ្ឋាន សេវា​ម្ហូប​អាហារ​រយៈពេល​២៤ម៉ោង​ជាដើម​​។​

លោក មាស វាសនាបានបន្តថា “​យើង​បាន​គិតពី​​​ស្តង់ដារ និង​រៀបចំ​ទទួល​បដិសណ្ឋារកិច្ច​ភ្ញៀវ​បែបណា ដើម្បី​ពេល​ពួកគេ​មកដល់​ទីតាំង​របស់​យើង ពួកគេ​ទទួលបាន​អារម្មណ៍​ កក់ក្តៅ និង​ប្រកបដោយ​ផាសុខភាព​ខ្ពស់​”។​

តម្លៃ​ស្នាក់​នៅក្នុង Condo-Tel ដែល​មានការរៀបចំ​សេវាកម្ម​ដូច​សណ្ឋាគារ​ផ្កាយ​ប្រាំមានតម្លៃ​បន្ទប់​ចន្លោះ​ពី​១៤០​ទៅ​១៥០​ដុល្លារ​ក្នុង​មួយ​យប់​។​ ​លោកវាសនាបាន​បន្តថា សេវាកម្ម Condo-Tel បានចាប់ផ្តើម​នៅ​កម្ពុជា​រួច​ហើយ ប៉ុន្តែ​នៅមាន​តិច​នៅឡើយ​នៅ​ទីក្រុង​ភ្នំពេញ“​ដូច្នេះ​យើង​មិន​បារម្ភ​ពី​ការ​ប្រកួត​ប្រជែង​នោះទេ ផ្ទុយទៅវិញ​យើង​ជឿ​ជាក់ថា នឹង​ទទួលបាន​ជោគជ័យ ព្រោះ​សេវាកម្ម​បែបនេះ​នឹងមាន​លក្ខណៈ​ល្អ​ប្រសើរ​នាពេល​អនាគត​”។​

លោក ហូ វណ្ឌី អគ្គលេខាធិការ​ស​ម្ព័​ន្ធ​សមាគម​ទេសចរណ៍​ជាតិ​កម្ពុជា បាន​ថ្លែង​ថា សេវាកម្ម Condo-Tel ជា​សេវាកម្ម​ថ្មីសម្រាប់​កម្ពុជា ប៉ុន្តែ​វា​ជា​សេវា​ចាស់​នៅ​ប្រទេស​រីកចម្រើន​នានា ប៉ុន្តែ​សេវាកម្ម​នេះនឹង​មាន​ការរីកចម្រើន​ខ្លាំង​នៅ​កម្ពុជា ក្រោយ​ពេល​គេ​យល់ច្បាស់​ពី​វិស័យនេះ ពិសេស​ពេល​កម្ពុជា​ធ្វើការ​រៀបចំ​ហេ​ដ្ឋា​រចនា​ស​ម្ព័​ន្ធ និង​សន្តិសុខ​បានល្អ​ប្រសើរ នឹងមាន​ភ្ញៀវ​បុក​ចូលមក​ច្រើន ដោយសារ​ការធ្វើសមាហរណកម្ម​អាស៊ាន​។​

លោក​បន្តថា​ “​សេវាកម្ម Condo-Tel ជា​សេវាកម្ម​ស្នាក់នៅ​រយៈពេល​ខ្លី និង​វែង ដែលមាន​លក្ខណៈ​គ្រួសារ ឬ​ជា​បុគ្គល ដែល​ពួកគេ​អាច​ចម្អិន​អាហារ អាច​រៀបចំ​តុបតែង​ដាក់​រូបថត ឬ​សម្ភារៈប្រើប្រាស់​នៅក្នុង​បន្ទប់​ស្នាក់នៅ​របស់​ពួកគេ ប្រៀបបី ដូច​ជា​ផ្ទះ​របស់​ពួកគេ​បាន ប៉ុន្តែ​ភ្ញៀវ​មិនអាច ​ផ្លាស់ប្តូរ​ទម្រង់​ដើម​នៃ​បន្ទប់​របស់​ពួកគេ​នោះ​ទេ​”​។

លោក​បន្តថា​ “សេវាកម្ម​នេះ​ទើប​ចាប់ផ្តើម​នៅ​កម្ពុជា ប៉ុន្តែ​វា​នឹងមាន​ការ​រីកចម្រើន​ខ្លាំង​នាពេល​អនាគត ព្រោះ​ការ​ធ្វើសមាហរណកម្ម​អាស៊ាន អាចមាន​ភ្ញៀវ​ធ្វើដំណើរ​ជា​លក្ខណៈ​គ្រួសារ ឬ​ឯកជន ពួក​គេ​ត្រូវការ​សេវា​បែបនេះ​”៕

LEAVE A REPLY

Please enter your comment!
Please enter your name here