Hattha top Banner

លោកឧកញ៉ា ចេង ខេង ៖ អ្នកមានលុយច្រើនទិញដីទុកមិនប្រាកដថាទទួលបានចំណេញនោះទេ

0

ដោយ ៖ រ៉ាវី

ភ្នំពេញ ៖ នៅពេលបច្ចុប្បន្ននេះ បើទោះជាសភាពនយោបាយហាក់នៅទ្រឹងយ៉ាងណាក៏ដោយ ក៏សកម្មភាពនៃការវិនិយោគលើវិស័យអចលនទ្រព្យ ជាពិសេសវិស័យដីធ្លី នៅតែបន្តមានភាពពុះកញ្ជ្រោលនៅតាមតំបន់មួយចំនួនដែលស្ថិតនៅជុំវិញដីក្រុងភ្នំពេញក្រោមការសម្រុកវិនិយោគពីសំណាកអ្នកមានធនធានមួយចំនួនក្នុងគោលបំណងចង់បានប្រាក់ចំណេញនៅថ្ងៃអនាគត់។ ប៉ុន្ដែអ្នកទាំងនោះហាក់នៅមានអារម្មណ៍ស្ទាក់ស្ទើរជាមួយការសម្រេចចិត្ដរបស់ខ្លួនឯងដែលមានភាពប្រថុយប្រថានមនិនច្បាស់ពីតម្រូវការ និងគម្រោងអភិវឌ្ឍ ។

 

ចំណុចនេះ ត្រូវបានលោកឧកញ៉ា ចេង ខេង អគ្គនាយកក្រុមហ៊ុនអចលនទ្រព្យកម្ពុជា ស៊ីភីអិល (CPL) លើកឡើង ការបារម្ភរបស់អ្នកទាំងនោះគឺជារឿងត្រឹមត្រូវ ប្រសិនបើពួកគាត់គ្មានជំនាញ វាអាចនឹងជួបហានិភ័យនៅថ្ងៃខាងមុខជាក់ជាមិនខាន។

 

លោកឧកញ៉ា ចេង ខេង បានលើកឡើងថា អ្នកណាក៏អាចយកលុយដែលខ្លួនមានមកវិនិយោគលើវិស័យអចលនទ្រព្យ ឬវិស័យដីធ្លីបានដូចគ្នា ប៉ុន្តែមិនប្រាកដថា អាចទទួលបានប្រាក់ចំណេញពីការវិនិយោគទាំងអស់នោះទេ បើអាចទទួលបានក៏កើតឡើងដោយការចៃដន្យតែប៉ុណ្ណោះ ប្រសិនបើអ្នកទាំងនោះគ្មានជំនាញ និងមិនបានទទួលការផ្តល់ប្រឹក្សាពីអ្នកជំនាញ និងមានបទពិសោធន៍លើវិស័យនេះ ។

 

លោកឧកញ៉ាបញ្ជាក់ថា ៖ «ជួនកាលគាត់មានលុយច្រើន អាចវិនិយោគលើវិស័យនេះបានមែន ប៉ុន្ដែគាត់មិនបានពិភាក្សាជាមួយអ្នកជំនាញ គាត់អត់ទទួលបានព័ត៌មានគ្រប់គ្រាន់ ពុំដឹងថា ទីផ្សារដីធ្លីត្រូវពង្រីកទៅកន្លែងណា ដូច្នេះគាត់ក៏មិនទទួលបានភាពជោគជ័យដែរ»។

 

អគ្គនាយកក្រុមហ៊ុន CPL រូបនេះបញ្ជាក់ថា ៖ «នៅក្នុងរយៈពេល20ឆ្នាំកន្លងទៅនេះ ខ្ញុំបាននាំអ្នកវិនិយោគលើវិស័យនេះឱ្យក្លាយជាសេដ្ឋីច្រើននាក់រួចមកហើយ។ ខ្ញុំបាននាំអ្នកដែលចូលចិត្ដវិនិយោគលើដីធ្លីឱ្យទទួលបានជោគជ័យច្រើន ទើបគេជឿជាក់លើខ្ញុំ។ ប្រសិនបើយើងឱ្យយោបល់ទៅគេនូវអ្វីដែលមិនមែនជាការពិត និយាយផ្សេង លទ្ធផលក៏នឹងចេញមកផ្សេង នោះគេនឹងមិនអាចជឿជាក់លើយើងបានទេ»។

 

លោកឧកញ៉ាបន្ដថា ៖ «ប្រសិនបើគាត់មានបំណងវិនិយោគដីធ្លីប្រាកដមែន ទោះជាមានថវិកាតិចក៏អាចវិនិយោគបានដែរ ប៉ុន្តែអ្វីដែលសំខាន់ បើពួកគាត់មិនមានជំនាញ គឺគួរតែមកពិភាក្សាជាមួយអ្នកអ្នកមានបទពិសោធន៍ដែលបម្រើសេវាកម្មវិស័យនេះ ។ អ្នកជំនាញអាចដឹងច្បាស់ថា មានថវិកាប៉ុន្មាន គួរវិនិយោគកន្លែងណា? យើងមានលុយតិចរកស៊ីតាមតិច មានលុយច្រើនរកស៊ីតាមហ្នឹង»។

 

យ៉ាងណាក៏ដោយ អ្នកជំនាញផ្នែកអចលនទ្រព្យដ៏ល្បីឈ្មោះរូបនេះបានបញ្ជាក់បន្ថែមថា ៖ បច្ចុប្បន្ននេះ មានភ្នាក់ងារអចលនវត្ថុមានច្រើនណាស់ ដែលក្នុងនោះមានភ្នាក់ងារខ្លះមានជំនាញច្បាស់ និងមានក្រមសីលធម៌ខ្ពស់ត្រឹមត្រូវ បើលោកអ្នកចង់រកស៊ីលើវិស័យនេះឱ្យទទួលបានជោគជ័យ គួរតែមានទំនាក់ទំនងជាមួយអ្នកជំនាញដើម្បីទទួលបានព័ត៌មានច្បាស់មុនពេលធ្វើការបិនិយោគ។ បើមិនដូច្នោះទេ ទោះជាអ្នកមានលុយច្រើនយ៉ាងណាក៏មិនប្រាកដថាអាចទទួលបានចំណេញលើការវិនិយោគនោះដែរ ខណៈបើអ្នកមិនមានជំនាញលើវិស័យនេះ ៕

LEAVE A REPLY

Please enter your comment!
Please enter your name here