ដោយ គង់ សូរិយា
ភ្នំពេញ៖ ស្របពេលទីផ្សារបុរីកំពុងមានភាពល្អប្រសើរ លោកឧកញ៉ាលី ហួរអគ្គនាយកបុរីវិមានភ្នំពេញ បានសម្រេចបើកការដ្ឋានសាងសង់គំរោងទី៨ នៃបុរីវិមានភ្នំពេញ ដែលមានផ្ទៃដីប្រមាណ២០ហិកតា។
ដោយ គង់ សូរិយា
ភ្នំពេញ៖ ស្របពេលទីផ្សារបុរីកំពុងមានភាពល្អប្រសើរ លោកឧកញ៉ាលី ហួរអគ្គនាយកបុរីវិមានភ្នំពេញ បានសម្រេចបើកការដ្ឋានសាងសង់គំរោងទី៨ នៃបុរីវិមានភ្នំពេញ ដែលមានផ្ទៃដីប្រមាណ២០ហិកតា។
មានប្រសាសន៍បន្ទាប់ពីពិធីបើកការដ្ឋានសាងសង់គំរោងថ្មីនេះ លោកឧកញ៉ាលី ហួរបានមានប្រសាសន៍ឲ្យដឹងនាព្រឹកថ្ងៃទី២៤ មករានេះថា គំរោងទី៨ នៃបុរីវិមានភ្នំពេញ ត្រូវបានជ្រើសរើសដាក់ឈ្មោះ “ភូមិរុងរឿង” ដើម្បីផ្តល់ឲ្យអ្នកស្នាក់នៅមានភាពជោគជ័យ និងរុងរឿងក្នុងឆាកជីវិត។ គំរោងនេះមានផ្ទះចំនួនជាង៦០០ ដែលភាគច្រើនជាប្រភេទផ្ទះវីឡាកូនកាត់ និងវីឡាទោល ដោយលក់ក្នុងតម្លៃចាប់ពីជាង១៨ម៉ឺនដុល្លារឡើងទៅ។
លោកឧកញ៉ាបានបន្តថា “ទីផ្សារបុរីនៅតែមានភាពល្អប្រសើរ ដោយបច្ចុប្បន្ននៅតែមានតម្រូវការខ្ពស់ សម្រាប់លំនៅដ្ឋានមានតម្លៃមធ្យម និងក្រោមមធ្យម ប៉ុន្តែការវិនិយោគបុរីនិមួយៗ វាអាស្រ័យលើទីតាំង និងតំបន់ជាក់លាក់”។ លោកបន្តថា “បើយើងវិនិយោគលើលំនៅដ្ឋានមានតម្លៃទាប គួរស្ថិតនៅតំបន់ណា និងវិនិយោគលើបុរីមានតម្លៃមធ្យម និងតម្លៃខ្ពសគួរស្ថិតនៅតំបន់ណា ដើម្បីធ្វើឲ្យគំរោងនោះទទួលបានជោគជ័យ”។
លោកឧកញ៉ាលី ហួរបានបន្តទៀតថា ដោយសារបុរីវិមានភ្នំពេញ ផ្តោតលើគុណភាពសំណង់ សោភ័ណភាព កេរ្ត៍ឈ្មោះ ព្រមទាំងលក្ខខ័ណ្ឌបង់ប្រាក់ពិសេស និងមានទីតាំល្អប្រសើរ ជាតំបន់ដែលមានការអភិវឌ្ឍន៍យ៉ាងឆាប់រហ័ស ដោយមានផ្សារទំនើប និងមជ្ឈមណ្ឌលពាណិជ្ជកម្មព័ទ្ឋជុំវិញ ទើបធ្វើឲ្យគំរោងនេះទទួលបានជោគជ័យតាមការចង់បានរបស់យើង។
អគ្គនាយកក្រុមហ៊ុន Century21 Mekong លោក ច្រឹក សុខនីម បានថ្លែងថា ទីផ្សារបុរីពិតជាបន្តមានភាពល្អប្រសើរ ដោយសារកំនើនសេដ្ឋកិច្ច និងការកើនឡើងប្រាក់ចំណូលរបស់ប្រជាពលរដ្ឋ ពិសេសលក្ខខ័ណ្ឌទទួលបានឥណទានកាន់តែងាយស្រួលជាងមុន បានធ្វើឲ្យប្រជាពលរដ្ឋមានលទ្ឋភាពទិញលំនៅដ្ឋានកាន់តែច្រើន ហើយបុរីដែលមានកេរ្ត៍ឈ្មោះល្អ ដូចជា បុរីប៉េង ហួត បុរីវិមានភ្នំពេញជាដើម នៅតែទទួលបានជោគជ័យក្នុងការអភិវឌ្ឍគំរោងរបស់ពួកគេ។
លោកបន្តថា “ទីផ្សារទិញលក់លំនៅដ្ឋាននៅតាមបុរីនានា ដែលក្រុមហ៊ុនរបស់លោកមានឯកទេសធ្វើការងារនេះ នៅតែលក់បានច្រើន ពិសេសលំនៅដ្ឋានថ្មីៗ ក៏ដូចជាលំនៅដ្ឋានទី២ ដែលអ្នកវិនិយោគទិញ ដើម្បីលក់បន្តយកប្រាក់ចំណេញ”៕