ដោយ ដួង ចន្រ្ទា
ភ្នំពេញ៖ ស្របពេលទីផ្សារធានារ៉ាប់រងកាន់តែមានភាពប្រសើរ ដោយសារការកើនឡើងនូវចំណូលប្រជាពលរដ្ឋ លោកឧកញ៉ាលី ហួរបានសម្រេចចូលប្រឡូកក្នុងវិស័យធានារ៉ាប់រង ដោយសហការជាមួយក្រុមហ៊ុនអន្តរជាតិចំនួន៥នៅលើពិភពលោក។
លោកឧកញ៉ាបានមានប្រសាសន៍ឲ្យដឹង នាព្រឹកថ្ងៃទី២៤ មករានេះថា លោក នឹងចាប់ផ្តើមពិធីបើកសម្ភោធក្រុមហ៊ុនធានារ៉ាប់រងលី ហួរនៅថ្ងៃទី២៩ មករាខាងមុខនេះ ប៉ុន្តែបច្ចុប្បន្នក្រុមហ៊ុនបានចាប់ផ្តើមប្រតិបត្តិការហើយ ដោយផ្តោតលើអតិថិជនចម្រុះ និងធ្វើលើ២៥រាជធានី ខេត្តទូទាំងប្រទេស។លោកបន្តថា វាជាក្រុមហ៊ុនខ្នាតធំមួយ ដែលត្រូវចំណាយទុនចុះបញ្ជីររហូតដល់៧លានដុល្លារ តាមលក្ខខ័ណ្ឌតម្រូវរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។
លោកបន្តថា “ដោយសារក្រុមហ៊ុនលី ហួរគ្រុបមានក្រុមហ៊ុនជាបុត្រសម្ព័ន្ឋច្រើន ទើបខ្ញុំបង្កើតក្រុមហ៊ុននេះឡើង ដើម្បីទ្រទ្រង់ក្រុមហ៊ុនទាំងនោះ និងចាប់យកទីផ្សារដទៃទៀត ដែលជាទីផ្សារកំពុងមានការរីកច្រើន”។លោកបន្តថា “ក្រុមហ៊ុនលី ហួរធានារ៉ាប់រង នឹងផ្តោតលើអតិថិជនចម្រុះទាំងការធានារ៉ាប់រងសុខភាព យានយន្ត ការដឹកជញ្ជូន ការធានារ៉ាប់រងលើអចលនទ្រព្យជាដើម”។
លោកឧកញ៉ា លី ហួរបានបន្តថា ប្រទេសកម្ពុជាកំពុងមានការរីកចម្រើន ហេតុនេះ ទើបលោកសម្រេចបើកក្រុមហ៊ុនលី ហួរអ៊ីនសួរិននេះឡើង ដើម្បីឆ្លើយតបនឹងតម្រូវការរបស់ប្រជាពលរដ្ឋ ជាពិសេសក្រុមហ៊ុនបានចុះកិច្ចព្រមព្រៀងជាមួយ ក្រុមហ៊ុនធានារ៉ាប់រងអន្តរជាតិចំនួន៥ ដើម្បីសហប្រតិបត្តិការគ្នានៅលើទីផ្សារអន្តរជាតិ ព្រោះវាជាច្បាប់តម្រូវផង និងជាលក្ខខ័ណ្ឌតម្រូវឲ្យមានផង ដោយសារការធានារ៉ាប់រង ត្រូវធ្វើឡើងជាលក្ខណៈបណ្តាញអន្តរជាតិ។
កំនើនសេដ្ឋកិច្ច និងប្រាក់ចំណូលប្រជាពលរដ្ឋ ព្រមទាំងការយល់ដឹងរបស់ប្រជាពលរដ្ឋប្រសើរជាងមុន បានធ្វើឲ្យក្រុមហ៊ុនធានារ៉ាប់រងលំដាប់អន្តរជាតិជាច្រើនបានឈានជើងមកកាន់ទីផ្សារកម្ពុជាជាបន្តបន្ទាប់ ក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ៕