អាជីពភ្នាក់ងារអចលនទ្រព្យ នឹងមានតម្លៃដូចអាជីពមេធាវី និងវេជ្ជបណ្ឌិត

0

ដោយ គង់ សូរិយា

ភ្នំពេញ៖ ការជ្រើសរើសអាជីពមួយ ដែលមានគុណតម្លៃពិតជាមានសារៈសំខាន់ណាស់ ក្នុងជីវិតរបស់យើង ដោយសារអាជីពនិមួយៗវាកំណត់នូវគុណតម្លៃក្នុងសង្គម និងឆាកជីវិត។

នាយិកាក្រុមហ៊ុន Century21 Cambodia អ្នកនាង Grace Rachny Fong បាន​មានប្រសាសន៍ឲ្យដឹងតាមទូរស័ព្ទ កាលពីថ្ងៃម្សិលម៉ិញនេះថា“អាជីពនេះនឹងមានអនាគតល្អ នឹងមានគុណតម្លៃដូចជា​អាជីពមេធាវី និងអាជីពជាវេជ្ជបណ្ឌិត ព្រោះអ្នកនៅក្នុងអាជីពនេះត្រូវធ្វើការជាមួ​យទាំងអ្នកទិញ និងអ្នកលក់ ហើយអ្នកណាក៏ត្រូវការលំនៅដ្ឋានដែរ”។អ្នកនាងបន្តថា “អាជីពនេះមិនត្រឹមតែធ្វើឲ្យគាត់មានលុយទេ ប៉ុន្តែក៏មានគុណតម្លៃខ្ពស់នៅក្នុងសង្គមផងដែរ”។

នៅប្រទេសជប៉ុន ពួកគេផ្តោតលើធនធានមនុស្ស ដែលមានសុច្ចរឹតភាព ដើម្បីកសាងទំនុកចិត្តក្នុងទីផ្សារ និងមានការផ្តល់សេវាកម្មលើសការរំពឹងទុក។

អ្នកនាង Grace Rachny Fong បានបានបន្តថា ហេតុនេះអ្នកចង់ធ្វើជាភ្នាក់​ងារអចលនទ្រព្យ ដែលមានគុណតម្លៃខ្ពស់ និងទទួលជោគជ័យត្រូវប្រកាន់ខ្ជាប់​នូវកត្តាសំខាន់ៗជាច្រើនរួមមាន សុច្ចរឹតភាព ភាពស្មោះ​ត្រង់ ចំណេះដឹង ជំនាញជាក់លាក់ ការប្តេជ្ញាចិត្ត និងការខិតខំប្រឹងប្រែងធ្វើការ​ដោយឆ្លាតវៃ។លោកបន្តថា អ្វីសំខាន់បន្ថែមទៀត គឺអ្នកចង់ក្លាយជាភ្នាក់ងារអចល​ន​ទ្រព្យ ត្រូវខិតខំបង្វឹកខ្លួនឯង ប៉ុន្តែសំខាន់បំផុតគឺមានសុច្ចរឹតភាព និងភាពស្មោះ​ត្រង់ ទើបទទួលបាននូវគុណតម្លៃ និងទទួលជោគជ័យក្នុងអាជីពនេះ។

អ្នកនាងបន្តថា “អតិថិជននឹងជឿជាក់លើគាត់ ប្រសិនជាគាត់មានសុច្ចរឹតភាព និងភាពស្មោះត្រង់ ប៉ុន្តែអ្នកមានចំណុចពីរនេះ ពិបាករកណាស់ ហេតុនេះខ្ញុំលើកទឹកចិត្តឲ្យអ្នកចង់ប្រឡូកក្នុងវិស័យនេះ ត្រូវគិតពីផលរយៈពេលវែង”។ អ្នក​នាងបន្តថា “ក្រៅពីចំណុចទាំងពីរខាងលើ ចំណេះដឹងផ្សេងទៀត គឺយើងអាចប ង្វឹកបាន ប៉ុន្តែសុច្ចរឹតភា ព និងភាពស្មោះត្រង់ត្រូវចេញពីខ្លួនរបស់គាត់”។

ការមានចំណេះដឹងជាតិ អន្តរជាតិ យល់ដឹងទាក់ទងពីទីផ្សារ ច្បាប់ ប្លង់អចលនទ្រព្យច្បាស់លាស់ នឹងធ្វើឲ្យអតិថិជនជឿជាក់លើគាត់ ព្រោះនៅពេលអតិថិជនជឿជាក់លើគាត់ ពួកគេនឹងមានទំនុកចិត្ត និងមានទំនាក់ទំនងល្អ ហើយ​ពេលណាម្ចាស់អចលនទ្រព្យជឿជាក់លើគាត់ ពួកគេនឹងទទួលបានជោគជ័យក្នុ​ងអាជីពនេះ។ អ្នកនាង Grace Rachny Fong បញ្ជាក់ឲ្យដឹង៕

LEAVE A REPLY

Please enter your comment!
Please enter your name here