ភ្នំពេញ៖ ការលក់ខុនដូនៅទីក្រុងភ្នំពេញ បានងើបឡើងវិញនៅក្នុងឆ្នាំនេះ ដែលធ្វើឲ្យបរិយាកាសក្នុងទីផ្សារចាប់ផ្តើមមានសញ្ញាល្អប្រសើរ ខណៈការសិក្សាថ្មីមួយបានរកឃើញថា ចំនួនខុនដូបានកើនជិតដល់ ៥០,០០០យូនីត។
យោងតាមការសិក្សារបស់ក្រុមហ៊ុនប៊ុណ្ណារៀលធីគ្រុប ដែលទើបបង្ហាញរបាយការណ៍កាលពីពេលថ្មីៗនេះបានរកឃើញថា ការលក់ខុនដូបានកើនពី៦០ភាគរយ មកដល់៦១ភាគរយនៅដំណាច់ឆមាសទី១ឆ្នាំនេះ ស្របពេលចំនួនខុនដូបានកើនពី១២១ និងមានផ្ទះសរុបចំនួន៤៣,៦០៤យូនីត ដល់១២៥គំរោង និងមានផ្ទះចំនួន៤៧, ៧០៤យូនីតក្នុងឆមាសទី១ឆ្នាំនេះ ធៀបរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ មានន័យថាក្នុងរយៈពេល៦ខែដើមឆ្នាំនេះ ចំនួនខុនដូបានកើនឡើងតែ៤គំរោងប៉ុ ណ្ណោះ ក្នុងនោះបីគំរោងស្ថិតនៅខេត្តព្រះសីហនុ និងមួយគំរោងនៅទីក្រុងភ្នំពេញ។
ការសិក្សាដដែលបានរកឃើញផងដែរថា ទន្ទឹមនឹងនោះតំលៃខុនដូក៏បានកើនឡើងផងដែរ ដោយឆមាសទី១កាលពីឆ្នាំមុន តំលៃខុនដូគិតជាមធ្យមក្នុងមួយម៉ែត្រការ៉េមានតំលៃចន្លោះពី១៩៣៩ ទៅ២២៩១ដុល្លារ ដល់២០៨៥ទៅ២៥៥០ដុល្លារក្នុងមួយម៉ែត្រការ៉េ។
-->
ការសិក្សានេះបានរកឃើញថា គំរោងដែលបញ្ចប់ការសាងសង់ឆ្នាំនេះមានប្រមាណ១៧ភាគរយ កើនឡើង១ភាគរយធៀបរយៈពេលដូចគ្នាកាលពីឆ្នាំមុន ហើយខុនដូ ដែលបញ្ចប់ការសាងសង់ភាគច្រើននៅឆ្នាំ២០១៩ និងឆ្នាំ២០២០ខាងមុខនេះ។
យោងតាមការសិក្សារបស់ក្រុមហ៊ុន Urban living solutions ដែលបានបញ្ចប់នាពេលថ្មីៗនេះបានរកឃើញថា កំនើនប្រជាសាស្ត្រនៅក្នុងទីក្រុងនឹងកើនឡើងដល់៤លាននាក់នៅឆ្នាំ២០៣០ ការកកស្ទះចរាចរណ៍ ការកើនឡើងនូវបច្ចេកវិទ្យាសម្រាប់ជីវិតមនុស្សសម័យថ្មី និងចរន្តនៃយុវជនវ័យក្មេងកាន់តែច្រើន ពួកគេនឹងសម្រេចចិត្តរស់នៅតាមខុនដូកាន់តែច្រើននាពេលនោះ។

លោកឧកញ៉ា សៀ រិទ្ឋី ប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន World Bridge Group បានថ្លែងថា នៅពេលបច្ចុប្បន្នប្រជាពលរដ្ឋរស់នៅក្រុងភ្នំពេញ បូកទាំងអ្នករស់នៅតាមបណ្តាខេត្ត ដែលចេញចូលរាជធានីរាល់ថ្ងៃមានប្រមាណ៣លាននាក់ ហេតុនេះនៅឆ្នាំ២០៣០លោកគិតថា ចំនួនប្រជាពលរដ្ឋនឹងកើនដល់៥លាននាក់នៅក្រុងភ្នំពេញ។ លោកបន្តថា ការវិនិយោគខុនដូរបស់លោក ដោយសារលោកសម្លឹងឃើញចរន្តនៃការអភិវឌ្ឍសេដ្ឋកិច្ច សង្គម ព្រោះនៅពេលប្រទេសរីកចំរើនដីឡើងថ្លៃ ប្រជាពលរដ្ឋនឹងសម្រេចចិត្តរស់នៅតាមខុនដូ ដោយសារការកកស្ទះចរាចរ ការកើនឡើងនូវតំលៃដីធ្លី និងលំនៅដ្ឋាន។
លោកបន្តថា “ខ្ញុំមិនព្រួយបារម្ភពីការផ្គត់ផ្គង់ទេ ព្រោះពេលនិយាយពីខុនដូត្រូវនិយាយពីទីតាំង និង lifestyle ព្រោះខុនដូរបស់ខ្ញុំគឺលក់ lifestyle មិនមែនលក់តែបន្ទប់គេងទេ។លោកបន្តថា “ដោយនាំមកនូវអ្នកវិនិយោគដែលមានជំនាញ និងបទពិសោធន៍ខ្ពស់ ខុនដូ The Bridge ជាខុនដូគំរូមួយ ដែលលក់បានជោគជ័យក្នុងរយៈពេលតែបីបួនខែប៉ុណ្ណោះ។

លោក សន សៀប អគ្គនាយកក្រុមហ៊ុន Key Real Estate បានថ្លែងថា កន្លងមកមានការព្រួយបារម្ភថា ទីផ្សារខុនដូលើសតម្រូវការ ប៉ុន្តែបើមើលពីនិន្នានិងតម្រូវការជាក់ស្តែងក្នុងទីផ្សារ និងការផ្គត់ផ្គង់ខុនដូជាក់ស្តែង ចំនួនខុនដូដែលបានដាក់ចូលទីផ្សារមិនលើសតម្រូវការនោះទេ៕