ដោយ គង់ សូរិយា
ភ្នំពេញ៖ ក្រុមហ៊ុនជប៉ុនមួយឈ្មោះ WTC Phnom Penh បានសម្រេចចិត្តបោះទុនវិនិយោគ ៦៥លានដុល្លារ ដើម្បីសាងសង់មជ្ឈមណ្ឌលពាណិជ្ជកម្មលំដាប់ពិភពលោកនៅទីក្រុងភ្នំពេញ។
ដោយ គង់ សូរិយា
ភ្នំពេញ៖ ក្រុមហ៊ុនជប៉ុនមួយឈ្មោះ WTC Phnom Penh បានសម្រេចចិត្តបោះទុនវិនិយោគ ៦៥លានដុល្លារ ដើម្បីសាងសង់មជ្ឈមណ្ឌលពាណិជ្ជកម្មលំដាប់ពិភពលោកនៅទីក្រុងភ្នំពេញ។
អគ្គនាយកក្រុមហ៊ុន WTCPP លោក KAZUYA URATA បានមានប្រសាសន៍ឲ្យដឹង នៅការិយាល័យរបស់លោកនាព្រឹកថ្ងៃទី២៥ មករានេះថា ពេលមកដល់ក្រុងភ្នំពេញ លោកគ្រោងនឹងជួយបណ្តុះបណ្តាលជនជាតិខ្មែរឲ្យចេះសាងសង់អាគារខ្ពស់ៗប៉ុណ្ណោះ ប៉ុន្តែពេលមកដល់ទីក្រុងភ្នំពេញ លោកឃើញមានជនជាតិជប៉ុនច្រើនមកវិនិយោគ និងរស់នៅកម្ពុជា និងមើលឃើញថា នៅទីក្រុងភ្នំពេញ មិនទាន់មានមជ្ឈមណ្ឌលពាណិជ្ជកម្មតាមស្តង់ដាជប៉ុននៅឡើយ ទើបលោកវិនិយោគគំរោងនេះឡើង ដើម្បីផ្តល់នូវអ្វីជាស្តង់ដាជប៉ុន សម្រាប់អ្នកវិនិយោគជប៉ុនរស់នៅទីនេះ។
លោកបន្តថា “មជ្ឈមណ្ឌល World Trade Center Phnom Penh នឹងធ្វើឡើងតាមស្តង់ដាជប៉ុន និងគុណភាពជប៉ុន ហើយគំរោងនេះមានកំពស់២៣ជាន់ ដែលនឹងចាប់ផ្តើមសាងសង់ពីខែមេសា ឆ្នាំ២០១៨ និងគ្រោងបញ្ចប់នៅខែមេសាឆ្នាំ២០២១”។ លោកបន្តថា “គោលដៅធំរបស់ខ្ញុំ គឺជួយបណ្តុះបណ្តាលជនជាតិខ្មែរ ឲ្យមានសមត្ថភាពសាងសង់អាគារខ្ពស់ៗ”។
គំរោង WTC Phnom Penh ស្ថិតនៅលើផ្លូវ៤៣០ សង្កាត់ទួលទំពូងទី២ ខ័ណ្ឌចំការមក ក្រុងភ្នំពេញ។ គំរោងនេះសាងសង់នៅលើផ្ទៃដី៣៣០០ម៉ែត្រការ៉េ និងផ្ទៃអាគារទាំងមូលមានទំហំ ៤៣,០០០ម៉ែត្រការ៉េ។
អាគារ WTC Phnom Penh មានកំពស់ ២៣ជាន់ ដោយមានចំណតយានយន្តក្រោមដី៤ជាន់ និងចាប់ពីជាន់ទី១ដល់ជាន់ ទី៤ ជាហាងលក់ទំនិញ ចាប់ពីជាន់ទី៥ដល់ជាន់ទី១០ជាទីតាំងការិយាល័យ និងចាប់ពី ជាន់ទី១១ ដល់ជាន់ទី២៣ ជាសណ្ឋាគារកម្រិតផ្កាយ៤.៥ ចំនួន២២០បន្ទប់។
លោក KAZUYA URATA បានបន្តថា វិស័យអចលនទ្រព្យនៅកម្ពុជានឹងមានភាពរីកចម្រើនបន្តទៀតនាពេលអនាគត ដោយសារកំនើនសេដ្ឋកិច្ច ប្រាក់ចំ ណូលកើនឡើងរបស់ប្រជាពលរដ្ឋខ្មែរ ក៏ដូចជាកត្តាមួយចំនួនទៀតដូចជា ទី១ ប្រទេសកម្ពុជាចាយប្រាក់ដុល្លារ ជាមូលដ្ឋានដ៏ល្អដែលផ្តល់ទំនុកចិត្តដល់អ្នកវិនិយោគ ហើយកំរ៉ប្រទេសណាចាយប្រាក់ដុល្លារទូលំទូលាយបែបនេះណាស់ ទី២ ការផ្ញើរសាច់ប្រាក់ពីកម្ពុជា ទៅបរទេសមានភាពងាយស្រួល និងទី៣ កម្ពុជាផ្តល់សិទ្ឋឲ្យជនជាតិបោះទុន១០០ភាគរយ លើក្រុមហ៊ុនរបស់ខ្លួនឯងបាន។
គំរោង WTC Phnom Penh សាងសង់ដោយក្រុមហ៊ុន URATA S.E Cambodia Co, Ltd, និងវិនិយោគដោយ WTCPP Management Co., Ltd។
អគ្គនាយកក្រុមហ៊ុន Century21 Mekong លោកច្រឹក សុខនីមបានថ្លែងថាគំរោងបែបនេះ ពិតជាល្អប្រសើរ និងសមស្របនឹងទីតាំងរបស់គាត់ ហើយលោកគិតថា វានឹងទទួលបានជោគជ័យ ព្រោះមុនសម្រេចចិត្តវិនិយោគអ្វីមួយ អ្នកវិនិយោគជប៉ុនសិក្សាច្បាស់លាស់ណាស់ពីទីផ្សារ ពីទិដ្ឋភាពផ្លូវច្បាប់ ក៏ដូចជាសក្តានុពលនៃគម្រោងវិនិយោគរបស់ពួកគេ។
លោកបន្តថា “ទួលទំពូងបច្ចុប្បន្ន បានក្លាយជាតំបន់កណ្តាលក្រុងទៅហើយ ហេតុនេះគំរោងនេះ មិនចោទជាបញ្ហានោះទេ”៕