ដោយ ដែន ចែងចាំង
ភ្នំពេញ៖ ក្រុមហ៊ុន Century21 Mekong បានសម្រេចផ្តល់រង្វាន់លើកទឹកចិត្តដល់បុគ្គលិកឆ្នើមរបស់ខ្លួន ដែលបានលក់អចលនទ្រព្យដាច់ច្រើនជាងគេនៅឆ្នាំ២០១៧។
អគ្គនាយកក្រុមហ៊ុន Century21 Mekong លោកច្រឹក សុខនីមបានថ្លែងឲ្យដឹងតាមទូរស័ព្ទនៅរសៀលថ្ងៃទី២៥ មករានេះថា នេះជាលើកទី១ហើយ ដែលក្រុមហ៊ុនសម្រេចផ្តល់រង្វាន់ លើកទឹកចិត្តដល់បុគ្គលិកឆ្នើមរបស់ខ្លួន ដែលបានលក់ អចលនទ្រព្យដាច់ច្រើនជាងគេ នូវពានរង្វាន់ ប័ណ្ណសរសើរ និងផ្តល់ឳកាសធ្វើដំណើរកំសាន្តទៅកាន់កោះតៃវ៉ាន់។ បុគ្គលិកឆ្នើមទាំងពីររូបនោះ គឺអ្នកនាងប្រេង ចាន់រ៉ា និងលោកច្រឹក សុខនៅ ជាបុគ្គលិកដែលបានធ្វើការបានសកម្ម និងល្អជាងគេ។
លោកបន្តថា “ក្រុមហ៊ុន Century21 Mekong មានឯកទេសខាងការលក់លំនៅដ្ឋាននៅតាមបុរីទាំងលំនៅដ្ឋានថ្មីៗ និងលំនៅដ្ឋានទី២ ដែលអ្នកវិនិយោគទិញលក់យកចំណេញ ហើយចង់លក់ត្រលប់ទៅម្ចាស់ទី២។នេះជាចំណុចពិសេស និងជាឯកទេសរបស់យើង”។
ក្រុមហ៊ុន Centyr21 Mekong បានចាប់ផ្តើមពីពាក់កណ្តាលឆ្នាំ២០១៥ និងបានពង្រីកបុគ្គលិកពី៤នាក់ រហូតដល់៥៦នាក់នាពេលបច្ចុប្បន្ននេះ៕