ដោយ ដួង ចន្រ្ទា
ភ្នំពេញ៖ សមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា (CVEA)នឹងរៀបចំដំណើរទស្សនកិច្ចសិក្សាទៅកាន់ខេត្តព្រះសីហនុ ដើម្បីបង្កើនមិត្តភាព កិចសហប្រតិបត្តិការ ក៏ដូចជាទស្សនកិច្ចគំរោងអចលនទ្រព្យមួយចំនួន ដូចជាគំរោងខុនដូ Sea Gate Suite តម្លៃ២០០លានដុល្លារអាមេរិក។

ដំណើរទស្សនកិច្ចសិក្សានេះ មានការចូលរួមពីសមាជិក CVEA ប្រមាណជិត១០០នាក់ ដែលនឹងចាប់ផ្តើមពីថ្ងៃទី ២៧ ដល់ ២៨មករាខាងមុខនេះ។
-->
អនុប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជាលោកស្រី តាំង ហួរ បានមានប្រសាសន៍ឲ្យដឹងតាមទូរស័ព្ទនារសៀលថ្ងៃទី២៥ មករាកន្លងមកថា ដំណើរទៅកាន់ខេត្តព្រះសីហនុ របស់ថ្នាក់ដឹកនាំ និងសមាជិកសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា ជាដំណើរបែបទស្សនកិច្ចសិក្សា និងចូលរួមផ្សព្វផ្សាយលក់គំរោងខុនដូប្រណីត Sea Gate Suite ដោយសារអ្នកអភិវឌ្ឍន៍គំរោងនេះក៏ជាសមាជិករបស់ CVEA ផងដែរ។
លោកស្រីបន្តថា “អ្វីពិសេសនៃដំនើរទស្សនកិច្ចសិក្សានេះ ជាការបង្កើនមិត្តភាព ផ្លាស់ប្តូរបទពិសោធន៍គ្នា ក៏ដូចជាពង្រីកបណ្តាញជំនួញរវាងគ្នានិងគ្នាឲ្យកាន់តែល្អប្រសើរមួយកម្រិតទៀត”។
លោកស្រីបន្តថា “ការពង្រីកជំនួញ ពិសេសការលក់អចលនទ្រព្យដោយបង្កើតជាបណ្តាញ និងជួយគ្នាទៅវិញទៅមកមានសារៈសំខាន់ណាស់ ដើម្បីជំរុញការរីកចម្រើនក្នុងវិស័យនេះ”។ លោកស្រីបន្តថា “តាមរយៈដំណើរទស្សនកិច្ចនេះ អ្នកក្នុងសមាគមនេះ ក៏មានឳកាសបង្ហាញ និងលក់អចលនទ្រព្យ ពិសេសគំរោងខុនដូប្រណីត និងតម្លៃសមស្របរបស់ Sea Gate Suite ផងដែរ”។

អំពីគំរោង Sea Gate Suite
គំរោង Sea Gate Suite ស្ថិតនៅឆ្នេរជ័យជំនះ ក្នុងសង្កាត់មិត្តភាព ខ័ណ្ឌមិត្តភាព ខេត្តព្រះសីហនុ។
លោក សូត្រ សារ៉ន ប្រធានផ្នែកនៃគម្រោង Sea Gate Suite បានមានប្រសាសន៍ឲ្យដឹងថា គំរោងនេះមានកំពស់៤៥ជាន់ ជាអាគារខុនដូខ្ពស់ជាងគេនៅក្នុងខេត្តព្រះសីហនុ ដែលកំពុងរីកចម្រើនយ៉ាងឆាប់រហ័សនេះ។ គំរោងនេះលក់ក្នុងតម្លៃចន្លោះពី២០០០ ទៅ៣០០០ដុល្លារក្នុងមួយម៉ែត្រការ៉េ ហើយការលក់លំនៅដ្ឋានក្នុងគំរោងនេះ ទទួលបានជោគជ័យយ៉ាងឆាប់រហ័សបន្ទាប់ពីប្រកាសលក់ជាផ្លូវការមក។
លោកបន្តថា ជាន់ទី១នៃគំរោងនេះផ្សារទំនើប និងចាប់ពីជាន់ទី១ដល់ទី៦ ជាចំណតយានយន្ត ជាន់ទី៨ ជាទីតាំងសម្រាប់អាងហែលទឹក កន្លែងហាត់ប្រាណ ចាប់ពីជាន់ទី៩ដល់ជាន់ទី១៥ជាសណ្ឋាគារកម្រិតផ្កាយ៥អន្តរជាតិ និងចាប់ពី ជាន់ទី១៦ដល់ជាន់ទី៤៥ ជាលំនៅដ្ឋានប្រណីត។
គំរោងខុនដូប្រណីតនេះ នឹងបញ្ចប់ការសាងសង់នៅចុងឆ្នាំ២០២០ខាងមុខនេះ៕









