ដោយ ដួង ចន្រ្ទា
ភ្នំពេញ៖ មានហេតុផលចំនួនបួន ស្ថិតនៅពីក្រោយការចាប់ផ្តើមសាងសង់អាគារកំពស់៤២ជាន់ Gold Tower42 ឡើងវិញ ជាអាគារដែលបានផ្អាកការសាងសង់អស់រយៈពេលជិត១០ឆ្នាំ។
ដោយ ដួង ចន្រ្ទា
ភ្នំពេញ៖ មានហេតុផលចំនួនបួន ស្ថិតនៅពីក្រោយការចាប់ផ្តើមសាងសង់អាគារកំពស់៤២ជាន់ Gold Tower42 ឡើងវិញ ជាអាគារដែលបានផ្អាកការសាងសង់អស់រយៈពេលជិត១០ឆ្នាំ។
ឥឡូវនេះ ក្រុមហ៊ុនវិនិយោគ YUNWOO Cambodia សហការជាមួយក្រុមហ៊ុន Hongtao Decoration Co.,Ltd និង H T W M Engineering Cambodia Co., Ltdកាលពីថ្ងៃម្សិលម៉ិញ ប្រកាសបើកឲ្យដំណើរការសាងសង់អគារ៤២ជាន់ឡើងវិញ ដែលបោះទុនវិនិយោគក្នុងរង្វង់ ទឹកប្រាក់ប្រមាណ២៤០លានដុល្លារសហរដ្ឋអាមេរិក ។
លោក Liu Nianxin អគ្គនាយកក្រុមហ៊ុន Hongtao Decoration Co., Ltd និង HTWM Engineering Cambodia Co,Ltd បានលើកឡើងក្នុងពិធីប្រកាសបើកការដ្ឋានសាងសង់អាគារ Gold Tower42ឡើងវិញកាលពីថ្ងៃម្សិលម៉ិញនេះថា ការសម្រេចចិត្តដាក់ទុនវិនិយោគបន្ត លើគម្រោងអគារ៤២ជាន់ គឺមានចំនុចសំខាន់៤ ដូចជា ទី១ ក្រុមហ៊ុន Hongtao មានបទពិសោធន៍ក្នុងរយៈពេលជាង៣០ឆ្នាំ ទៅលើគម្រោងសាងសង់អគារខ្ពស់ៗ ដែលល្បីៗបំផុតក្នុងប្រទេសចិន។ ទី២ គោលនយោបាយផ្លូវមួយ ខ្សែក្រវ៉ាត់មួយ ដែលជាគោលការណ៍របស់ប្រទេសចិន ដែលលោកជឿជាក់ថា គោលការណ៍ខាងលើនេះ នឹងធ្វើឲ្យអគារ៤២ជាន់សម្រេចបានជោគជ័យ។
ទី៣ទីតាំងអគារ៤២ជាន់នេះជាទីតាំងមានហាងឆេងល្អ ស្ថិតនៅចំកណ្តាលរាជធានីភ្នំពេញ និងស្ថិតនៅទីប្រជុំរវាងមហាវិថីធំៗចំនួនពីរ គឺមហាវិថីព្រះមុនីវង្ស និងមហាវិថីព្រះសីហនុ និងជាតំបន់ពាណិជ្ជកម្មកណ្តាលរាជធានីភ្នំពេញ។ និងទី៤.សំណង់អគារ៤២ជាន់នេះរឹងមាំ និងមានគុណភាពខ្ពស់ស្របតាមស្តង់ដាអន្តរជាតិ។
លោក Liu Nianxin បានបន្តថា “ខ្ញុំសោកស្តាយមែនទែន នៅពេលឃើញអគារមួយនេះត្រូវបានគេបោះបង់ចោល ដូចនេះទើបក្រុមហ៊ុនរបស់លោកត្រឡប់មកសហការគ្នា ដើម្បីសាងសង់អគារនេះឡើងវិញ ជាពិសសរំពឹងខ្ពស់ថា ក្រុមហ៊ុនទាំងពីរនឹងអាចរកបា្រក់កំរៃយ៉ាងច្រើនពីអគារមួយនេះ”។
លោក Kim Tae Yeon អគ្គនាយកក្រុមហ៊ុន YUNWOO CAMBODIA Co.,LTD បានថ្លែងឲ្យដឹងថា ក្រុមហ៊ុនបានបន្ថែមទុន១៤០លានដុល្លារលើគម្រោងGolden Tower មួយនេះ បន្ទាប់ពីបានបោះទុនចំនួន១០០លានដុល្លាររួចមកហើយ។លោកបន្តថា បន្ទាប់ពីអគារ Gold Tower 42 នេះសម្រេចការសាងសង់ជាស្ថាពរ វានឹងក្លាយជាសមិទ្ធផលអគារពាណិជ្ជកម្មថ្មីមួយទៀត ស្ថិតនៅកណ្តាល រាជធានីភ្នំពេញ ដែលនេះជាការឆ្លុះបញ្ចាំងពីការអភិវឌ្ឍរីកចម្រើន ព្រមទាំងបានរួមចំណែកក្នុងកំណើនសេដ្ឋកិច្ចកម្ពុជាតទៅអនាគត ។
លោកឧបនាយករដ្ឋមន្រី្ត យឹម ឆៃលី ប្រធានក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្មកម្ពុជា ដែលអញ្ជើញជាអធិបតីក្នុងពិធីបានថ្លែងថា ក្នុងរាជរដ្ឋាភិបាលកម្ពុជា និងក្នុងនាមក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ សូមអបអរសាទរជាមួយក្រុមហ៊ុនទាំងពីរ ដែលបានចាប់ដៃគ្នារវាងក្រុមហ៊ុនចិន និងកូរ៉េ ដើម្បីកសាងអគារ៤២ជាន់នេះឲ្យទទួលបានជោគជ័យ នេះជាចំនុចមួយដ៏ល្អប្រសើរ។
លោកបន្តថា “នេះជាឱកាសមួយដ៏ល្អ ដែលក្រុមហ៊ុនទាំងពីរបានសម្រេចចិត្តវិនិយោគ ហើយពង្រីកការវិនិយោគដ៏ធំមួយ ដើម្បីសាងសង់អគារ៤២ជាន់ នៅលើទឹកដីកម្ពុជា នាកណ្តាលរាជធានីភ្នំពេញ”។ លោកបន្តថា “នេះសបញ្ជាក់ឲ្យឃើញថា ក្រុមហ៊ុនទាំងពីរមានជំនឿជឿជាក់យ៉ាងរឹងម៉ាំ មកលើរដ្ឋាភិបាលកម្ពុជា ក្នុងការដឹកនាំប្រទេសក៏ដូចជាក្នុងការ ការពារនូវសុខសន្តិភាព និងបរិស្ថានអំណោយផលយ៉ាងសំបូរបែប”៕