ដំណឹងល្អ៖ Rosewood នឹងបើកដំណើរការនៅចុងខែកុម្ភៈខាងមុខនេះ

0

ដោយ គង់ សូរិយា

ភ្នំពេញ៖ ដំណឹងល្អៈសណ្ឋាគារ Rosewood កម្រិតផ្កាយប្រាំលំដាប់ពិភពលោក នឹងបើកដំណើរការនៅទីក្រុងភ្នំពេញ នាថ្ងៃទី២៨ កុម្ភៈខាងមុខនេះហើយ បន្ទាប់ពីការបណ្តុះបណ្តាលបុគ្គលិករបស់ខ្លូនបានដោយជោគជ័យ។

សណ្ឋាគារ Rosewood ដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិកនេះនឹងបើក​ដំណើរការនៅផ្នែកនៃជាន់ខាងលើអាគារ Vattanac Capital ដែលជាអាគារដ៏ទាក់ទាញ និងទទួលបានពានរង្វាន់ជាច្រើននៅទីក្រុងភ្នំពេញ។

អ្នកនាង Hanny Wahyuni Gunawan នាយកផ្នែកទំនាក់ទំនងនៃសណ្ឋាគារ Rosewood នៅកម្ពុជា បានថ្លែងឲ្យដឹងតាមអ៊ីម៉េលកាលពីពេលថ្មីៗនេះថា សណ្ឋា​គារនេះមានបន្ទប់ចំនួន១៧៥ ក្នុងនោះមានបន្ទប់បែបVIPចំនួ​ន៣៧បន្ទប់ ដែលរចនាដោយគោរពតាមបរិបទវប្បធ៌មកម្ពុជា ដែលបន្ទប់និមួយៗអាចគយ​គន់ទេ​ស​ភាពក្រុងភ្នំពេ​ញបាន។ អ្នកនាងបន្តថា កម្ពុជាជាទីតាំងដែលមានសក្តានុពល​សម្រាប់វិស័យទេសច​រណ៍ ដែលកំពុងមានការកើនឡើងនៅប្រទេសនេះ ហើយការ​មកដល់នូវសេវាកម្ម ដែលមានកេរ្ត៍ឈ្មោះល្បីៗពីបរទេសកាន់តែច្រើននឹងជួយលើកមុខមាត់ប្រទេ​សនេះ ស្របពេលហេដ្ឋារចនាសម្ព័ន្ឋ និងការតភ្ជាប់ផ្លូវអាកាសកាន់តែ​មានភាពប្រសើរឡើង។

សណ្ឋាគារនេះ ត្រូវបាននាំមកដោយអ្នកវិនិយោគអចលនទ្រព្យកម្ពុជា គឺក្រុមហ៊ុន Vattanac Properties និងគ្រប់គ្រងដោយ Rosewood ភ្នំពេញ។

អ្នកនាង Hanny Wahyuni Gunawan បានបន្តថា “ឧស្សាហកម្មសណ្ឋាគារ​ក្នុងប្រទេសកម្ពុជាកំពុងមានការរីកចំរើន ដែលធ្វើឲ្យអត្រាប្រើប្រាស់បន្ទប់នៅតែមាន​ការកើនឡើង”។អ្នកនាងបន្តថា “ការចូលមកដល់នូវអចលនទ្រព្យ ដែលមានភា​ពស៊ីវិល័យកំពុងត្រូវបានពង្រីក នៅតាមផ្នែកមួយចំនួននៅរាជធានីភ្នំពេញ និងខេត្តសៀមរាប ដែលនឹងរួមចំណែកធ្វើឲ្យប្រទេសនេះ លេចមុខលេចមាត់លើការធ្វើ​ដំនើរ និងស្តង់ដាបដិសណ្ឋារកិច្ចកាន់តែមានកម្រិតខ្ពស់”។

បន្ទប់សណ្ឋាគារ និងរមណីយដ្ឋាន Rosewood មានតំលៃចាប់ពី២៥០ដុល្លារឡើងទៅ ដោយមិនរួមបញ្ចូលនូវពន្ឋនៅឡើយទេ។

Rosewood មានទំនុកចិត្តចំពោះទីផ្សារនេះ ហើយក្រុមហ៊ុនអភិវឌ្ឍន៍អចល នទ្រព្យកម្ពុជា Vattanak Capital នឹងដំណើរការសណ្ឋាគារ Rosewood &Resorts នៅខេត្ត​សៀមរាបក្នុងឆ្នាំ២០១៩ខាងមុខនេះផងដែរ។

លោកហូ វណ្ឌីទីប្រឹក្សាសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជាបានថ្លែ​ងថា ការមកដល់នូវសណ្ឋាគារ Rosewood ជាការបង្ហាញនូវជំនឿទុកចិត្ត និង​ការសម្លឹ​ង​មើលឃើញសក្តានុពល និងការមានអតិថិជនក្នុងដៃស្រាប់របស់អ្នកវិនិយោគ ហើយការចូលមកវិនិយោគនៅកម្ពុជា ឆ្លុះបញ្ចាំងពីស្ថិរភាពនយោបាយ បរិ​យាកាសវិនិយោគនៅកម្ពុជាកាន់តែល្អប្រសើរ និងច្បាប់វិនិយោគនៅកម្ពុជាកាន់តែ​មានភាពទាក់ទាញ។

លោកបន្តថា “ការប្រកួតប្រជែងតែងតែមាន ប៉ុន្តែនៅរាជធានីភ្នំពេញម្ចាស់អចលនទ្រព្យនានា បានគោរពនូវក្រមសីលធ៌មវិជ្ជាជីវៈ ខុសពីក្រុងសៀមរាបដែលការប្រកួតប្រជែងធ្វើឡើងដោយមិនសូវមានសីលធ៌ម”។

លោកហូ វណ្ឌីបានបន្តថា “ការមកដល់របស់ Rosewood នឹងទាក់ទាញភ្ញៀវទេសចរណ៍បរទេសមកទស្សនាកម្ពុជាបន្ថែមទៀត”។លោកបន្តថា “យើង​គួរតែមានមោទនភាព និងរីករាយ ប៉ុន្តែអ្វីសំខាន់គឺយើងមិនត្រឹមតែឲ្យភ្ញៀវទេសចរណ៍ ត្រឹមតែមកឃើញកម្ពុជាទេ សំខាន់គឺត្រូវឲ្យគេស្គាល់ ដើម្បីពួកគេមកកម្ពុជាម្តង​ហើយម្តងទៀត”។

ប្រធានសមាគមទេសចរណ៍អាស៊ីប៉ាស៊ីហ្វិកលោកធួន ស៊ីណានបានថ្លែងស្រដៀងគ្នាថា ការមកដល់នៃសណ្ឋាគារនេះ វាមានសញ្ញាវិជ្ជមានជាច្រើនដែលធ្វើឲ្យមានទំនុកចិត្តថែមទៀត ដល់អ្នកទេសចរណ៍ និងអ្នកវិនិយោគអន្តរជាតិនានាមកលើប្រទេសកម្ពុជា ដែលបានសម្រេចនូវសន្តិភាព សុវត្ថិភាព ស្ថិរភាពនយោបាយនៅកម្ពុជា។ លោកបន្តថា មានប្រទេសមួយចំនួនបានផ្តល់ដី ដល់ក្រុមហ៊ុនអន្តរជាតិបែបនេះ ដើម្បីឲ្យពួកគេមកវិនិយោគនៅប្រទេសរបស់ពួកគេ ព្រោះវាផ្តល់ផលប្រយោជន៍ច្រើនដល់ប្រទេសរបស់ខ្លួន។

លោកបន្តថា “ការមកដល់នៃ Rosewood វាជាសក្ខីភាពនៃការរីកចម្រើននិងទំនុកចិត្តនៃទីផ្សារកម្ពុជា ដល់ភ្ញៀវទេសចរណ៍អន្តរជាតិ និងអ្នកវិនិយោគ”។លោក​បន្តថា “ការមកដល់របស់ Rosewood នឹងបង្កើនកំនើនភ្ញៀវទេសចរណ៍ និងអ្នក​វិនិយោគអន្តរជាតិមកទស្សនាកម្ពុជាកាន់តែច្រើនថែមទៀត”៕

LEAVE A REPLY

Please enter your comment!
Please enter your name here