ដោយ ៖ រ៉ាវី
ភ្នំពេញ៖ យ៉ាងយូរបំផុតនៅត្រឹមចុងខែមីនា ឆ្នាំ២០១៨ ឆាប់ៗខាងមុខនេះ គម្រោងស្ថាបនា និងពង្រីកផ្លូវរថភ្លើងល្បឿនលឿន ចេញពីកណ្តាលរាជធានីទៅកាន់ព្រលានយន្តហោះអន្តរជាតិភ្នំពេញ នឹងត្រូវបានបញ្ចប់ជាស្ថាពរ ខណៈដែលការដាក់ដំណើរការសាកល្បង លើការដឹកជញ្ជូននឹងត្រូវធ្វើឡើងមុនថ្ងៃបុណ្យចូលឆ្នាំខ្មែរ។
តាមគម្រោងរបស់ក្រសួងសាធារណៈការ និងដឹជញ្ជូន និងអនុវត្តន៍ដោយ មន្ទីរសាធារណៈការ និងដឹកជញ្ជូន រួមជាមួយនឹងសាលារាជធានីភ្នំពេញ ជាអ្នកទទួលបន្ទុកនោះ គិតមកដល់ត្រឹមថ្ងៃទី១ ខែកុម្ភៈនេះ ការស្ថាបនាផ្លូវដែកសម្រាប់រថភ្លើងល្បឿនលឿន សម្រេចបានប្រមាណ៦០ភាគរយហើយ។
លោក ស៊ាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណៈការ និងដឹជញ្ជូន រាជធានីភ្នំពេញបានប្រាប់ឱ្យដឹងនាព្រឹកថ្ងៃទី១ កុម្ភៈនេះថា តាមរយៈការខិតខំពន្លឿនការស្ថាបនា និងពង្រីកផ្លូវដែក សម្រាប់រថភ្លើងល្បឿនលឿន ដែលត្រូវឆ្លងកាត់សង្កាត់កាកាបទី១ ក្បែររបងវត្តតាំងកសាង ដែលស្ថិតក្នុងខណ្ឌពោធិ៍សែនជ័យ គឺអាចសម្រេចបានជាស្ថាពរ ដូចទៅនឹងការគ្រោងទុក ឬអាចលឿនជាងក៏អាចថាបាន ព្រោះជាក់ស្ដែងពេលនេះ យើងសម្រេចបានប្រមាណ៦០ភាគរយរួចទៅហើយនោះ ។
លោកបានបន្តទៀតថា“ការពង្រីកនេះមានទំហំចាប់ពី៧ម៉ែត្រ ទៅ១៤ម៉ែត្រ ដោយចាក់បេតុង នៅក្នុងផែនការចម្ងាយផ្លូវ១៤៩៥។
នៅត្រឹមខែមីនាខាងមុខនេះ រថភ្លើងល្បឿនលឿន ដែលត្រូវបានទិញយកមកពីប្រទេសម៉ិចស៊ិកចំនួន៣គ្រឿង នឹងត្រូវយកមកដល់កម្ពុជា ដើម្បីដាក់ឱ្យដំណើរ ហើយជាការសាកល្បងចំនួន៣ខែដំបូង នឹងបើកបម្រើសេវាយ៉ាងទូលាយ ដោយមិនតម្រូវឱ្យអ្នកដំណើរបង់ប្រាក់នោះឡើង ខណៈដែលការធ្វើដំណើរចាកចេញពីស្ថានីយរថភ្លើងរាជធានីភ្នំពេញ ឆ្ពោះទៅកាន់ព្រលានយន្តហោះភ្នំពេញ អន្តរជាតិភ្នំពេញត្រូវចំណាយពេលត្រឹម២៥នាទីតែប៉ុណ្ណោះ៕