ដោយ គង់ សូរិយា
ភ្នំពេញ៖ ស្ងាត់ៗ អាគារការិយាល័យ Hyundai Phnom Penh Tower ត្រូវបានដូរឈ្មោះ បន្ទាប់ពីអាគារនេះត្រូវបានទិញយកដោយក្រុមហ៊ុន Prince Real Estate Group ។
អាគារ Hyundai Phnom Penh Tower ត្រូវបានប្តូរឈ្មោះមកជា Prince Phnom Penh Tower បន្ទាប់ពីក្រុមហ៊ុនអចលនទ្រព្យយក្សរបស់ប្រទេសចិន គឺ Prince Real Estate Group បានទិញយក។
-->

អ្នកនាង អាន សុធីតា នាយិកាប្រចាំប្រទេសនៃក្រុមហ៊ុន CBRE Cambodia បានមានប្រសាសន៍ឲ្យដឹងតាមទូរស័ព្ទនៅព្រឹកថ្ងៃទី១ កុម្ភៈនេះថា ការផ្លាស់ប្តូរឈ្មោះអាគារនេះ បានចាប់ផ្តើមប្រហែលពីរខែមុន បន្ទាប់ពីអាគារនេះត្រូវបានទិញដោយក្រុមហ៊ុនPrince ប៉ុន្តែក្រុមហ៊ុន CBRE Cambodia ជាអ្នកគ្រប់គ្រងអាគារនេះ ទាំងពេលអាគារនេះគ្រប់គ្រងដោយក្រុមហ៊ុន Hyundai និងពេលអាគារនេះត្រូវបានទិញដោយក្រុមហ៊ុន Prince Real Estate Group។
អ្នកនាងបន្តថា “អាគារកំពស់២២ជាន់នេះ មានទំហំសរុប២៥,០០០ម៉ែត្រការ៉េ ប៉ុន្តែផ្ទៃក្រឡាខាងក្នុង និងប្រើប្រាស់ពេញលេញមានទំហំតែ២០,០០០ម៉ែត្រការ៉េប៉ុណ្ណោះ”។អ្នកនាងបន្តថា “វាជាអាគារការិយាល័យកម្រិត B Plus និងដាក់ជួលក្នុងតម្លៃ២៣ដុល្លារក្នុងមួយម៉ែត្រការ៉េ”។

អាគារ Prince Phnom Penh Tower មានទីតាំងស្ថិតនៅស្របតាមបណ្តោយមហាវិថីព្រះមុនីវង្ស ស្ថិតក្នុងសង្កាត់វាលវង់ ខ័ណ្ឌ៧ មករា។
អាគារការិយាល័យដ៏ប្រណីតនេះ បានបញ្ចប់និងដាក់ឲ្យដំនើរការកាលពីខែ មេសា ឆ្នាំ២០១១៕នេះបើតាមការឲ្យដឹងពីអ្នកនាងអាន សុធីតា៕









