ដោយ គង់ សូរិយា
ភ្នំពេញ សមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា (CVEA)នឹងរៀបចំសន្និបាតការងាររបស់ខ្លួនប្រចាំឆ្នាំ២០១៧ ប៉ុន្តែវាជាព្រឹត្តិការណ៍ធំជាលើកតំបូងសម្រាប់ឆ្នាំ២០១៨។
សន្និបាតនេះ ជាឳកាសដើម្បីពិភាក្សារៀបចំ កិច្ចប្រជុំដ៏ធំបំផុតប្រចាំឆ្នាំ ដែលមានអ្នកជំនាញអចលនទ្រព្យក្នុងតំបន់អាស៊ាន និងមកពីជុំវិញពិភពលោកចំនួន៨០០នាក់ ដែលនឹងមកចូលរួមកិច្ចប្រជុំនៅរាជធានីភ្នំពេញក្នុងឆ្នាំនេះ។
យោងតាមសេចក្តីជូនដំណឹងរបស់សមាគមនេះ ជូនដល់សមាជិករបស់ខ្លួនដែលបានចេញផ្សាយនៅពេលថ្មីៗនេះបានឲ្យដឹងថា សន្និបាទនេះនឹងធ្វើឡើងនៅថ្ងៃទី៣ កុម្ភៈខាងមុខនេះ ដោយមានការអញ្ជើញចូលរួមពីលោកម៉ី វ៉ាន់ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានឧស្សាហកម្មហិរញ្ញវត្ថុ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។
សន្និបាតនេះ ផ្តោតលើគោលដៅសំខាន់ៗចំនួន ទី១ ជម្រាបជូនពីសមិទ្ឋផលនិងលទ្ឋផលការងាររបស់សមាគមក្នុងឆ្នាំ២០១៧ និងលើកផែនការសម្រាប់ឆ្នាំ២០១៨ ទី២ ជម្រាបជូនពីការធ្វើវិសោធនកម្មលក្ខន្តិកៈ របស់សមាគមដែលបានអនុម័ត ដោយក្រុមប្រឹក្សាភិបាលកាលពីថ្ងៃទី២៩ ធ្នូ ឆ្នាំ២០១៧ និងដាក់ឆ្លងអង្គ សន្និបាត ពិនិត្យ និងសម្រេច និងទី៣ ជម្រាបជូនពីសន្និបាតសមាគមASIAN REAL ESTATE NETWORK ALLIANCE(ARENA) Convention and Expo 2018 នៅរាជធានីភ្នំពេញ ដែលនឹងមានអ្នកជំនាញអចលនទ្រព្យជាតិ អន្តរជាតិជាង៨០០នាក់ចូលរួម៕