ក្រុមហ៊ុន​កូរ៉េ​ជាង២០​ ដែល​មាន​គម្រោង​វិនិយោគ​នៅ​ប្រទេស​វៀតណាម​ គ្រោង​នឹង​បង្វែរ​គោលដៅ​មកកាន់​កម្ពុជា​

0

ដោយ​ ៖ រ៉ា​ណេត​

ភ្នំពេញ​៖ បណ្តា​ក្រុមហ៊ុន​ រោងចក្រ​ និង​សហ​គ្រាស​ធំៗ​ជាង២០​ ដែល​មាន​ទីស្នាក់ការ​កណ្តាល​នៅ​ប្រទេស​កូរ៉េ​ និង​ធ្លាប់​មាន​គម្រោង​ធ្វើការ​វិនិយោគ​ទៅកាន់​ប្រទេស​វៀតណាម​កាលពី​ពេល​កន្លងទៅ​នោះ​ ពេលនេះ​បាន​បង្ហាញ​ពី​ចំណាប់​អារម្មណ៍​ចង់​បង្វែរ​គោលដៅ​របស់​ខ្លួន​មកកាន់​ប្រទេស​កម្ពុជា​វិញ​នៅពេល​ឆាប់​ខាងមុខនេះ​។

បន្ទាប់ពី​បាន​ឆ្លងកាត់​កិច្ចពិភាក្សា​លើ​មុខ​ជំនួញ​ ដែល​បង្ហាញ​ពី​កាលានុវត្ត​ភាព​ និង​ឱកាស​វិនិយោគ​នៅ​កម្ពុជា​ក្នុង​វិស័យ​ឯកជន​ តាមរយៈ​កិច្ច​ជំនួប​សភា​ពាណិជ្ជកម្ម​កម្ពុជា​ និង​អ្នកតំណាង​ប្រតិភូ​វិនិយោគ​កូរ៉េ​ កាលពី​ថ្ងៃទី២៧​ ខែវិច្ឆិកា​ ឆ្នាំ២០១៩​ នៅ​ទី​ក្រុង​ប៊ូ​សាន​ ប្រទេស​កូរ៉េ​ ជា​លទ្ធផល​ កម្ពុជា​ទទួល​បាន​ចំ​នាប់​អារម្មណ៍​ពីសំណាក់​បណ្តា​អ្នក​វិនិយោគ​ និង​អ្នកតំណាង​ក្រុម​ហ៊ុន​ធំៗ​ជាច្រើន​ ដូចជា​ក្រុម​ហ៊ុន​អ៊ី​ហ្គេន​តិច​សាជីវកម្ម​លី​ជុនហូ​ ក្រុម​ហ៊ុន​មហ៊ុន​ Dawonsys​ Park​ Soon​-sun​ ​និង​នាយក​សហព័ន្ធ​អចលនទ្រព្យ​ពិភពលោក​ផង​ដែរ​។

អគ្គនាយក​ក្រុមហ៊ុន​អចលនទ្រព្យ​ Khmer​ Foundation​ Appraisal​ លោក​ឧកញ៉ា​ នួន​ រិទ្ធី​ បាន​មានប្រសាសន៍​ប្រាប់​តាមរយៈ​បណ្តាញ​សារ​អេឡិចត្រូនិក​កាលពី​ល្ងាច​ថ្ងៃទី២៨នេះ​ថា​ តាមរយៈ​នៃ​កិច្ច​ជំនួប​ពិភាក្សា​ស្ដីពី​កិច្ច​សហប្រតិបត្តិ​ការ​សេដ្ឋកិច្ច​ក្នុង​វិស័យ​ការទូត​ឯកជន​ខាងលើ​នេះ​ យើង​ទទួល​បានផល​ល្អជា​ច្រើន​ ដោយមាន​បណ្តា​ក្រុមហ៊ុន​ និង​រោងចក្រ​ សហគ្រាស​ជាច្រើន​បង្ហាញ​ពី​ចំណាប់​អារម្មណ៍​ចូល​មក​វិនិយោគ​នៅ​កម្ពុជា​។

លោក​ឧកញ៉ា​ នួន​ រិទ្ធី​ បាន​មានប្រសាសន៍​ប្រាប់​ថា​ “ក្រោយ​កិច្ច​ជំនួប​ពិភាក្សា​ មាន​ក្រុមហ៊ុន​ រោងចក្រ​ និង​សហគ្រាស​សរុប​ចំនួន២១​ ដែល​មាន​ប្រភព​ដើម​នៅក្នុង​ប្រទេស​ និង​ធ្លាប់​មាន​គម្រោង​វិនិយោគ​នៅក្នុង​ប្រទេស​វៀតណាម​កាលពី​ពេល​កន្លងទៅ​នោះ​ ពួកគាត់​បាន​បង្ហាញ​ពី​ចំណាប់​អារម្មណ៍​ចង់​បង្វែរ​ទិសដៅ​វិនិយោគ​ទាំងនោះ​មក​កានើ​កម្ពុជា​វិញ​”។

លោក​ឧកញ៉ា​បាន​បន្ត​ទៀត​ថា​ “ក្រុមហ៊ុន​កូរ៉េ​ ដែល​មាន​បំណង់​ចង់​មក​វិនិយោគ​នៅក្នុង​ប្រទេស​កម្ពុជា​ ជា​ប្រភេទ​រោងចក្រ​តម្លើង​គ្រឿង​បង្គុំ​រថយន្ត​ គ្រឿ​បរិក្ខារ​ថយន្ត​ដើរ​ដោយ​ថាមពល​អគ្គិសនី​ និង​ក្រុមហ៊ុន​ដែល​ធ្វើការ​អភិវឌ្ឍ​ក្នុង​វិស័យ​អចលនទ្រព្យ​ផង​ដែរ​”។

លោក​បាន​បន្ត​ទៀត​ថា​ “ការ​បង្វែរ​គោលដៅ​បណ្តាក់​ទុន​វិនិយោគ​ទាំងនេះ​ ក៏​ព្រោះតែ​ពួកគេ​បាន​សិក្សា​ និង​ស្វែងយល់​បន្ថែម​ពី​សក្ដានុពល​នៅក្នុង​ប្រទេស​កម្ពុជា​ ប៉ុន្តែ​ក៏​មានការ​ស្នើសុំ​ឱ្យ​មានការ​ចូលរួម​សម្របសម្រួល​វិស័យ​ឯកជន​ពីសំណាក់​រាជរដ្ឋាភិបាល​ផង​ដែរ​ ទាំង​ការសម្រប​សម្រួល​ច្បាប់​វិនិយោគ​ និង​ការកំណត់​ទីតាំង​ផង​ដែរ​ ដើម្បី​ធានា​ថា​ការ​វិនិយោគ​អាច​មាន​ភាពល្អ​ប្រសើរ​”។

អនុប្រធាន​សភា​ពាណិជ្ជកម្ម​កម្ពុជា​ លោក​ឧកញ៉ា​ លឹម​ ហេង​ បាន​បង្ហាញ​ពី​ក្ដី​សាទរ​ចំពោះ​ការ​ទទួល​បាន​ចំណាប់​អារម្មណ៍​ពី​បណ្តា​វិនិយោគិន​កូរ៉េ​ខាងលើ​នេះ​។ លោក​បាន​មានប្រសាសន៍​តាម​ទូរស័ព្ទ​កាលពី​ល្ងាច​ថ្ងៃជា​មួយ​គ្នាន​នេះ​ថា​ “ក្នុងនាម​ជាស​ភា​ពាណិជ្ជកម្ម​កម្ពុជា​ គឺ​មាន​គោលជំហរ​ជួល​សម្រួល​រាល់​ការ​វិនិយោគ​ទាំងអស់​នៅក្នុង​ប្រទេស​ ដែល​មិន​ត្រឹមតែ​ប្រទេស​កូរ៉េ​តែមួយ​នោះ​ទេ​ ពោល​គឺ​ជួយ​សម្រួល​គ្រប់​ភាគី​ទាំងអស់​”។

លោក​បាន​បន្ត​ទៀត​ថា​ “សព្វថ្ងៃ​នេះ​ យើង​មាន​ក្រុមការងារ​រហូតដល់១៣​ ដែល​រង់ចាំ​ដោះស្រាយ​ការ​លំបាក​រប​សើ​វិស័យ​ឯកជន​ដែល​មក​វិនិយោគ​នៅ​កម្ពុជា​ ដោយ​ការ​លើកយក​បញ្ហា​ដោះស្រាយ​ជាមួយ​រដ្ឋមន្ត្រី​ក្រសួង​ដែល​ពាក់ព័ន្ធ​ ហើយ​ក្នុងករណី​ដែល​ដោះស្រាយ​មិន​ចេញ​ទេ​ នឹង​បញ្ជូន​ទៅដល់​នាយក​រដ្ឋមន្ត្រី​ ដើម្បី​អន្តរាគមន៍​ និង​ដោះស្រាយ​បន្ត​”។

លោក​ឧកញ៉ា​បាន​បន្ត​ទៀត​ថា​ “ក្នុងនាម​ជាស​ភា​ពាណិជ្ជកម្ម​ សូម​លើកទឹកចិត្ត​ទៅដល់​បណ្តា​អ្នក​វិនិយោគ​មក​ពី​បណ្តា​ប្រទេស​នានា​ទាំងអស់​មកកាន់​កម្ពុជា​ ជាមួយនឹង​ការ​ព្យាយាម​ជួយ​សម្រួល​សម្រួល​នូវ​រាល់​បញ្ហា​ប្រឈម​នានា​ដែល​កើតមាន​ ដើម្បី​អាច​ទទួល​បាន​ភាព​រីកចម្រើន​ និង​អភិវឌ្ឍន៍​រួមគ្នា​” ៕

LEAVE A REPLY

Please enter your comment!
Please enter your name here