Hattha top Banner

តោះទៅមើលប្លង់លំអិតព្រលានយន្តហោះថ្មីនៅក្រុងតាខ្មៅ

0

ដោយ ដួង ចន្រ្ទា

ភ្នំពេញ៖ ព្រលានយន្តហោះអន្តរជាតិភ្នំពេញថ្មី តម្លៃ១៥០០លានដុល្លារអាមេ​រិកស្ថិតនៅក្រុងតាខ្មៅ និងទឹកដីស្រុកកណ្តាលស្ទឹង ខេត្តកណ្តាលបានបង្ហាញប្លង់លំអិតបណ្តើរៗហើយ។

ព្រលានយន្តហោះ ដែលស្ថិតនៅលើផ្ទៃបឹងរៀន ក្នុងក្រុងតាខ្មៅនេះត្រូវបាន​ចុះហត្ថលេខា ក្នុងកំឡុងដំណើរទស្សនកិច្ចរបស់លោកនាយករដ្ឋមន្រ្តីលី ខឺឈាងនាយករដ្ឋមន្រ្តីនៃប្រទេសចិន និងសម្តេចតេជោហ៊ុន សែននាយករដ្ឋមន្រ្តី​កម្ពុជា។

ក្រុមហ៊ុន OCIC និងក្រុមហ៊ុនចិនបានសម្រេចវិនិយោគគំរោងនេះ លើផ្ទៃដីទំហំ២៦០០ហិកតា និងបានបង្កើតក្រុមហ៊ុនមួយរួមគ្នា Cambodia Airport Investment។

អ្នកនាំពាក្យរដ្ឋលេខាធិការ នៃរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិលលោកស៊ិន ចាន់សិរីវុត្ថាបានថ្លែងថា ការសាងសង់ព្រលានយន្តហោះនេះ នឹងចាប់ផ្តើមនៅពេលឆាប់ៗនេះ ព្រោះបច្ចុប្បន្នទុនវិនិយោគ ប្លង់ស្ថាបត្យកម្ម ព្រលានយន្តហោះថ្មី និងការចុះកិច្ចព្រមព្រៀងបានបញ្ចប់អស់ហើយ។លោកបន្តថា ព្រលានយន្តហោះថ្មីនេះ នឹងត្រូវចាក់ខ្សាច់បំពេញនាពេលខាងមុខ ព្រោះទីតាំងព្រលាននេះបច្ចុប្បន្នជាផ្ទៃបឹងនៅឡើយ។

លោកបន្តថា “អ្វីដែលនៅ​សល់គឺស្ថិតក្នុងការចចារ ដែលខ្ញុំគិតថានឹងចំណា​យពេលមិនយូរទៀតនោះទេ ខណៈព្រលានយន្តហោះអន្តរជាតិភ្នំពេញបច្ចុប្ប​ន្ន​មានភាពមមាញឹករួចទៅហើយ”។

បច្ចុប្បន្នព្រលានយន្តហោះអន្តរជាតិភ្នំពេញ មានយន្តហោះឡើងចុះសរុប​ប្រមាណ២៣០លើកក្នុងមួយថ្ងៃ។

លោកពេជ្រ សុប៉ុនតារាប្រធានផ្នែកពង្រីកជើងហោះហើរនៃអាកាសយាន​ដ្ឋានអន្តរជាតិភ្នំពេញបានថ្លែងថា បច្ចុប្បន្នព្រលានយន្តហោះអន្តរជាតិភ្នំពេញ ពិតជាមានភាពមមាញឹក ប៉ុន្តែមិនជួបការខ្វះខាតទីតាំងសម្រាប់ចតដូចការលើកឡើងរបស់មជ្ឈដ្ឋានមួយចំនួននោះទេ ព្រោះការពង្រីកចំណតថ្មីកំពុងធ្វើឡើងជា​បន្តបន្ទាប់។

ទោះជាយ៉ាងណាលោកទទួលស្គាល់ថា នៅពេលមានជើងហោះហើរ ហោះ​ត្រង់មកជាន់ម៉ោងគ្នាច្រើន គឺពិតជាមានការលំបាកចំណតសម្រាប់ចុះចតនៃអាកាសចរណ៍មួយចំនួនផងដែរ។

ទាក់ទងនឹងប្លង់លំអិតនៃព្រលានយន្តហោះថ្មី សូមទស្សនារូបភាពខាងក្រោម៕

LEAVE A REPLY

Please enter your comment!
Please enter your name here