ដោយ Donald Lee
ភ្នំពេញៈ ធនាគារកណ្តាលកូរ៉េខាងត្បូងព្យាករណ៍ថា សេដ្ឋកិច្ចនឹងជាប់គាំងនៅឆ្នាំ ២០២០ ដោយសារភាពតានតឹងផ្នែកពាណិជ្ជកម្មក្នុងតំបន់ និងពិភពលោក ខណៈប្រទេសនេះ ជំរុញការផ្លាស់ប្តូរមូលដ្ឋានផលិតកម្មទៅកាន់តំបន់អាស៊ីអាគ្នេយ៍។

ក្រុមប្រឹក្សាភិបាលរបស់ធនាគារកណ្តាលបានបញ្ជាក់ថា ពាណិជ្ជកម្មពិភពលោកត្រូវបានរំពឹងថានឹងធ្លាក់ចុះ ដោយសារតែភាពតានតឹងពាណិជ្ជកម្មពិភពលោកកំពុងបន្ត។
ធនាគារកណ្តាលនេះ បានឱ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយ បានចេញផ្សាយនៅថ្ងៃសុក្រថា “ក្រឡេកមើលទៅអនាគត ក្រុមប្រឹក្សាភិបាលមើលឃើញថា មានកំណើនសេដ្ឋកិច្ចសកល និងទីផ្សារហិរញ្ញវត្ថុពិភពលោក ខណៈទំនងជារងផលប៉ះពាល់ដោយកត្តាជាច្រើន ដូចជាកម្រិតនៃការរីករាលដាលនៃពាណិជ្ជកម្មគាំពារនិយម ការផ្លាស់ប្តូរគោលនយោបាយរូបិយវត្ថុរបស់ប្រទេសធំៗ និងហានិភ័យភូមិសាស្ត្រនយោបាយ”។
លើសពីនេះទៀត ធនាគារកូរ៉េបានកាត់បន្ថយការព្យាករណ៍របស់ខ្លួន ក្នុងឆ្នាំ ២០១៩ ចំនួន ០,២ ភាគរយទៅ២ភាគរយ នៃកំណើនផលិតផលសរុបក្នុងស្រុក ដែលជាកម្រិតកំណើន ដែលមិនធ្លាប់មានចាប់តាំងពីវិបត្តិហិរញ្ញវត្ថុដ៏ធំកាលពី ១០ ឆ្នាំមុន។
យោងតាមឯកអគ្គរដ្ឋទូតកូរ៉េខាងត្បូង ប្រចាំអង្គការអភិវឌ្ឍន៍ និងសហប្រតិបត្តិការសេដ្ឋកិច្ច (OECD) ទន្ទឹមនឹងនេះដែរ រដ្ឋាភិបាលកូរ៉េខាងត្បូង បានចាប់ផ្តើមផ្តោតលើការបង្កើតមូលដ្ឋានផលិតកម្មផលិតកម្មនៅអាស៊ីអាគ្នេយ៍។
សង្គ្រាមពាណិជ្ជកម្មរវាងអាមេរិក និងចិនបានចាប់ផ្តើមរៀបចំខ្សែសង្វាក់តម្លៃពិភពលោកឡើងវិញ នៅជុំវិញពិភពលោក ហើយកំពុងជះឥទ្ធិពលដល់បណ្តាប្រទេសអាស៊ីដែលពឹងផ្អែកលើពាណិជ្ជកម្ម ដូចជាកូរ៉េខាងត្បូងដែលខ្លាំងបំផុត។
លោក Ko Hyoung-kwon ឯកអគ្គរដ្ឋទូតនិងជាតំណាងអចិន្ត្រៃយ៍របស់កូរ៉េខាងត្បូងប្រចាំនៅ OECD បាននិយាយថា “សង្គ្រាមពាណិជ្ជកម្មរវាងអាមេរិក និងចិនកំពុងរៀបចំរចនាសម្ព័ន្ធខ្សែសង្វាក់តម្លៃពិភពលោកឡើងវិញ ហើយជាលទ្ធផលបណ្តាប្រទេសនៅអាស៊ីអាគ្នេយ៍ត្រូវបានដាក់ជាមូលដ្ឋានផលិតកម្ម”។
លោក Ko បានបន្ថែមថា “ការនាំចេញពីអាស៊ីអាគ្នេយ៍ទៅកាន់អាមេរិក បានកើនឡើង ហើយការវិនិយោគបានចាប់ផ្តើមបង្វែរពីចិន ទៅកាន់តំបន់អាស៊ីអាគ្នេយ៍”។
ពាណិជ្ជកម្មទ្វេភាគីរវាងកូរ៉េខាងត្បូង និងអាស៊ាននឹងឈានដល់ទំហំទឹកប្រាក់ ២០០ពាន់លានដុល្លារនៅឆ្នាំ ២០២០។ កូរ៉េខាងត្បូងមានអតិរេកពាណិជ្ជកម្មយ៉ាងច្រើនរហូតដល់ ៩៣,៤ ពាន់លានដុល្លារជាមួយអាស៊ានកាលពីឆ្នាំមុន។
ជម្លោះពាណិជ្ជកម្មកូរ៉េខាងត្បូង និងជប៉ុនក៏បានធ្វើឱ្យសេដ្ឋកិច្ចធ្លាក់ចុះផងដែរ។ ប្រជាជនកូរ៉េខាងត្បូង បានធ្វើពហិការរាល់ផលិតផលជប៉ុន ដោយសារជប៉ុនបានដាក់កម្រិតលើការនាំចេញវត្ថុធាតុដើម ដែលចាំបាច់នៅក្នុងខ្សែសង្វាក់ផ្គត់ផ្គង់ ផលិតកម្មបច្ចេកវិទ្យារបស់កូរ៉េខាងត្បូង។

សង្រ្គាមពាណិជ្ជកម្មកូរ៉េខាងត្បូង និងជប៉ុនបានចាប់ផ្តើមកាលពីឆ្នាំមុន នៅពេលដែលតុលាការកំពូលកូរ៉េខាងត្បូង បានបញ្ជាឱ្យសាជីវកម្មជប៉ុនបង់ប្រាក់សំណង សម្រាប់ការចូលរួមរបស់ពួកគេ នៅក្នុងពលកម្មទាសករនៅឧបទ្វីបកូរ៉េ ក្នុង អំឡុងពេលកាន់កាប់របស់ខ្លួនក្នុងឆ្នាំ ១៩១០ ដល់ ១៩៤៥។
រដ្ឋាភិបាលជប៉ុនបានអះអាងថា សេចក្តីសម្រេចរបស់តុលាការកូរ៉េ គឺផ្ទុយសន្ធិសញ្ញាឆ្នាំ១៩៦៥ រវាងប្រទេសទាំងពីរ ដែលបានបញ្ជាក់យ៉ាងច្បាស់ថា រាល់ការទាមទារសំណងពេលសង្គ្រាម គឺបានបញ្ចប់ទាំងស្រុង និងចុងក្រោយ៕






