ដោយ វុត្ថា
ភ្នំពេញៈ ផ្សារគំរូព្រំដែនកម្ពុជា-វៀតណាមលើកដំបូងដែលឈ្មោះថា «ផ្សារដា» មានទីតាំងស្ថិតនៅក្នុងស្រុកមេមត់ ជាប់ព្រំដែនខេត្តត្បូងឃ្មុំ និងខេត្តតៃនិញនឹងត្រូវសម្ពោធបើកដំណើរការជាផ្លូវការ នៅថ្ងៃទី២៤ ខែធ្នូ ឆ្នាំ ២០១៩ ខាងមុខនេះ បន្ទាប់ពីបើកការដ្ឋានសាងសង់កាលពីដើមឆ្នាំ ២០១៨ កន្លងមកនេះ។

យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងពាណិជ្ជកម្ម បានឱ្យដឹងនៅថ្ងៃទី ២៩ ខែវិច្ឆិកា ឆ្នាំ២០១៩នេះថា ផ្សារគំរូព្រំដែនកម្ពុជា-វៀតណាម “ផ្សារដា” ដែលទើបសាងសង់រួចរាល់ជាស្ថាពរនេះ គឺក្រោមជំនួយឧបត្ថម្ភរបស់រដ្ឋាភិបាលវៀតណាម ដល់រាជរដ្ឋាភិបាលកម្ពុជា ដែលមានទឹកប្រាក់វិនិយោគជាង២លានដុល្លារអាមេរិក។
យោងតាមសេចក្តីជូនដំណឹងដដែលបន្តថា នៅក្នុងពិធីសម្ពោធ និងប្រគល់-ទទួល នូវផ្សារគំរូព្រំដែនកម្ពុជា-វៀតណាម ក៏នឹងមានការរៀបចំពិពរណ៍ពាណិជ្ជកម្ម មិត្តភាពកម្ពុជា-វៀតណាម ឆ្នាំ២០១៩ ដែលនឹងប្រព្រឹត្តិទៅចាប់ពីថ្ងៃទី ២៤-២៦ ខែឆ្នូ ឆ្នាំ ២០១៩ និងដើម្បីជំរុញការផ្សព្វផ្សាយ បង្ហាញជូនទស្សនានូវទំនិញ និងសេវាកម្មសក្តានុពលដល់ប្រមុខដឹកនាំនៃប្រទេសទាំង២ ក្នុងអំឡុងពេលនៃការរៀបចំពិធីខាងលើ។
ជាមួយគ្នានេះ ក្រសួងពាណិជ្ជកម្មក៏បានអំពាវនាវដល់ផលិតករ ពាណិជ្ជករ និងសេវាករ ដែលមានបំណងចង់ចូលរួមតាំងបង្ហាញផលិតផល និងសេវាកម្មរបស់ខ្លួននៅក្នុងព្រឹត្តិការណ៍នេះ សូមទាក់ទងទៅក្រសួង ព្រោះក្នុងពិធីពិព័រណ៍នេះ ក្រសួងនឹងផ្តល់ស្តង់ជូនដោយឥតគិតថ្លៃដល់អ្នកដែលបានមកដាក់ពាក្យមុន។
លោកប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មធ្លាប់បានឱ្យដឹងថា ផ្សារគំរូព្រំដែននេះ នឹងជួយបង្កើនទំហំពាណិជ្ជកម្មនៅតាមព្រំដែន និងលើកកម្ពស់ជីវភាពប្រជាជនកម្ពុជា-វៀតណាម។ លើសពីនេះលោករដ្ឋមន្រ្តី ក៏បានថ្លែងអំណរគុណដល់រដ្ឋាភិបាលវៀតណាម ជាពិសេសក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្ម ព្រមទាំងភាគីពាក់ព័ន្ធ ដែលបានជួយសម្របសម្រួលគម្រោងសាងសង់ផ្សារនេះ ដើម្បីទុកជានិម្មិតរូប និងជាសមិទ្ធផលនៃកិច្ចសហប្រតិបត្តិការល្អរវាងប្រទេសទាំងពីរ។
លោកបន្តថា “ការបង្កើតផ្សារគំរូនេះ ជាការចាប់ផ្តើមទំព័រសករាជថ្មីមួយទៀត នៃការពង្រឹងកិច្ចសហការ និងសម្រួលពាណិជ្ជកម្មនៅតាមព្រំដែននៃប្រទេសទាំងពីរ ឱ្យកាន់តែមានភាពងាយស្រួល និងជិតប្រជាពលរដ្ឋ ជាពិសេសឈានទៅសម្រេចឲ្យបាននូវទំហំពាណិជ្ជកម្មចំនួន ៥,០០០លានដុល្លារ តាមផែនការមេដែលបានគ្រោងទុកក្នុងពេលអនាគត”។
លោកបន្តថា “ខ្ញុំសង្ឃឹមថាផ្សារនេះ នឹងបម្រើអត្ថប្រយោជន៍ប្រជាពលរដ្ឋកម្ពុជា និងសម្រាប់ដាក់លក់ទំនិញ របស់ប្រជាជននៃប្រទេសទាំងពីរ ជាពិសេសរួមចំណែកដោះស្រាយបញ្ហាប្រឈម និងរបាំងពាណិជ្ជកម្មនានា ដែលតែតែងរាំងស្ទះដល់ធ្វើចរាចរណ៍ទំនិញ និងផលិតផលនៅតាមព្រំដែនកម្ពុជា និងវៀតណាម”។

គម្រោងសាងសង់ផ្សារនេះ ត្រូវបានអនុម័តលើកដំបូងកាលពីឆ្នាំ២០១៣ ហើយត្រូវបានបន្តអនុវត្តន៍ឡើងវិញនៅឆ្នាំ២០១៦ នៅលើផ្ទែដីទំហំ ១៩,៦២៨ម៉ែត្រការ៉េ ស្ថិតក្នុងតំបន់សេដ្ឋកិច្ចពិសេសថារីត្បូងឃ្មុំ ជាមួយទុនវិនិយោគសរុបជាង ៤៤,៧៦១លានដុង ឬប្រមាណជិត២លានដុល្លារអាមេរិក ដែលជាជំនួយរបស់រដ្ឋាភិបាលវៀតណាម៕






