របក​កំ​ហើញ​ថ្មី​៖ តើ​សំណង់​សម័យ​អណា​និគម​បារាំង​នៅ​កម្ពុជា​ជា​កម្មសិទ្ធិ​របស់​នរណា​?

0

ដោយ​ វុត្ថា​

ភ្នំពេញ​៖ នៅក្នុង​សម័យ​អាណានិគម​បារាំង​ ប្លង់​អគារ​រាជធានី​ភ្នំពេញ​ និង​ទីក្រុង​នៅ​តាម​ខេត្ត​នានា​ មាន​រាង​ជា​ក្រឡាចត្រង្គ​ ហើយ​សំណង់​ទាំងនោះ​ ច្រើន​ជា​អគារ​រដ្ឋបាល​ ឬជា​លំនៅឋាន​របស់​មន្ត្រី​ជាន់ខ្ពស់​ និង​មន្ត្រី​ជា​ជនជាតិ​បារាំង​ដែល​ធ្វើការ​នៅ​ស្រុកខ្មែរ​ ។

នៅក្នុង​សិក្ខាសាលា​ជាតិ​ ស្ដីពី​ «ការ​វិវត្ត​នៃ​រចនាបថ​ និង​សំណង់​ស្ថាបត្យកម្ម​ប្រាសាទខ្មែរ​ ពី​សម័យ​ឧដុង្គ​ដល់​សម័យ​បច្ចុប្បន្ន​» កាលពី​ថ្ងៃទី២៩​ ខែវិច្ឆិកា​ ឆ្នាំ២០១៩នេះ​ លោក​ សេង​ សុវណ្ណ​ដារ៉ា​ អ្នក​សិក្សា​ស្រាវជ្រាវ​អក្សរសិល្ប៍​នៃ​សាកល​វិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ​ បានឱ្យ​ដឹង​ថា​ សំណង់​អគារ​ទាំងនោះ​ មាន​ទម្រង់​ជា​អគារ​ ឬសំណង់​យក​តាម​លំនាំ​វប្បធម៌​អឺរ៉ុប​នៅ​សម័យ​ក្លា​ស៊ីក​ ឬណេ​អូ​ក្លា​ស៊ីក​ ដូចជា​នៅ​តាម​តំបន់​រដ្ឋ​បាល​ផ្សេង​ៗជាដើម​។

លោក​បន្ត​ថា​ សំណង់​ដែល​ត្រូវ​បាន​កសាង​ថ្មី​ៗនៅក្នុង​សម័យ​អាណាព្យាបាល​បារាំង​ គឺ​មាន​ទាំង​សំណង់​បែប​ទំនើប​ និង​សំណង់​ដែល​មាន​តាម​បែប​ប្រពៃណី​ខ្មែរ​។

តួយ៉ាងដូចជា​សំណង់​នៅក្នុង​ព្រះបរមរាជវាំង​ គឺ​នៅតែ​រក្សា​តាម​បែប​ប្រពៃណី​ ដោយ​គ្រាន់តែ​ក្រោយមក​មាន​សំណង់​មួយចំនួន​ដែល​មាន​ឥទ្ធិពល​ស្ថាបត្យកម្ម​ប្រទេស​លោកខាងលិច​ ពិសេស​គឺ​សំណង់​ប្រាសាទ​ណា​ប៉ូ​ឡេ​អុង​ជាដើម​ ដែល​ជា​ព្រះរាជ​អំណោយ​របស់​ព្រះចៅអធិរាជ​បារាំង​ថ្វាយ​សម្ដេចព្រះ​នរោត្ដម​នៅក្នុង​ឆ្នាំ១៩៧៦​។

លោក​បន្ថែម​ថា​ សំណង់​ដែល​គួរ​ឱ្យ​ចាប់អារម្មណ៍​មួយទៀត​នោះ​គឺ​ សំណង់​សារមន្ទីរ​ជាតិ​ ដែល​បាន​កសាង​នៅ​ឆ្នាំ១៩១៧​ តាម​រចនាបថ​ខ្មែរ​។ ក្រៅពីនោះ​មាន​សំណង់​អគារ​មួយចំនួន​ ដែល​បាន​សាងសង់​ទៅតាម​រចនាបថ​សិល្បៈ​ទំនើប​ ដូចជា​ រាជាយស្ម័យ​យាន​ ផ្សារ​ធំ​ថ្មី​ និង​ព្រះវិហារ​ សាំង​ ចូ​សែ​ហ្វ​ ជាដើម​។

ទោះជាយ៉ាងណា​ លោក​ សេង​ សុវណ្ណ​ដារ៉ា​ ក៏បាន​គូសបញ្ជាក់​បន្ថែម​ផង​ដែរ​ថា​ សំណង់​អគារ​តាម​បែប​បារាំង​ គឺជា​សម្បត្តិ​បេតិកភណ្ឌ​ជាតិ​សម័យ​ទំនើប​របស់​កម្ពុជា​ ដែល​ទាមទារ​ឱ្យ​មានការ​ថែរក្សា​និង​អភិរក្ស​ឱ្យ​បាន​ល្អ​ប្រសើរ​។

បើ​តាម​ការ​លើកឡើង​របស់​លោក​ សេង​ សុវណ្ណ​ដារ៉ា​ ដដែល​ ក្រោយ​សម័យ​អាណានិគម​បារាំង​ លោក​ វណ្ណ​ មូលី​វណ្ណ​ បាន​រួម​ចំ​ណែ​កក្នុងុ​ការ​ធ្វើ​ទំនើបកម្ម​រាជធានី​ភ្នំពេញ​ក្នុង​សម័យ​សង្គម​រាស្ត្រនិយម​ ដែល​ចលនា​ស្ថាបត្យកម្ម​របស់​លោក​ ត្រូវ​បាន​គេ​ទទួលស្គាល់​ថា​ជា​ «ស្ថាបត្យកម្ម​ខ្មែរ​សម័យ​ទំនើប​» ដែល​ក្នុង​នោះ​រួមមាន​សំណង់​ពហុ​កីឡដ្ឋាន​អូឡាំពិក​ មហោស្រព​ចតុមុខ​ វិមានរដ្ឋ​ចំការមន​ និង​វិទ្យាស្ថាន​ភាសាបរទេស​នៃ​សាកល​វិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ​ជាដើម​៕

LEAVE A REPLY

Please enter your comment!
Please enter your name here