ដោយ វុត្ថា
ភ្នំពេញ៖ រដ្ឋាភិបាលកម្ពុជាកម្ពុជានឹងអភិវឌ្ឍក្រុងព្រះសីហនុក្លាយជាមជ្ឈមណ្ឌលភស្តុភារកម្មដ៏ធំនៅកម្ពុជា ខណៈក្រុមទីប្រឹក្សាស្ថាប័នអាជីវកម្មហរិញ្ញវត្ថុ IFC របស់ធនាគារពិភពលោក កំពុងសិក្សាបុរេសមិទ្ធិលទ្ធភាពលើគម្រោងអភិវឌ្ឍន៍មជ្ឈមណ្ឌលភស្តុភារកម្មក្រុងព្រះសីហនុនេះ ។
យោងតាមកិច្ចប្រជុំរវាមន្ត្រីជាន់ខ្ពស់នៃក្រសយងសាធារណៈ និងដឹកជញ្ជូន និង ក្រុមទីប្រឹក្សារបស់ស្ថាប័នសាជីវកម្មហិរញ្ញវត្ថុរបស់ធនាគារពិភពលោក កាលពីថ្ងៃទី ២៩ ខែវិច្ឆិកា ម្សិលមិញនេះ បានឱ្យដឹងថាគម្រោងនេះមានគោលបំណងក្នុងការអភិវឌ្ឍក្រុងព្រះសីហនុក្លាយជាមជ្ឈមណ្ឌលភស្តុភារកម្មដ៏ធំមួយនៅកម្ពុជា ធានាដល់ការអភិវឌ្ឍសេដ្ឋកិច្ច ប្រកបដោយចីរភាព ធានាឱ្យមានការគាំទ្រផ្នែកហេដ្ឋារចនាសម្ព័ន្ធចាំបាច់ដើម្បីជំរុញការប្រកួតប្រជែងក្នុងការដឹកជញ្ជូន។
ក្រុមទីប្រឹក្សារបស់ស្ថាប័នសាជីវកម្មហិរញ្ញវត្ថុ (IFC) របស់ធនាគារពិភពលោក បានធ្វើបទបង្ហាញអំពីបច្ចុប្បន្នភាពគម្រោងអភិវឌ្ឍន៍មជ្ឈមណ្ឌលភស្តុភារកម្មក្រុងព្រះសីហនុ ដោយផ្តោតជាសំខាន់លើការវិភាគស្ថានភាពច្បាប់ និងស្ថាប័នដែលគាំទ្រដល់រចនាសម្ព័ន្ធភាពជាដៃគូរដ្ឋ និងឯកជន (Public-Private Partnership) និងស្ថានភាពទីតាំងសមស្របមួយ ដែលជាទីតាំងសម្រាប់មជ្ឈមណ្ឌលភស្តុភារកម្មក្រុងព្រះសីហនុ។
លោក ឈៀង ពេជ្រ អគ្គនាយក នៃអគ្គនាយកដ្ឋានភស្តុភារកម្ម ក្រសួងសាធារណការ និងដឹកជញ្ជូន បានជំរុញឱ្យសមាជិកសមាជិកានៃគណៈកម្មាធិការជាតិភស្តុភារកម្ម និងភាគីពាក់ព័ន្ធ ធ្វើការសិក្សា និងអនុវត្តគម្រោងនេះក្នុងពេលឆាប់ៗឱ្យទទួលបានលទ្ធផលល្អប្រសើរ និងដាក់ជូនថ្នាក់ដឹកនាំក្រសួងធ្វើការពិនិត្យ ឈានទៅបង្កើតមជ្ឈមណ្ឌលភស្តុភារកម្មក្រុងព្រះសីហនុប្រកបដោយជោគជ័យ៕






