ដោយ វុត្ថា
ភ្នំពេញៈ ខេត្តព្រះសីហនុ ជាប៉ូលអភិវឌ្ឍជាតិមួយយ៉ាងសំខាន់ ហើយជាខេត្តដែលមានសក្តានុពលសេដ្ឋកិច្ច ទាក់ទាញវិនិយោគិន និងភ្ញៀវទេសចរមកកម្សាន្តតាមឆ្នេរ សមុទ្រ មានកោះដ៏ស្រស់ស្អាត មានកំពង់ផែអន្តរជាតិ អាកាសយានដ្ឋានអន្តរជាតិ ផ្លូវដែក ផ្លូវគោក និងធនធានធម្មជាតិដ៏សំបូរបែប។

សក្តានុពល និងភូមិសាស្ត្ររបស់ខេត្តព្រះសីហនុ មានកោះ៣២ ឆ្នេរប្រវែង១៧៥គីឡូម៉ែត្រ កំពង់ផែអន្តរជាតិទឹកជ្រៅ មានទំនិញឆ្លងកាត់ជាង៧០ភាគរយ ក្នុងចំណោមសេវាកម្មដឹកជញ្ជូនទូទាំងប្រទេស។ បច្ចុប្បន្នកំពង់ផែរបស់ខេត្តនេះ មាន លទ្ធភាពអាចឱ្យនាវាមានជម្រៅទឹក១០ម៉ែត្រចូលចត និងកំពុងពង្រីកបន្ថែម ដើម្បីឱ្យនាវាមានជម្រៅទឹក ១៣.៥០ម៉ែត្រចូលចតនៅពេលខាងមុខ ដើម្បីកាត់បន្ថយតម្លៃដឹកជញ្ជូន ក៏ដូចជាការប្រកួតប្រជែងជាមួយប្រទេសក្នុងតំបន់ ទន្ទឹមនោះក៏នៅខ្វះផែទេសចរណ៍ផងដែរ។
ខេត្តព្រះសីហនុ មានព្រលានយន្តហោះ ដែលបាននឹងកំពុងធ្វើកិច្ចសហប្រតិបត្តិការពង្រីកព្រលានយន្តហោះនេះ ដោយ ក្រុមហ៊ុនបារាំង ដើម្បីឱ្យយន្តហោះប្រភេទធុនធំចុះចតនៅពេលខាងមុខ និងផ្តល់ភាពងាយស្រួលក្នុងការធ្វើដំណើរតាមផ្លូវអាកាស។
រាជរដ្ឋាភិបាល បានសាងសង់ផ្លូវហាយវេ ល្បឿនលឿនពីភ្នំពេញមកកាន់ខេត្តព្រះសីហនុ និងគ្រោងដាក់ឱ្យដំណើរការនៅចុងឆ្នាំ២០២២។ ជាមួយគ្នានេះផងដែរ កាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៩កន្លងមក សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញបើកការដ្ឋានស្ថាបនាផ្លូវ៣៤ខ្សែ ក្នុងក្រុងព្រះសីហនុ មានប្រវែង៨៤.៥០៥គីឡូម៉ែត្រ ។
រាជរដ្ឋាភិបាលបានកំណត់ខេត្តព្រះសីហនុ ជាតំបន់សេដ្ឋកិច្ចគំរូពហុបំណង ដែលមានតំបន់សេដ្ឋកិច្ច៥កំពុងដំណើរការ ផ្តល់ការងារជូនយុវជនជាង៨ម៉ឺននាក់ និងតំបន់សេដ្ឋកិច្ច៤ទៀតកំពុងសាងសង់ នេះជាសក្តានុពល នៃការអភិវឌ្ឍក្នុងខេត្តព្រះសីហនុ នាពេលបច្ចុប្បន្ន ពិសេសវិស័យសំណង់មានការអភិឌ្ឍយ៉ាងគំហុកគួរឱ្យកត់សំគាល់៕






