ក្រុម​វិនិយោគិន​ចិន​បន្ត​ចុះ​ស្វែងរក​ឱកាស​វិនិយោគ​នៅក្នុង​ខេត្តសៀមរាប

0

​ដោយ​ វុត្ថា

​ភ្នំពេញ​៖ ក្រុម​អ្នក​វិនិយោគ​មក​ពី​ខេត្ត​សាន​ស៊ី​ នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន​បន្ត​ចុះ​ស្វែងរក​ឱកាស​បណ្តាក់​ទុន​វិនិយោគ​នៅក្នុង​ខេត្តសៀមរាប​ ដែល​ជា​ខេត្ត​មាន​សក្តា​នុ​ពល​ខ្ពស់​លើ​វិស័យ​ទេសចរណ៍​វប្បធម៌​។

លោក​ Wu​ Fujie​ អនុប្រធាន​ នៃ​ក្រុមការងារ​លើកកម្ពស់​ពាណិជ្ជកម្ម​ខេត្ត​សាន​ស៊ី​ នៅក្នុង​ជំនួប​ជាមួយ​លោក​ ស្រី​ លោកស្រី​ យូ​ សុភា​ អភិបាលរងខេត្ត​សៀមរាប​ កាលពី​ថ្ងៃទី​ ១ ខែធ្នូ​ម្សិលមិញ​នេះ​បានឱ្យ​ដឹង​ថា​ ក្នុង​ការដឹកនាំ​គណៈប្រតិភូ​ខេត្ត​សាន​ស៊ី​មក​បំពេញ​ដំណើរ​ទស្សនកិច្ច​មកកាន់​ខេត្តសៀមរាប​នា​ពេលនេះ​ដែរ​ ក្នុង​គោលបំណង​ពង្រឹង​លើកកម្ពស់​កិច្ច​សហប្រតិបត្តិ​ការ​លើ​វិស័យ​ពាណិជ្ជកម្ម​ និង​ស្វែងរក​ការ​វិនិយោគ​ក្នុង​ខេត្តសៀមរាប​។

លោក​បន្ត​ថា​ ខេត្តសៀមរាប​មាន​សក្តា​នុ​ពល​ខ្ពស់​ចំពោះ​ការ​វិនិយោគ​លើ​វិស័យ​ទេសចរណ៍​ បដិសណ្ឋារ​កិច្ច​ សេវាកម្ម​ និង​វិ​ស័យ​ផ្សេង​ៗទៀត​ និង​បង្កើត​មិត្តភាព​ ព្រមទាំង​កិច្ច​សហប្រតិបត្តិ​ការ​ស្របតាម​គោលនយោបាយ​ ផ្លូវ​ និង​ក្រ​វ៉ាត់​របស់​ប្រធានា​ធិ​តី​ចិន​ ស៊ី​ ជិ​នពីន​ និង​ស្របតាម​ទំនាក់ទំនង​ដ៏​ល្អ​រវាង​រដ្ឋាភិបាល​នៃ​ប្រទេស​ទាំងពីរ​។

លោកស្រី​ យូ​ សុភា​ អភិបាលរងខេត្ត​សៀមរាប​ បានឱ្យ​ដឹង​ថា​ រដ្ឋបាល​ខេត្តសៀមរាប​ ក៏​ស្វាគមន៍​ដល់​វិនិយោគ​ចិន​ដែល​មានបំណង​ចង់​មក​វិនិយោគ​នៅ​ខេត្ត​សៀម​រាន​ផង​ដែរ​។

លោកស្រី​បន្ត​ថា​ ខេត្តសៀមរាប​មាន​សក្តា​នុ​ពល​លើ​វិស័យ​ទេសចរណ៍​ និង​ កសិកម្ម​ ហើយ​ក្រៅពី​តំបន់​ប្រាសាទ​ ខេត្តសៀមរាប​ក៏​មាន​តំបន់​រមណីយដ្ឋាន​ធម្មជាតិ​ ព្រមទាំង​មាន​រៀបចំ​នូវ​គម្រោង​ ក្នុង​ការពង្រីក​តំបន់​អេកូ​ទេស​ ចរណ៍​ នៅ​តាម​បណ្តា​ស្រុក​មួយចំនួន​ ជា​អេកូ​ទេសចរណ៍​ធម្មជាតិ​ និង​កសិ​ទេសចរណ៍​ ក្នុង​ការ​ទាក់ទាញ​ភ្ញៀវ​ចូល​មក​ទស្សនា​ និង​ស្នាក់នៅ​បាន​យូរថ្ងៃ​ផង​ដែរ​។

លោកស្រី​បន្ថែម​ថា​ ហើយ​អាជ្ញាធរ​ខេត្ត​ ក៏​មាន​តម្រូវការ​ចំពោះ​អ្នក​វិនិយោគ​លើ​វិស័យ​ទេសចរណ៍​នេះ​ ព្រោះថា​ទោះបី​ហេដ្ឋារចនាសម្ព័ន្ធ​វិស័យ​ទេសចរណ៍​មានការ​រីកចម្រើន​នៅក្នុង​ក្រុង​សៀមរាប​ ក៏​ពិតមែន​ ប៉ុន្តែ​នៅ​មិនទាន់​បាន​បំពេញ​នូវ​តម្រូវការ​ចាំបាច់​របស់​ភ្ញៀវ​នៅឡើយ​ ជាពិសេស​នៅពេល​មានបុណ្យ​ទាន​ម្តង​ៗ។

រដ្ឋាភិបាល​កម្ពុជា​បាន​ចាត់ទុក​ខេត្តសៀមរាប​ជា​ប៉ូល​សេដ្ឋកិច្ច​លំដាប់​ទី​ ៣ បន្ទាប់ពី​រាជធានី​ភ្នំពេញ​ ខេត្ត​កំ​ព្រះសីហនុ​ ​ដែល​បាន​ផ្តល់​ឪកាស​វិនិយោគ​លើ​គ្រប់​ផ្នែក​ជាច្រើន​ដល់​អ្នក​វិនិយោគិន​ជាតិ​ និង​អន្តរជាតិ​ ដែល​មានបំណង​វិនិយោគ​នៅក្នុង​ខេត្ត​ប្រវត្តិសាស្ត្រ​មួយ​នេះ​៕

LEAVE A REPLY

Please enter your comment!
Please enter your name here