ដោយ វុត្ថា
ភ្នំពេញ៖ លោកស្រី Carmen Moreno ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុប (EU) ថ្មី ប្រចាំកម្ពុជាបានសម្តែងនូវការភ្ញាក់ផ្អើលនិងអបអរសាទរយ៉ាងខ្លាំងចំពោះការអភិវឌ្ឍរបស់កម្ពុជាក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះដោយមានការរីកចំរើនយ៉ាងលឿន។
នៅក្នុងជំនួបពិភាក្សាការងារជាមួយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជានៅថ្ងៃទី ២ ខែវិច្ឆិកា ឆ្នាំ ២០១៩ នេះ លោកស្រី Carmen Moreno បានឱ្យដឹងថ កម្ពុជាយើងមានការអភិវឌ្ឍនិងកំពុងដើរលើផ្លូវត្រូវក្នុងការជំរុញការអភិវឌ្ឍប្រកបដោយចីរភាពលើបញ្ហាប្រែប្រួលអាកាសធាតុ ការថែរក្សាគ្រប់គ្រងធនធានធម្មជាតិ និងការអភិវឌ្ឍពាណិជ្ជកម្មប្រកបដោយចីរភាព។
លោកស្រីបន្ថែមថា ទាំងនេះគឺទទួលបានមកពីសុខសន្តិភាព និងស្ថិរភាពដែលកម្ពុជាទទួលបានហើយសុខសន្តិភាព ស្ថិរភាពនេះ ទៀតសោធគឺជាមូលដ្ឋានចាំបាច់បំផុត សម្រាប់អនាគតកម្ពុជាយើង សម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាពក៏ដូចជាសម្រាប់យុវជនជំនាន់ក្រោយរបស់កម្ពុជាផងដែរ។
លោកស្រីបន្តថា លោកស្រីពិតជាមានមោទនភាពណាស់ចំពោះកម្ពុជា នឹងបន្តជាដៃគូជួយកម្ពុជាយើងដើម្បីគាំទ្រដល់ការអភិវឌ្ឍកម្ពុជាប្រកបដោយចីរភាពជាភាព។
សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាបានថ្លែងអំណរគុណចំពោះលោកស្រីទូតដែលបានមើលឃើញពីសុខសន្តិភាព និងស្ថិរភាពកម្ពុជា ដែលលោកបានលើកឡើងព្រោះអ្វីដែលលោកស្រីបានលើកឡើងគឺជាមូលដ្ឋានមួយដែលកម្ពុជានិងសហគមន៍អឺរុបអាចបន្តធ្វើការរួមគ្នាពង្រឹងទំនាក់ទំនងឲ្យកាន់តែរឹងមាំថែមទៀត។
សម្ដេចតេជោបានថ្លែងអំណរគុណជូនដល់សហគមន៍អឺរ៉ុប ដែលបានជួយដល់កម្ពុជា ជាពិសេសក្នុងការកាត់ទោសអតីតថ្នាក់ដឹកនាំកំពូលៗខ្មែរក្រហម និងបានជួយដល់កម្ពុជាជាច្រើនដែរលើវិស័យដទៃទៀត។

ទន្ទឹមនឹងនេះ សម្តេចតេជោនាយករដ្ឋមន្ត្រី បានមានប្រសាសន៍ថា យើងគប្បីណាឈរលើមូលដ្ឋានត្រឹមត្រូវនូវរាល់កិច្ចការងារដែលយើងបានសហការគ្នាកន្លងមក និងស្វែងរកនូវអ្វីដែលយើងអាចសហការធ្វើការរួមគ្នាបន្តទៀតក្នុងភាពជាដៃគូរផង និងក្នុងកិច្ចពង្រឹងពង្រីកទំនាក់ទំនងរវាងសហគមន៍អឺរ៉ុប និងកម្ពុជាផង៕






