ដោយៈ រ៉ាណេត
ភ្នំពេញៈ សម្ដេចតេជោ ហ៊ុន សែននាយករដ្ឋមន្រ្តីកម្ពុជាបានមានប្រសាសន៍ថា រាជធានីភ្នំពេញនៅពេលបច្ចុប្បន្ននេះ កំពុងតែប្រឈមជាមួយនឹងបញ្ហាធំៗចំនួន៤ ដែលត្រូវតែព្យាយាមដោះស្រាយជាចាំបាច់ ក្នុងនោះរួមមានបញ្ហាកកស្ទះចរាចរណ៍ បញ្ហាសំរាម ភាពកង្វះចំណតយានយន្ត និងបញ្ហាប្រពន្ធរំដោះទឹកកខ្វក់។
ការលើកឡើងរបស់សម្ដេចតេជោ ដែលបង្ហាញពីបញ្ហាកំពុងប្រឈមសំខាន់ៗនៅក្នុងរាជធានីភ្នំពេញខាងលើនេះ ត្រូវបានធ្វើឡើងនៅព្រឹកថ្ងៃទី៣ខែវិច្ឆិកា ឆ្នាំ២០១៩ នៅក្នុងឱកាសអនុញ្ញាតឱ្យគណៈប្រតិភូ បណ្តាអភិបាលក្រុងនិយាយភាសាបារាំង ដែលដឹកនាំដោយលោក គ្រីស្យង់ រ៉ូហ្សេ អូគេមបា (Christiant Roger Okemba) អភិបាលក្រុងប្រាហ្សាវិល នៃប្រទេសកុងហ្គោ ;និងជាអនុប្រធានសមាគមអន្តរជាតិអភិបាលក្រុងប្រើប្រាស់ភាសាបារាំងចូលសម្ដែងការគួរសម។
លោកអ៊ាង សុផល្លែត ជំនួយការផ្ទាល់របស់សម្តេចតេជោ ហ៊ុន សែន បានឱ្យដឹងថា នៅក្នុងជំនួបនាព្រឹកមិញនេះ សម្តេចតេជោបានមានប្រសាសន៍ថា រាជធានីភ្នំពេញបានកសាងឡើងក្នុងសម័យអាណានិគមបារាំង ហើយក៏បានកសាងឡើងថែមទៀត ក្រោយកម្ពុជាទទួលបានឯករាជ្យ ក្នុងសម័យសង្គមរាស្ត្រនិយមរបស់សម្តេច ព្រះបរមរតនកោដ្ឋ នរោត្តម សីហនុ។ ប៉ុន្តែរាជធានីភ្នំពេញបានរងនូវភាពខ្ទេចខ្ទាំ និងបំផ្លាញខ្ទេចខ្ទី ដោយរបបប្រល័យពូជសាសន៍ប៉ុលពត។
សម្តេចតេជោហ៊ុន សែនបានលើកឡើងទៀតថា ការអភិវឌ្ឍ និងវិវឌ្ឍរបស់រាជធានីភ្នំពេញនាពេលបច្ចុប្បន្ននេះ បានធ្វើឲ្យមានបញ្ហាប្រឈមមួយចំនួន ដែលទាមទារឱ្យមានការដោះស្រាយ។ រាជធានីភ្នំពេញបច្ចុប្បន្ន ប្រឈមនឹងបញ្ហាចរាចរណ៍ និងគ្រោះថ្នាក់ចរាចរណ៍ ដែលនាំទៅដល់ការស្លាប់ប្រជាជនច្រើន ហើយការធ្វើដំណើរមានការយឺតយ៉ាវផងដែរ។ កង្វះចំណតរថយន្តសាធារណៈ ក៏ជាបញ្ហាប្រឈមរបស់រាជធានីភ្នំពេញផងដែរ ដែលជំរុញឱ្យមានការវិនិយោគ ទៅលើការបង្កើតចំណតរថយន្ត នៅក្រោមសួនច្បារនានា ដើម្បីដោះស្រាយបញ្ហានេះ។
សម្ដេចបានមានប្រសាសន៍ទៀតថា ក្រៅពីបញ្ហាចរាចរណ៍ និងចំណតរថយន្តហើយនោះ បញ្ហាសំរាម និងទឹកកខ្វក់ ក៏ជាបញ្ហាប្រឈមរបស់រាជធានីភ្នំពេញនាពេលបច្ចុប្បន្នផងដែរ។ រាជធានីភ្នំពេញ មានសំរាមប្រមាណ៣ពាន់តោនក្នុងមួយថ្ងៃ ហើយបើប្រមូលមិនទាន់ទេ សំរាមនឹងពូនឡើង ធ្វើឱ្យមានបញ្ហាដល់សោភណភាពផង និងអនាម័យក្នុងរាជធានីភ្នំពេញផងដែរ។
ពាក់ព័ន្ធបញ្ហាសំរាមនេះ សម្ដេចតេជោ បានបានថ្លែងថា សម្តេចបានជំរុញឱ្យមានការចូលរួមពីវិស័យផ្សេងៗ ក៏ដូចជាវិស័យឯកជនដែរ ដើម្បីធ្វើយ៉ាងណា កែប្រែសំរាមនេះ ឱ្យទៅជាថាមពលអគ្គិសនី យកមកប្រើប្រាស់ឡើងវិញ។
ដោយឡែកបញ្ហាសំណល់រាវវិញ សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា រាជធានីភ្នំពេញ គឺជារាជធានីមួយដែលមានកំពស់ទាប ហើយពីដើមឡើយសុទ្ធសឹងតែបឹងបួរ ដូច្នេះការបង្ហូរសំណល់រាវទៅទន្លេ ទៅបឹងបួរនោះ ពុំទាន់មានការធ្វើអាងប្រព្រឹត្តិកម្ម ឬក៏អាងចម្រោះឱ្យបានត្រឹមត្រូវនៅឡើយនោះទេ៕






