ដោយ វត្ថា
ភ្នំពេញៈ រដ្ឋាភិបាលតាមរយៈអន្តរក្រសួងស្ថាប័ន បានជំរុញឱ្យក្រុមហ៊ុនវិស្វកម្មសៀងហៃ (Shanghai Engineering Co., Ltd) ដែលជាក្រុមហ៊ុនចិន ពន្លឿនការសិក្សាបញ្ចប់ ផែនការមេអភិវឌ្ឍន៍បណ្តាញលូទឹកកខ្វក់ និងលូទឹកភ្លៀងក្នុងក្រុងជាប់មាត់សមុទ្រមានក្រុងកំពត និងក្រុងកែប ឱ្យបានលឿន ដើម្បីឆ្លើយតបទៅនឹងការរីកចំរើននៃក្រុងទាំងពីរនេះ។

យោងតាមកិច្ចប្រជុំអន្តរក្រសួង និងតំណាងក្រុមហ៊ុនវិស្វកម្មសៀងហៃនៅថ្ងៃទី ២ ខែធ្នូ ឆ្នាំ ២០១៩កន្លងមកនេះ អង្គប្រជុំបង្ហាញការពេញចិត្តគាំទ្រលើលទ្ធផលការសិក្សាគម្រោង និងស្នើពន្លឿនការសិក្សាផែនការមេបញ្ចប់ ដោយយោងតាមផែនទីប្លង់គោលប្រើប្រាស់ដីក្រុងចក្ខុវិស័យឆ្នាំ២០៣០ ដើម្បីឈានដល់ការសាងសង់ ព្រោះបញ្ហាទឹកកខ្វក់ និងការអភិវឌ្ឍប្រព័ន្ធលូ ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ ជាកិច្ចការអាទិភាពខ្ពស់របស់រដ្ឋាភិបាលអណត្តិទី៦។
កិច្ចប្រជុំនេះបានផ្តោតលើការត្រួតពិនិត្យ ពិភាក្សាផ្តល់យោបល់ លើលទ្ធផលបឋម “គម្រោងសិក្សាសមិទ្ធិលទ្ធភាព និងផែនការមេអភិវឌ្ឍបណ្តាញលូទឹកកខ្វក់ និងលូទឹកភ្លៀងក្នុងក្រុងកំពត ខេត្តកំពត និងក្រុងកែប ខេត្តកែប ” សិក្សាដោយក្រុមហ៊ុនវិស្វកម្មសៀងហៃ (Shanghai Engineering Co., Ltd) សហការជាមួយនាយកដ្ឋានសំណង់ប្រព័ន្ឋចម្រោះទឹកកខ្វក់ (SMCD/MPWT) នៃអគ្គនាយកដ្ឋានសាធារណការ ក្រសួងសាធារណការ និងដឹកជញ្ជូន។
ការសិក្សាសមិទ្ធិលទ្ធភាព និងការរៀបចំផែនការគម្រោងចាប់ផ្តើមតាំងពីពាក់ណ្តាលឆ្នាំ២០១៩កកន្លងមកនេះ មាន៥ដំណាក់កាលផ្សេងៗ ដោយចាប់ផ្តើមពីការប្រមូលទិន្នន័យពីបណ្តាមន្ទីរខេត្ត និងក្រសួងពាក់ព័ន្ឋ ហើយការសិក្សាត្រូវចំណាយពេលសិក្សា៥ ទៅ៧ខែ។ ក្នុងនោះ ក្រុមការងារបានចុះទស្សនកិច្ចទីតាំងមួយចំនួន ដូចជាទីតាំងគ្រោងសាងសង់ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ ស្ថានីយបូមទឹកឆៅក្រុងកំពត បណ្តាញលូបង្ហូរ ប្រភពបំពុលមួយចំនួនដែលបណ្តាលមកពីទឹកកខ្វក់ ស្ថានីយផ្គត់ផ្គង់ទឹកស្អាតខេត្តកំពត និងពិនិត្យស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់នៅផ្សារក្តាមខេត្តកែប។
ក្រោយរយៈពេល៣ខែ ក្រុមការងារសិក្សាគម្រោង នឹងដាក់ជូននូវពង្រាងការសិក្សារៀបចំផែនការមេអភិវឌ្ឍបណ្តាញលូទឹកកខ្វក់ និងទឹកភ្លៀង ដល់ស្ថាប័នថ្នាក់ក្រោមជាតិដើម្បីពិនិត្យ និងផ្តល់យោបល់កែលម្អបន្ថែម។
លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណៈការ និងដឹកជញ្ជូនធ្លាប់បានឱ្យដឹងថា ក្រសួងសាធារណការ និងដឹកជញ្ជូន បានកំពុងតែសិក្សាផែនការមេ និងការសិក្សាសមិទ្ធិលទ្ធភាព គម្រោងអភិវឌ្ឍន៍ប្រព័ន្ធទឹកកខ្វ ក់នៅតាមបណ្តាខេត្តដូចជា កំពត កែប កោះកុង បាត់ដំបង កំពង់ចាម និងខេត្តផ្សេងៗទៀតផងដែរ ដែលជាក់ស្តែងខេត្តកំពង់ស្ពឺ បានធ្វើការសិក្សាផែនការមេនេះរួចហើយ ហើយនឹងបន្តធ្វើផែនការមេនេះ ឱ្យគ្រប់២៥ខេត្តក្រុងតែម្តង។

លោកបន្ថែមថា “នៅពេលដែលការសាងសង់ប្រព័ន្ធលូទាំងនេះ រួចជាស្រេចនៅថ្ងៃខាងមុខ យើងនឹងលែងមានទឹកកខ្វក់ហូរចូលសមុទ្រទៀតឡើយ ព្រោះមុននឹងបង្ហូរទៅសមុទ្រ យើងនឹងចម្រោះវាឱ្យស្អាតជាមុនសិន តែបើសិនជាការប្រើប្រាស់ទឹកកាន់តែច្រើន ទឹកកខ្វក់ហូរចេញពីផ្ទះពលរដ្ឋ អគារសណ្ឋាគារផ្សេងក៏កាន់តែច្រើន ដូច្នេះហើយត្រូវការសាងសង់ប្រព័ន្ធលូ និងអាងចម្រោះជាបន្តបន្ទាប់ទៀតផងដែរ”៕






