ដោយ គង់ សូរិយា
ភ្នំពេញ៖ អាគារពាណិជ្ជកម្មលំដាប់ពិភពលោក Thai Bunrong Tween Tower នឹងត្រូវដំឡើងកំពស់រហូតដល់៦០០ម៉ែត្រ ដែលគ្រោងសាងសង់នាពេលខាងមុខនេះ។
ដោយ គង់ សូរិយា
ភ្នំពេញ៖ អាគារពាណិជ្ជកម្មលំដាប់ពិភពលោក Thai Bunrong Tween Tower នឹងត្រូវដំឡើងកំពស់រហូតដល់៦០០ម៉ែត្រ ដែលគ្រោងសាងសង់នាពេលខាងមុខនេះ។
សម្តេចតេជោហ៊ុន សែននាយករដ្ឋមន្រ្តីកម្ពុជាបានមានប្រសាសន៍ក្នុងពិធីចែកសញ្ញាបត្រដល់និស្សិត នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជានាព្រឹកថ្ងៃទី១ កុម្ភៈនេះបានលើកឡើងថា កម្ពុជានឹងសាងសង់អាគារពាណិជ្ជកម្ម កំពស់១៣៣ជាន់ ស្មើនឹងកំពស់៦០០ម៉ែត្រនាពេលខាងមុខនេះ បន្ទាប់ពីអាគារនេះបានប្រកាសសាងសង់កាលពីខែតុលាឆ្នាំមុននិងបានពន្យាពេលរហូតមកទល់ពេលនេះ។
លោកទេសរដ្ឋមន្រ្តីជា សុផារ៉ាបានប្រាប់សម្តេចថា ទាក់ទងនឹងការសាងសង់អាគារ Thai Bunrong Tween Towerស្ថិតនៅកណ្តាលរាជធានីភ្នំពេញ នៅពេលសម្តេចងាកសួរលោក។
លោកសាស្រ្តាចារ្យទួស សាភឿនស្ថាបត្យករ ដែលបានចូលរួមសិក្សានិងគូប្លង់ស្ថាបត្យកម្មនៃអាគារដ៏អស្ចារ្យនេះធ្លាប់បានមានប្រសាសន៍ថា អាគារពាណិជ្ជកម្ម ដែលគ្រោងចំណាយថវិកាសាងសង់សរុប២១០០លានដុល្លារ និងគ្រោងចំណាយ៣០០០លានដុល្លារ សម្រាប់ធ្វើឲ្យអាគារពាណិជ្ជកម្មនេះដំណើរការ បាននិងកំពុងរៀបចំគូរប្លង់ និងសិក្សាលើប្លង់ស្ថាបត្យ និងផ្ទៃដីឡើងវិញ និងគ្រិងបើកការដ្ឋានសាងសង់នាពេលខាងមុខនេះ។
អាគារមជ្ឈមណ្ឌលពាណិជ្ជកម្មថៃ ប៊ុនរ៉ុងកំពស់១៣៣ជាន់នេះគ្រោងសាងសង់លើផ្ទៃដីជិត៦ហិកតា ស្ថិតនៅតំបន់ឌ្រីមលែនដ៏ ក្នុងសង្កាត់ចតុមុខ ខ័ណ្ឌដូនពេញ។ លោកបន្តថា “យើងមិនមានបញ្ហាថវិកាទេ យើងមានថវិកាគ្រប់គ្រាន់រួចហើយ ដើម្បីសាងសង់អាគារនេះ”។
លោកសាស្រ្តាចារ្យទួស សាភឿនបានបន្តថា អាគារពាណិជ្ជកម្មដ៏ធំនេះមានបណ្តុះដោយសេវាកម្មចម្រុះ ដែលមានដូចជា ផ្សារទំនើប អាគារការិយាល័យ អាផាតម៉ិនកម្រិតផ្កាយ៥ អូតែលកម្រិតផ្កាយ៦ ខុនដូប្រណីត សេវាកម្មហាត់ប្រាណ ស្ទីម ម៉ាស្សា ភោជនីយដ្ឋានលំដាប់អន្តរជាតិ កន្លែងគយគន់ទិដ្ឋភាពក្រុងភ្នំពេញជាដើម។លោកបន្តថា អាគារនេះគ្រោងចំណាយថវិកាសាងសង់ចំនួន២១០០លានដុល្លារ និងគ្រោងចំណាយថវិកា៣០០០លានដុល្លារទៀត សម្រាប់ធ្វើឲ្យអាគារនេះដំណើរការរស់រវើក។
លោកបន្តថា “នៅពេលអាគារនេះសាងសង់ហើយ វានឹងផ្លាស់ប្តូរមុខមាត់រាជធានីភ្នំពេញ ហើយក្រុមហ៊ុនអន្តរជាតិល្បីៗ នឹងមកបោះទីតាំងនៅលើអាគារនេះ ព្រោះបច្ចុប្បន្នមិនទាន់មានក្រុមហ៊ុនអន្តរជាតិ ច្រើនចូលមកដាក់ការិយាល័យនៅទីក្រុងភ្នំពេញនៅឡើយទេ ដោយសារបច្ចុប្បន្នរាជធានីភ្នំពេញ មិនទាន់មានការិយាល័យលំដាប់អន្តរជាតិនៅឡើយទេ”។
តាមគំរោងអាគារពាណិជ្ជកម្មកប់ពពកនេះនឹងសាងសង់ និងគ្រប់គ្រងដោយក្រុមហ៊ុនសំណង់ Hsin Chong Construction Group Ltd និងសហការវិនិយោគរវាងក្រុមហ៊ុន Thai Boon Rong Group និងក្រុមហ៊ុនអភិវឌ្ឍអចលនទ្រព្យនៅទីក្រុងម៉ាកាវ Sun Kian Ip Group។
នាយិកាក្រុមហ៊ុន AMATAK Property Service Co, Ltd បានថ្លែងថា ការសាងសង់អាគារនេះ ជារឿងអស្ចារ្យសម្រាប់កម្ពុជា ហើយវាមិនធំនោះទេ អ្វីសំខាន់គឺសាងសង់ឲ្យចប់ចុងចប់ដើម វានឹងទទួលបានជោគជ័យ។
ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជាលោកគីម ហ៊ាងបានថ្លែងថា វាជាគំរោងដ៏ធំមួយ ប្រសិនជាគិតពីទំហំទីផ្សារ និងតម្រូវការនាពេលបច្ចុប្បន្ននេះ ប៉ុន្តែវាមិនធំពេកនោះទេ សម្រាប់រយៈពេល៧ទៅ១០ឆ្នាំខាងមុខ។
លោកបន្តថា “អ្វីសំខាន់ថាតើគាត់ផ្តោតលើផែនការទីផ្សារ និងរៀបចំយុទ្ឋសាស្រ្ត យ៉ាងដូចម្តេច ដើម្បីឲ្យគំរោងនេះទទួលបានជោគជ័យ”៕