ដោយ Donald Lee
ភ្នំពេញៈ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់ចិនបានប្រកាសថា រដ្ឋាភិបាលចិនគ្រោងនឹងចុះបញ្ជីខ្មៅនូវក្រុមហ៊ុនអាមេរិក ដែលដាក់កិច្ចព្រមព្រៀងពាណិជ្ជកម្មដំណាក់កាលទី១ ក្នុងការបង្កអន្តរាយ និងបង្កភាពតានតឹងពាណិជ្ជកម្មកាន់តែខ្លាំងឡើង ដោយកំពុងធ្វើឱ្យកក្រើកសេដ្ឋកិច្ចពិភពលោក។
ប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់ចិនបានរាយការណ៍ថា រដ្ឋាភិបាលកំពុងដំណើរការបង្កើត “បញ្ជីឈ្មោះអង្គភាពដែលមិនអាចជឿទុកចិត្តបាន” ដែលនឹងដាក់បញ្ចូលក្រុមហ៊ុនអាមេរិក ក្នុងបញ្ជីខ្មៅពីប្រតិបត្តិការនៅចិន។ បញ្ជីខ្មៅនេះធ្វើឡើងក្នុងការឆ្លើយតបទៅនឹងច្បាប់ ដែលត្រូវបានស្នើឡើងនៅក្នុងរដ្ឋាភិបាលអាមេរិក ដើម្បីដាក់ទណ្ឌកម្មចិនចំពោះការរំលោភសិទ្ធិមនុស្សប្រឆាំង នឹងជនជាតិភាគតិច Uyghur នៅតំបន់ស៊ីនជាំងនៃប្រទេសចិន។
រដ្ឋាភិបាលចិន ក៏នឹងរឹតត្បិតទិដ្ឋាការសម្រាប់មន្រ្តី និងសមាជិកសភាអាមេរិកផងដែរ។
និពន្ធនយាកកាសែត Global Times ដែលគ្រប់គ្រងដោយរដ្ឋបានសរសេរលើបណ្តាញសង្គម Twitter ថា “យោងតាមអ្វីដែលខ្ញុំដឹង ចាប់តាំងពីសភាអាមេរិក គ្រោងអនុម័តច្បាប់ ដែលទាក់ទងនឹងស៊ីនជាំង ចិនកំពុងពិចារណាដាក់ការរឹតត្បិតទិដ្ឋាការ លើមន្រ្តីអាមេរិក និងសមាជិកសភា ដែលមានការអនុវត្តអាក្រក់លើបញ្ហាស៊ីនជាំង ហើយក៏អាចហាមឃាត់អ្នកកាន់លិខិតឆ្លងដែន កាទូតអាមេរិកទាំងអស់ពីចូលក្នុងស៊ីនជាំង”។
ភាពតានតឹងដែលកំពុងកើតឡើង កំពុងធ្វើឱ្យកិច្ចព្រមព្រៀងពាណិជ្ជកម្មដំណាក់កាលទី១ រវាងប្រទេសដែលមានសេដ្ឋកិច្ចធំបំផុតទាំងពីរ នៅលើពិភពលោក កំពុងស្ថិតក្នុងភាពស្រពេចស្រពិល។
ច្បាប់អាមេរិកស្តីពីតំបន់ស៊ីនជាំងធ្វើឡើង បន្ទាប់ពីប្រធានាធិបតីអាមេរិក Donald Trump បានចុះហត្ថលេខាលើច្បាប់ចំនួន២ ដើម្បីគាំទ្រក្រុមបាតុករហុងកុងកាលពីសប្តាហ៍មុន។ រដ្ឋាភិបាលក្រុងប៉េកាំង បានថ្កោលទោសចំពោះច្បាប់ទាំងនោះ ដោយចាត់ទុកថាជាការជ្រៀតជ្រែកពីបរទេស នៅក្នុងកិច្ចការផ្ទៃក្នុងរបស់ប្រទេសខ្លួន។
កាលពីសប្តាហ៍មុន ក្រុមអ្នកវិភាគ និងទីផ្សារមានសុទិដ្ឋិនិយមថា កិច្ចព្រមព្រៀងពាណិជ្ជកម្មមួយ នឹងត្រូវបានចុះហត្ថលេខា នៅពេលដែលភាគីទាំងសងខាងបានបង្ហាញពីភាពជឿនលឿនកំពុងត្រូវបានធ្វើឡើង ហើយថាកិច្ចព្រមព្រៀងដំណាក់កាលទី១ ជិតមកដល់ហើយ។

លោក Trump បាននិយាយកាលពីថ្ងៃអង្គារថា “យើងស្ថិតនៅក្នុងកិច្ចព្រមព្រៀងចុងក្រោយ នៃកិច្ចព្រមព្រៀងដ៏សំខាន់មួយ។ ខ្ញុំគិតថាអ្នកអាចនិយាយថា កិច្ចព្រមព្រៀងដ៏សំខាន់បំផុតមួយ នៅក្នុងពាណិជ្ជកម្មដែលមិនធ្លាប់មាន”។
សង្រ្គាមពាណិជ្ជកម្មរយៈពេល១៦ខែ បានបង្អាក់ដល់សេដ្ឋកិច្ចពិភពលោក។
;អង្គការសហប្រតិបត្តិការនិងអភិវឌ្ឍន៍សេដ្ឋកិច្ច (OECD) បានបញ្ជាក់ថា ផលប៉ះពាល់នៃសង្រ្គាមពាណិជ្ជកម្មអាមេរិក និងចិនបានបណ្តាលឱ្យកំណើនសេដ្ឋកិច្ចពិភពលោកធ្លាក់ចុះ ដូចកម្រិតវិបត្តិហិរញ្ញវត្ថុដ៏ធំកាលពី១០ឆ្នាំមុន៕






