ដោយៈ រ៉ាណេត
ភ្នំពេញៈ គណៈប្រតិភូនៃធនាគារពភពលោកប្រចាំតំបន់អាស៊ីបូព៌ា និងប៉ាស៊ីហ្វិក បានចូលជួបពិភាក្សាការងារមួយចំនួន ជាមួយក្រសួងសាធារណៈការ និងដឹកជញ្ជូន ដោយផ្តោតសំខាន់ទៅលើការពិគ្រោះយោបល់ស្ដីពី បញ្ហាអាទិភាពនៃការអភិវឌ្ឍនៅកម្ពុជាប្រកបដោយចីរភាព។
ប្រតិភូធនាគារពិភពលោកដឹកនាំដោយលោក Benoit Bosquet នាយកប្រចាំតំបន់អាស៊ីបូព៌ា និងប៉ាស៊ីហ្វិច បានចូលជួបសម្ដែងការគួរសមជាមួយទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន លោកស៊ុន ចាន់ថុល និងពិភាក្សាការងារសំខាន់ៗមួយចំនួន ដែលបង្ហាញពីការស្វែងរកគន្លឹះ និងវិធីដោះស្រាយបញ្ហាអាទិភាពនៃការអភិវឌ្ឍនៅកម្ពុជាប្រកបដោយចីរភាព។
នៅក្នុងកិច្ចជំនួបពិភាក្សាខាងលើនេះ ភាគីទាំងពីរក៏បានផ្តោតសំខាន់ទៅលើការអនុវត្តគម្រោងកែលម្អការផ្គត់ផ្គង់ទឹក និងអនាម័យដែលកំពុងត្រូវបានអនុវត្តដោយក្រសួងសាធារណការ និងដឹកជញ្ជូន និងវិស័យដែលមានសក្តានុពល សម្រាប់ការចូលរួមនាពេលអនាគត រួមទាំងការសិក្សាអំពីភាពធន់នឹងបម្រែបម្រួលអាកាសធា តុនិងទឹកជំនន់ នៅក្នុងក្រុងសៀមរាប និងទីក្រុងនានាជាច្រើនទៀត។
លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានគូសបញ្ជាក់អំពីវឌ្ឍនភាពគម្រោងកិច្ចសហប្រតិបត្តិការជំនួយបច្ចេកទេសរបស់ដៃគូអភិវឌ្ឍន៍នានា (Technical Cooperation Project, TCP) ទាក់ទងនឹងការតាក់តែងច្បាប់ ការរៀបចំបទដ្ឋានបច្ចេកទេស និងផែនការមេ ដើម្បីពង្រឹងសមត្ថភាពលើការគ្រប់គ្រងទឹកកខ្វក់នៅកម្ពុជាផងដែរ។
លោកបានបញ្ជាក់ថា “ក្រសួងនៅតែត្រូវការអ្នកជំនាញ និងអ្នកបច្ចេកទេសពីដៃគូអភិវឌ្ឍន៍ ដើម្បីជួយបង្កើនចំណេះដឹងបច្ចេកវិទ្យាថ្មីបន្ថែមទៀត ដល់មន្ត្រីក្រសួង ដើម្បីអាចរៀបចំគោលនយោបាយទឹកកខ្វក់ បទប្បញ្ញត្តិច្បាប់ ការគ្រប់គ្រង និងការសាងសង់បណ្តាញ និងស្ថានីយ៍ប្រព្រឹត្តិកម្មទឹកកខ្វក់នានានៅទូទាំងប្រទេស”។

ភ្ជាប់ជាមួយនឹងដំណោះស្រាយបញ្ហារំដោះទឹកកខ្វក់ ដែលជាបញ្ហាប្រឈមចម្បងមួយក្នុងចំណោមចំនួន ដែលត្រូវបានប្រកាសឡើងដោយសម្ដេចតេជោ ហ៊ុន សែន កាលពីដើមសប្ដាហ៍នេះ នៅត្រឹមរសៀលថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០១៩ ម្សិលមិញនេះ អន្តរក្រសួងដែលពាក់ព័ន្ធបានបើកកិច្ចប្រជុំ និងផ្តល់យោបល់លើរបាយការណ៍វាយតម្លៃហេតុប៉ះពាល់បរិស្ថាន និងសង្គមពេញលេញ (ESIA) សម្រាប់គម្រោងអភិវឌ្ឍន៍ប្រព័ន្ធលូបង្ហូរទឹកកខ្វក់ក្នុងរាជធានីភ្នំពេញ ដែលមានទីតាំងស្ថិតនៅតំបន់បឹងជើងឯក ក្នុងភូមិសាស្រ្ដសង្កាត់ចាក់អង្រែលើ និងចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ របស់រដ្ឋបាលរាជធានីភ្នំពេញ (ម្ចាស់គម្រោង) និងសិក្សាវាយតម្លៃហេតុប៉ះពាល់បរិស្ថាន និងសង្គមពេញលេញ ដោយក្រុមហ៊ុនទីប្រឹក្សា SAWAC Consultants (CAMBODIA) Co., Ltd. ដោយសម្រេចគាំទ្រឱ្យចាប់ផ្តើមអនុវត្តន៍ ទៅតាមគម្រោងដែលបានគ្រោងទុកជាស្ថាពរ៕






