ដោយ វុត្ថា
ភ្នំពេញៈ ក្រសួងសាធារណៈការ និងដឹកជញ្ជូន បានស្នើសុំថវិកាពីរាជរដ្ឋាភិបាលប្រមាណ ៣លានដុល្លារអាមេរិក សម្រាប់ចំណាយជូនដល់ប្រជាពលរដ្ឋទាំងអស់ ដែលមានស្លាកលេខយានយន្ដចាស់ ហើយគ្មាន QR កូដ មកដូរយកស្លាកលេខថ្មី និងមាន QR កូដត្រឹមត្រូវ ដោយឥតគិតថ្លៃ។
លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្រ្ដីក្រសួងសាធារណការ និងដឹកជញ្ជូន នៅក្នុងកិច្ចប្រជុំបូកសរុប លទ្ធផលការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោក រយៈពេល១០ខែ ឆ្នាំ២០១៩ កាលពីរសៀលថ្ងៃទី៣ខែធ្នូ ឆ្នាំ២០១៩ម្សិលមិញនេះថា ការធ្វើដូច្នេះ គឺដើម្បីធានាសុវត្ថិភាព និងកុំឱ្យបន្ដមានការប្រើប្រាស់ស្លាកលេខក្លែងក្លាយ នៅទូទាំងប្រទេសតទៅទៀត។
លោកបន្តថា “ក្រសួងសាធារណការ និងដឹកជញ្ជូនបានធ្វើលិខិតមួយផ្ញើជូនទៅក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដើម្បីស្នើសុំថវិកាប្រមាណ៣លានដុល្លារ សម្រាប់ការផ្ដល់ជូនដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលមានស្លាកលេខឡានចាស់ គ្មានQRកូដ មកដូរយកស្លាកលេខថ្មី និងមានQRកូដ”។
លោកទេសរដ្ឋមន្ត្រីថា បងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលមានលេខស្លាកឡានចាស់ គ្មាន QR កូដ សូមអញ្ជើញទាំងអស់ មកដូរយកស្លាកថ្មី ដែលមាន QR កូដ។ ពេលមកដូរនោះត្រូវធ្វើបច្ចុប្បន្នភាពឈ្មោះ ផ្ទះកាត់នៅកន្លែងណា កាត់ឈ្មោះហើយ ប៉ុន្ដែអត់យកលុយទេ ធ្វើឱ្យព្រី ដែលរាជរដ្ឋាភិបាលយើងត្រូវចេញ ឱ្យប្រហែល៣លានដុល្លារអាមេរិក បង់ឱ្យតែក្រុមហ៊ុន KTS ដែលមកជាន់លេខទេ គឺធ្វើឱ្យទទេ ដល់បងប្អូនប្រជាពលរដ្ឋយើង ជាអំណោយរបស់រាជរដ្ឋាភិបាល។
លោកទេសរដ្ឋមន្រ្ដីបន្ដថា ពេលមកដូរយកស្លាកលេខថ្មី ដែលមានQR កូដនោះ ត្រូវធ្វើបច្ចុប្បន្នភាព អាសយដ្ឋាន ផ្ទះលេខប៉ុន្មាន និងទីកន្លែងរស់នៅរាជធានី ឬខេត្ដណា ដោយត្រូវធ្វើជាថ្មីឡើងវិញ និងកាត់ឈ្មោះឱ្យទៅម្ចាស់ដោយមិនគិតថ្លៃនោះទេ។
លោករដ្ឋមន្ត្រីបន្ថែមទៀតថា ការធ្វើស្លាកលេខថ្មី ដែលមាន QR កូដ ជូនដល់ប្រជាពលរដ្ឋ គឺក្រសួងសាធារណការមិនយកលុយថ្លៃធ្វើនោះទេ គឺផ្ដល់ជូនដោយឥតគិតថ្លៃ ហើយត្រូវរៀបចំទិន្នន័យថ្មី ធ្វើស្លាកលេខថ្មីមាន QR កូដ មានទីលំនៅត្រឹមត្រូវ កាត់ឈ្មោះត្រឹមត្រូវ ដើម្បីកុំឱ្យមានស្លាកលេខក្លែងក្លាយប្រើប្រាស់បន្ដទៀត។
លោកបន្តថា “អញ្ចឹងធ្វើបច្ចុប្បន្នភាព មានអាសយដ្ឋាន មានម្ចាស់យានយន្ដ មានប័ណ្ណសម្គាល់យានយន្ដគឺថ្មីទាំងអស់ មានQR កូដទាំងអស់”។ នេះជាការបញ្ជាក់បន្ថែមរបស់ឯកឧត្ដមទេសរដ្ឋមន្រ្ដី ស៊ុន ចាន់ថុល។
ការលើកឡើងរបស់លោករដ្ឋមន្រ្ដីក្រសួងសាធារណការ និងដឹកជញ្ជូនរូបនេះ បន្ទាប់ពីពេលថ្មីៗកន្លងមកនេះ សមត្ថកិច្ចក្រសួងមហាផ្ទៃបានរកឃើញ និងចាប់បានអ្នកធ្វើស្លាកលេខក្លែងក្លាយចំនួន៧កន្លែង ដែលជាកន្លែងធ្វើស្លាកលេខនគរបាល លេខខ.មលេខកងរាជអាវុធហត្ថ លេខភ្នំពេញ និងលេខខេត្ដ ដែលទាំង៧កន្លែងនេះ គឺជាកន្លែងជាន់លេខសេះហោះ ឬស្លាកលេខក្លែងក្លាយ។
លោកទេសរដ្ឋមន្រ្ដី ស៊ុន ចាន់ថុល ក៏បានបន្ថែមថា ដើម្បីកុំឱ្យមានស្លាកលេខសោះហោះ ឬក្លែងក្លាយប្រើប្រាស់បន្ដទៀត នៅក្នុងប្រទេសកម្ពុជា គឺចាំបាច់ត្រូវប្ដូរមកលេខថ្មី ដែលមាន QR កូដ ដើម្បីផ្ដល់ឱ្យបងប្អូនប្រជាពលរដ្ឋប្រើប្រាស់ស្លាកលេខត្រឹមត្រូវ និងទទួលបាននូវទិន្នន័យល្អទាំងអស់ សម្រាប់ការគ្រប់គ្រងស្លាកលេខយានយន្ដ។
លោកបានបន្ថែមទៀតថា គម្រោងស្នើសុំថវិកា និងរៀបចំប្ដូរស្លាកលេខចាស់ និងផ្ដល់ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ សម្រាប់ប្ដូរឱ្យមកប្រើប្រាស់ស្លាកលេខថ្មី ដែលមាន QR កូដនេះ ក្រសួងសាធារណការ និងដឹកជញ្ជូនកំពុងតែធ្វើការងារជាមួយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ហើយលទ្ធផលយ៉ាងណានោះនៅមិនទាន់បានទទួលនៅឡើយ៕






