ដោយ វុត្ថា
ភ្នំពេញ៖ គណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៃរាជរដ្ឋាភិបាលកម្ពុជា បាននឹងកំពុងរៀបចំសេក្តីព្រាងផែនការមេសម្រប់ប្រព័ន្ធដឹកជញ្ជូនពហុមធ្យោបាយនៅកម្ពុជា ឆ្នាំ ២០២១-២០៣០ ដើម្បីសម្រួលដល់ការដឹកជញ្ជូនតភ្ជាប់ក្នុងតំបន់ និងពិភពលោក។
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានចេញផ្សាយនៅថ្ងៃទី ៤ ខែធ្នូ ឆ្នាំ ២០១៩ នេះថា «សេចក្តីព្រាងផែនការមេ» នេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណង ដើម្បីជំរុញការតភ្ជាប់របស់កម្ពុជា កាត់បន្ថយថ្លៃដឹកជញ្ជូន និងឡូជីស្ទីក ជំរុញសមាហរណកម្មកម្ពុជាទៅក្នុងតំបន់ និងពិភពលោក បង្កើនភាពប្រកួតប្រជែង និងពិពិធកម្ម សេដ្ឋកិច្ចកម្ពុជា សំដៅធានានិរន្តភាពនៃកំណើនសេដ្ឋកិច្ច ក្នុងកម្រិតឧត្តមានុពល។
«សេចក្តីព្រាងផែនការមេ» នេះ រួមបញ្ចូលផែនការមេចំនួន៧ដែលក្នុងនោះរួមមាន៖
១. ផែនការមេប្រព័ន្ធដឹកជញ្ជូនពហុមធ្យោបាយ (intermodal transport)
២. ផែនការមេដឹកជញ្ជូនផ្លូវគោក
៣. ផែនការមេដឹកជញ្ជូនផ្លូវដែក
៤. ផែនការមេដឹកជញ្ជូនផ្លូវទឹក
៥. ផែនការមេដឹកជញ្ជូនផ្លូវសមុទ្រ
៦. ផែនការមេដឹកជញ្ជូនផ្លូវអាកាស
៧. ផែនការមេសម្រាប់ប្រព័ន្ធឡូជីស្ទីក ។
លោក អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានគណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានឱ្យដឹងថា រាជរដ្ឋាភិបាលកម្ពុជា ក៏សម្លឹងឃើញនូវតួនាទីដ៏សំខាន់មួយទៀត របស់ផែនការមេនេះ ដែលជាឯកសារចង្អុលទិស ក៏ដូចជាកំណត់នូវក្របខ័ណ្ឌរួម នៃផែនការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន គ្រប់មធ្យោបាយ រួមទាំងប្រព័ន្ធឡូជីស្ទីក ដែលនឹងជួយបង្កើនប្រសិទ្ធភាព វិនិយោគសាធារណៈលើហេដ្ឋារចនាសម្ព័ន្ធ ដឹកជញ្ជូននៅកម្ពុជាផងដែរ ។
លោកបន្តថា «សេចក្តីព្រាងផែនការមេ» នេះ បានផ្តល់ជាជម្រើសវិធានការថា ត្រឹមឆ្នាំ ២០៣០ ការដឹកជញ្ជូនផ្លូវគោកនៅតែជាអាទិភាពសម្រាប់កម្ពុជា ប៉ុន្តែត្រូវផ្តោតលើគុណភាពឱ្យច្រើនជាងបរិមាណ ហើយត្រូវបន្តអភិវឌ្ឍការដឹកជញ្ជូនផ្លូវអាកាស ការដឹកជញ្ជូនផ្លូវសមុទ្រ ព្រមទាំងស្តារ និងពង្រឹងឡើងវិញទៅលើហេដ្ឋារចនាសម្ព័ន្ធ និងការតភ្ជាប់ការដឹកជញ្ជូនផ្លូវដែក និងផ្លូវទឹក ។
«សេចក្តីព្រាងផែនការមេ» ក៏បានកំណត់នូវអភិក្រម ៣.៣.៤.២ ដែលជារូបមន្តនៃការតភ្ជាប់របស់កម្ពុជាក្នុងកម្រិតប្រទេស និងតំបន់ ដែលសំដៅលើ៖ របៀងដឹកជញ្ជូនចម្បង ៣ (ភាគពាយព្យ ឬភ្នំពេញ-ប៉ោយប៉ែត អាគ្នេយ៍ ឬភ្នំពេញ-បាវិត និរតី ឬភ្នំពេញ-ក្រុងព្រះសីហនុ) របៀងដឹកជញ្ជូនរង ៣ (តំបន់ឆ្នេរ តំបន់ភាគខាងជើងឈាងខាងកើត និងតំបន់ខាងជើង) ប៉ូលកំណើន ៤ (ភ្នំពេញ ខេត្តព្រះសីហនុ សៀមរាប និងបាត់ដំបង) និង ប៉ូលភ្ជាប់កំណើន ២ (ស្វាយរៀង-បាវិត សិរីសោភណ្ឌ-ប៉ោយប៉ែត) ។
«សេចក្តីព្រាងផែនការមេ» នេះ ជាជំនួយរបស់រដ្ឋាភិបាលចិនងដែល ត្រូវបានរៀបចំដោយក្រុមហ៊ុន China International Engineering Consulting Corporation (CIECC) ចាប់តាំងពីពាក់កណ្តាលឆ្នាំ ២០១៨ មក ហើយគ្រោងនឹងបញ្ចប់នៅពាក់កណ្តាលឆ្នាំ២០២០ ខាងមុខ ។
មកទល់ពេលនេះ ក្រុមការងារបានបញ្ចប់សេចក្តីព្រាង និងកំពុងដាក់ស្នើសុំយោបល់ និងអនុសាសន៍បន្ថែមពីភាគីពាក់ព័ន្ធ សំដៅកែលម្អឱ្យកាន់តែសុក្រិត និងគ្រប់ជ្រុងជ្រោយ ៕






