សេដ្ឋកិច្ច​សកល​មាន​ភាព​ច្របូកច្របល់​ ខណៈ​កិច្ច​ព្រមព្រៀង​រវាង​អាមេរិក​ និង​ចិន​នឹង​ត្រូវ​ពន្យារ​បន្ទាប់​បោះឆ្នោត​ឆ្នាំ​ ២០២០​

0

ដោយ​ Donald​ Lee​

ភ្នំពេញ​៖ ទីផ្សារ​ជុំវិញ​ពិភពលោក​បាន​រង្គោះរង្គើ​ បន្ទាប់ពី​ប្រធានាធិបតី​អាមេរិក​លោក​ Donald​ Trump​ បាន​ថ្លែង​ថា​ កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​ជាមួយ​ចិន​នឹង​កើតមាន​ បន្ទាប់ពី​ការបោះឆ្នោត​ប្រធានាធិបតី​អាមេរិក​នៅ​ឆ្នាំ​ ២០២០​។

ការ​អត្ថា​ធិប្បាយ​របស់​លោក​ Trump​ នៅ​ថ្ងៃ​ អង្គារ​ កន្លងមក​នេះ​បាន​ធ្វើឡើង​នៅក្នុង​កិច្ចប្រជុំ​កំពូល​ណា​តូ​ដែល​កំពុង​ធ្វើឡើង​នៅ​ទី​ក្រុង​ឡុង​។ ការបោះឆ្នោត​សកល​អាមេរិក​ធ្វើឡើង​នៅ​ខែ​ វិច្ឆិកា​ ឆ្នាំក្រោយ​។

លោក​ Trump​ បាន​និយាយទៅ​កាន់​អ្នកសារព័ត៌មាន​ថា​ “តាមវិធី​ខ្លះ​ ខ្ញុំ​ចូលចិត្ត​គំនិត​នៃ​ការ​រង់ចាំ​រហូតដល់​ក្រោយ​ការបោះឆ្នោត​សម្រាប់​កិច្ច​ព្រមព្រៀង​ជាមួយ​ចិន​ ប៉ុន្តែ​ពួកគេ​ចង់​ធ្វើ​កិច្ច​ព្រមព្រៀង​ឥឡូវនេះ​ ហើយ​យើង​នឹង​ដឹង​ថា​តើ​កិច្ច​ព្រមព្រៀង​នេះ​នឹង​ត្រូវ​ធ្វើឡើង​ ឬអត់​”។

ទីផ្សារ​នៅ​ជុំវិញ​តំបន់​អាស៊ី​បាន​ធ្លាក់ចុះ​យ៉ាង​ឆាប់រហ័ស​ បន្ទាប់ពី​ការ​អត្ថា​ធិប្បាយ​របស់​លោក​ Trump​ នៅ​ព្រឹក​ថ្ងៃ​ ពុធ​។ ភាគហ៊ុន​ Nikkei​ របស់​ជប៉ុន​បាន​ធ្លាក់ចុះ​ ១,២៥​ ភាគរយ​ ហុងកុង​ ១,១៣​ ភាគរយ​ និង​ Kospi​ របស់​កូរ៉េ​ខាងត្បូង​ធ្លាក់ចុះ​ ១,០៥​ ភាគរយ​។

ទីក្រុង​ប៉េកាំង​បាន​ឆ្លើយតប​ដោយ​បញ្ជាក់​ថា​ លោក​ Trump​ កំពុង​ធ្វើ​ឱ្យ​សេដ្ឋកិច្ច​ពិភពលោក​ជាប់​គាំង​ និង​បង្ក​ភាព​វឹកវរ​នៅក្នុង​ខ្សែ​សង្វាក់​តម្លៃ​ពិភពលោក​។ ប្រព័ន្ធ​ផ្សព្វផ្សាយ​រដ្ឋ​ក៏បាន​អត្ថា​ធិប្បាយ​ផង​ដែរ​ថា​ លោក​ Trump​ កំពុង​បណ្តាល​ឱ្យ​គោលនយោបាយ​សេដ្ឋកិច្ច​សកល​ដែល​មាន​លក្ខណៈ​ស៊ីវិល័យ​ត្រូវ​ដកចេញ​ និង​ត្រូវ​បាន​ជំនួស​ដោយ​អ្វីមួយ​ដូចជា​ច្បាប់​នៃ​ព្រៃ​។

នៅក្នុង​របាយការណ៍​របស់​ Global​ Times​ ដែល​ជា​កម្មសិទ្ធិ​របស់​រដ្ឋ​ចិន​ បានឱ្យ​ដឹង​ថា​ អាមេរិក​កំពុង​បាត់បង់​ការ​គ្រប់គ្រង​ដោយ​យកពន្ធ​លើ​ពិភពលោក​ជា​អាវុធ​ក្នុង​សង្គ្រាម​ពាណិជ្ជកម្ម​ ហើយ​ប្រកាស​សង្គ្រាម​ប្រឆាំង​នឹង​ពិភពលោក​ទាំងមូល​ដោយ​មិន​ស្ទាក់​ស្ទើ​។ នេះ​បង្ហាញថា​ ពិភពលោក​របស់​យើង​កំពុង​ស្ថិត​ក្នុង​ភាព​ច្របូកច្របល់​ ហើយ​ប្រព័ន្ធ​អភិបាលកិច្ច​ពិភពលោក​ដែល​មាន​ភាព​ផុយ​ស្រួយ​កំពុង​មាន​ភាព​វឹកវរ​។ អ្វីមួយ​ដូចជា​ច្បាប់ព្រៃ​ដែល​ធ្លាប់​ត្រូវ​បាន​បោះបង់ចោល​កំពុង​វិលត្រឡប់​មកវិញ​”។

របាយការណ៍​នេះ​បាន​បន្ថែម​ទៀត​ថា​ “ភាពជា​តិ​និយម​តូច​ចង្អៀត​ និង​ប្រជានិយម​កំពុង​ជួបប្រទះ​នូវ​ការ​កើនឡើង​ដែល​មិន​សម​ហេតុផល​។ ការអប់រំ​ជាស​កល​សម្រាប់​មនុស្សជាតិ​ទាំងអស់​បាន​ទទួលជោគជ័យ​ពិតមែន​ ប៉ុន្តែ​ការ​គិតពិចារណា​ហួសហេតុ​ពេក​ និង​ពាក្យស្លោក​ដែល​បង្កហេតុ​កំពុង​កើតមាន​” ។

កាលពី​សប្តាហ៍​មុន​ ក្រុម​អ្នកវិភាគ​ និង​ទីផ្សារ​មាន​សុទិដ្ឋិនិយម​ថា​ កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​មួយ​នឹង​ត្រូវ​បាន​ចុះហត្ថលេខា​ នៅពេល​ដែល​ភាគី​ទាំងសងខាង​បាន​បង្ហាញ​ពី​ភាព​ជឿនលឿន​កំពុង​ត្រូវ​បាន​ធ្វើឡើង​ ហើយ​ថា​ កិច្ច​ព្រមព្រៀង​ដំណាក់​កាល​ទី​ ១ ជិត​មកដល់​ហើយ​។

លោក​ Trump​ បាន​និយាយ​កាលពី​ថ្ងៃ​ អង្គារ​ ថា​ “យើង​ស្ថិតនៅ​ក្នុង​កិច្ច​ព្រមព្រៀង​ចុងក្រោយ​នៃ​កិច្ច​ព្រមព្រៀង​ដ៏​សំខាន់​មួយ​ ខ្ញុំ​គិតថា​ អ្នក​អាច​និយាយ​ថា​ កិច្ច​ព្រមព្រៀង​ដ៏​សំខាន់​បំផុត​មួយ​នៅក្នុង​ពាណិជ្ជកម្ម​ដែល​មិនធ្លាប់​មាន​”។ សង្រ្គាម​ពាណិជ្ជកម្ម​រយៈពេល​ ១៦​ ខែ​បាន​បង្អាក់​ដល់​សេដ្ឋកិច្ច​ពិភពលោក​។

អង្គការ​សហប្រតិបត្តិ​ការ​ និង​អភិវឌ្ឍន៍​សេដ្ឋកិច្ច​ (OECD​) បាន​បញ្ជាក់​ថា​ ផល​ប៉ះពាល់​នៃ​សង្រ្គាម​ពាណិជ្ជកម្ម​អាមេរិក​ និង​ចិន​បាន​បណ្តាល​ឱ្យ​កំណើន​សេដ្ឋកិច្ច​ពិភពលោក​ធ្លាក់ចុះ​ ដូច​កម្រិត​វិបត្តិ​ហិរញ្ញវត្ថុ​ដ៏​ធំ​កាលពី​ ១០​ ឆ្នាំមុន​។

ទន្ទឹម​នឹង​នេះ​ដែរ​ លោក​ Trump​ និង​ប្រធានាធិបតី​បារាំង​លោក​ Emmanuel​ Macron​ បាន​បង្ហាញ​ពាក្យសំដី​ដាក់គ្នា​នៅ​ឯកិច្ចប្រជុំ​កំពូល​របស់​ណា​តូ​នៅ​ទី​ក្រុង​ឡុង​ បន្ទាប់ពី​ការប្រកាស​របស់​អាមេរិក​ថា​នឹង​ដាក់​ពន្ធ​ ១០០​ ភាគរយ​លើ​ទំនិញ​បារាំង​ដែល​មានតម្លៃ​ ២,៤​ ពាន់​លាន​ដុល្លារ​ និង​រួមបញ្ចូល​ស្រា​សំ​ប៉ាញ​ កាបូប​ច្នៃ​ និង​ឈីស​។

ពន្ធគយ​លើ​ការនាំចូល​របស់​បារាំង​កើតឡើង​ បន្ទាប់ពី​ការស៊ើបអង្កេត​របស់​រដ្ឋាភិបាល​អាមេរិក​លើ​ពន្ធ​ថ្មី​នៃ​សេវាកម្ម​ឌីជីថល​បារាំង​ដែល​ដាក់​ពន្ធលើប្រាក់ចំណេញ​ ៣ ភាគរយ​លើ​ក្រុមហ៊ុន​ឌីជីថល​ដែល​រកចំណូល​បាន​ជាង​ ២៧,៨៦​ លាន​ដុល្លារ​នៅ​បារាំង​ និង​ ៨៣០​ លាន​ដុល្លារ​នៅ​ទូទាំង​ពិភពលោក​។ ក្រុម​អ្នកវិភាគ​ជឿជាក់​ថា​ ពន្ធ​ថ្មីនេះ​គឺ​សំដៅ​ដោយ​ផ្ទាល់​ទៅលើ​ក្រុមហ៊ុន​បច្ចេកវិទ្យា​អាមេរិក​ ដូចជា​ Facebook​ Apple​ និង Amazon​៕

LEAVE A REPLY

Please enter your comment!
Please enter your name here