ដោយ ៖ រ៉ាណេត ភ្នំពេញ ៖ រដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានស្នើសុំរដ្ឋាភិបាលប្រទេសអាល្លឺម៉ង់ បន្តការគាំទ្រលើការអភិវឌ្ឍជាដៃគួ ជាពិសេសការចូលរួមផ្តល់នូវបច្ចេកទេស និងថវិកាក្នុងការរៀបចំនគរូបនីយកម្ម នៅកម្ពុជាបន្ថែមទៀត។

នៅក្នុងកិច្ចជំនួបពិភាក្សាការងារជាមួយលោក Christain Berger ឯកអគ្គរដ្ឋទូតអាល្លឺម៉ង់ប្រចាំប្រទេសកម្ពុជា នៅទីស្ដីការក្រសួង កាលពីថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០១៩នេះ លោកឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ជា សុផារ៉ា បានបង្ហាញពីកាលានុវត្តភាពរបស់កម្ពុជា រួមជាមួយនឹងការស្នើសុំឱ្យភាគីរដ្ឋាភិបាលប្រទេសអាល្លឺម៉ង់បន្តការគាំទ្រលើកិច្ចអភិវឌ្ឍ និងរៀបចំនគរូបនីយកម្មនៅកម្ពុជាបន្តទៀត។
លោកឧបនាយករដ្ឋមន្រ្តី ជា សុផារ៉ា បានមានប្រសាសន៍ថា កម្ពុជាធ្លាប់សហការគ្នាជាដៃគូជាមួយអាល្លឺម៉ង់ជាច្រើនឆ្នាំមកហើយ ពោលគឺចាប់តាំងពីឆ្នាំ២០០៨ មក ក្នុងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធជនបទ ដែលតាមរយៈកិច្ចសហការនេះ បានធ្វើឱ្យជីវភាពប្រជាពលរដ្ឋនៅទីជនបទមានការកែប្រែ ក្នុងការសម្រួលដល់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ។
ឈរលើមូលដ្ឋាននេះ អាចធ្វើឱ្យដៃគូអភិវឌ្ឍដទៃទៀត មានការចាប់អារម្មណ៍ថា ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធជនបទ ដែលផ្ដួចផ្ដើម កិច្ចសហការជាមួយដៃគូអាល្លឺម៉ង់ គឺមានភាពល្អប្រសើរ និងផ្ដល់ផលប្រយោជន៍ជាច្រើនសម្រាប់ប្រជាពលរដ្ឋកម្ពុជា។
លោកបានបន្តទៀតថា បន្ទាប់ពីលោកបានមកកាន់ដំណែងជារដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ គឺលោកមានការពេញចិត្តចំពោះកិច្ចសហប្របត្តិការជាមួយភាគីអាល្លឺម៉ង់ ដែលបានធ្វើឱ្យមូលដ្ឋានដំបូងនៃការចុះបញ្ជីធ្លី ដែលចាត់ទុកថាជាការផ្ដួចផ្ដើមក៏មានសារៈសំខាន់នោះ បានធ្វើឱ្យទីផ្សារដីមានការកើនឡើង និងមានការអភិវឌ្ឍលើគ្រប់វិស័យ ចាប់តាំងពីឆ្នាំ១៩៩៥ មក ដែលបច្ចុប្បន្ននេះ បានដំណើរការក្នុងការចុះបញ្ជីដីបាន ៧៧% នៃផ្ទៃដីដែលបានចុះបញ្ជីរួច។
ជាមួយគ្នានេះ លោកឧបនាយករដ្ឋមន្រ្តី ជា សុផារ៉ា បានស្នើឯកអគ្គរដ្ឋទូតអាល្លឺម៉ង់ ប្រចាំកម្ពុជា ជួយគាំទ្រអំពីបញ្ហាក្រុមអ្នកបច្ចេកទេស និងគាំទ្រអំពីបញ្ហាការចុះបញ្ជីដី ព្រមទាំងការរៀបចំប្រព័ន្ធបច្ចេកទេស និងគាំទ្រថវិកាសម្រាប់ដំណើរការដែលត្រូវចំណាយអស់ជាច្រើន ហើយឯកឧត្តមសង្ឃឹមថា ដំណើរការនឹងអាចបន្តទៅមុខ រហូតទទួលបានជោគជ័យតាមការគ្រោងទុក។
ព្រមជាមួយគ្នានេះ លោកក៏បានស្នើសុំឱ្យមានការសហការគាំទ្របន្តកិច្ចការនានា ដើម្បីជាប្រយោជន៍រវាងប្រទេសទាំងពីរ និងជំរុញកិច្ចសហប្រតិបត្តិការ លើវិស័យនានាដូចជា វិស័យពាណិជ្ជកម្ម និងការនាំចេញជាដើមឱ្យកាន់តែល្អប្រសើរឡើងថែមទៀត ដើម្បីជំរុញការរីកចម្រើននាពេលអនាគត។

ជាការឆ្លើយតប លោក Christian Berger ឯកអគ្គរដ្ឋទូតអាល្លឺម៉ង់ ប្រចាំកម្ពុជា បានបង្ហាញពីកិច្ចស្វាគមន៍ចំពោះសំណើរខាងលើនេះ ដោយសន្យានឹងបន្តពង្រីកកិច្ចសហប្រតិបត្តិការរវាងអាល្លឺម៉ង់ និងកម្ពុជា ជាពិសេសជាមួយក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ទាក់ទិននឹងគម្រោងនានាដែលបានលើកឡើងខាងលើឱ្យកាន់តែល្អប្រសើរឡើងផងដែរ៕






