ដោយ Donald Lee
ភ្នំពេញៈ ប្រធានាធិបតីអាមេរិក លោក Donald Trump បានដំឡើងកូនប្រសាររបស់លោក ដើម្បីជួយក្នុងការចរចាពាណិជ្ជកម្មរវាងអាមេរិក និងចិន ដែលកំពុងដួលរលំ ខណៈសង្គ្រាមពាណិជ្ជកម្ម កាន់តែកើនឡើងកំដៅខ្លាំងរវាងភាគីទាំងពីរ។

លោក Jared Kushner បានចូលរួមជាមួយក្រុមចរចា ដែលដឹកនាំដោយអ្នកតំណាងពាណិជ្ជកម្មអាមេរិក លោកRobert Lighthizer និងរដ្ឋលេខាធិការក្រសួងរតនាគារលោក Steven Mnuchin ដើម្បីជួបផ្ទាល់ជាមួយនឹងថ្នាក់ដឹកនាំក្រុមចិន ដែលដឹកនាំដោយឧបនាយករដ្ឋមន្រ្តីចិនលោក Liu He។ នេះបើយោងតាមសារព័ត៌មាន Reuters។
លោក Trump កំពុងប្រើលោក Kushner ធ្វើជាតួអង្គមួយផ្សេងទៀត ដើម្បីចរចាជាមួយទីក្រុងប៉េកាំងដោយផ្ទាល់ នៅពេលដែលភាគីទាំងពីរ ប្រញាប់ប្រញាល់ឈានដល់កិច្ចព្រមព្រៀងពាណិជ្ជកម្ម មុនពេលពន្ធគយថ្មីចូលប៉ះពាល់ដល់ទំនិញចិន នៅថ្ងៃទី១៥ ខែ ធ្នូ។
លោក Kushner គឺជាប្តីរបស់កូនស្រីរបស់ Trump លោកស្រី Ivanka Trump និងធ្លាប់បានណែនាំលើបញ្ហាមួយចំនួន រួមមានការអភិវឌ្ឍផែនការសន្តិភាពមជ្ឈឹមបូព៌ា។
ទីផ្សារនៅជុំវិញពិភពលោកបានធ្លាក់ចុះ បន្ទាប់ពីលោក Trump បានបញ្ជាក់ថា កិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយចិននឹងកើតមាន បន្ទាប់ពីការបោះឆ្នោតប្រធានាធិបតីអាមេរិកនៅឆ្នាំ២០២០។
លោក Trump បាននិយាយទៅកាន់អ្នកសារព័ត៌មានថា “តាមវិធីខ្លះ ខ្ញុំចូលចិត្តគំនិតនៃការរង់ចាំ រហូតដល់ក្រោយការបោះឆ្នោត សម្រាប់កិច្ចព្រមព្រៀងជាមួយចិន ប៉ុន្តែពួកគេចង់ធ្វើកិច្ចព្រមព្រៀងឥឡូវនេះ ហើយយើងនឹងដឹងថា តើកិច្ចព្រមព្រៀងនេះនឹងត្រូវធ្វើឡើងឬអត់”។

សង្គ្រាមពាណិជ្ជកម្មអស់រយៈពេលជាង១៦ខែ បានបង្អាក់ដល់សេដ្ឋកិច្ចពិភពលោក។ អង្គការសហប្រតិបត្តិការ និងអភិវឌ្ឍន៍សេដ្ឋកិច្ច (OECD)បានបញ្ជាក់ថា ផលប៉ះពាល់នៃសង្រ្គាមពាណិជ្ជកម្មអាមេរិក និងចិន បានបណ្តាលឱ្យកំណើនសេដ្ឋកិច្ចពិភពលោកធ្លាក់ចុះដូចកម្រិតវិបត្តិហិរញ្ញវត្ថុដ៏ធំកាលពី១០ឆ្នាំមុន៕






