កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​កម្ពុជា​-សហភាព​សេដ្ឋកិច្ច​អឺរ៉ុប​-អាស៊ី​ បង្ហាញ​ពី​ឱកាស​ឈានឡើង​របស់​កម្ពុជា​

0

ដោយ​ ប៊ី​

ភ្នំពេញ​៖ ក្រសួង​ពាណិជ្ជកម្ម​ បាន​បញ្ជាក់​ថា​ កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​កម្ពុជា​-សហភាព​សេដ្ឋកិច្ច​អឺរ៉ុប​-អាស៊ី​បង្ហាញ​ពី​កាលានុវត្ត​ភាព​ឈ្នះ​-ឈ្នះ​សម្រាប់​កម្ពុជា​ បន្ទាប់ពី​បាន​ចំណាយពេល​សិក្សា​ស្រាវជ្រាវ​អស់​រយៈពេល​ជា​យូរ​មក​នោះ​។

ការសិក្សា​ស្រាវជ្រាវ​ស្តី​ពី​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​រវាង​កម្ពុជា​ និង​សហភាព​សេដ្ឋកិច្ច​អឺរ៉ុប​-អាស៊ី​ (EAEU​) ត្រូវ​បាន​ធ្វើឡើង​រវាង​ក្រសួង​ពាណិជ្ជកម្ម​ និង​វិទ្យាស្ថាន​សិក្សា​ស្រាវជ្រាវ​ស្តី​ពី​សេដ្ឋកិច្ច​អឺរ៉ុប​-អាស៊ី​ (EAEU​) ។

ពិធី​ផ្សព្វផ្សាយ​លទ្ធផល​នៃ​ការសិក្សា​នេះ​ធ្វើឡើង​កាលពី​ម្សិលមិញ​ក្រោម​អធិបតីភាព​ លោក​ ប៉ាន​ សូរ​ស័ក្តិ​ រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម​ និង​លោក​សាស្រ្តា​ចារ្យ​ Hidetoshi​ Nishimura​ ប្រធាន​វិទ្យាស្ថាន​ស្រាវជ្រាវ​សេដ្ឋកិច្ច​សម្រាប់​អាស៊ាន​ និង​អាស៊ី​បូព៌ា​ (ERIA​)។ ពិធី​ផ្សព្វផ្សាយ​នេះ​ ក៏​មានការ​អញ្ជើញ​ចូលរួម​ពី​មន្ត្រី​មក​ពី​បណ្តា​ក្រសួង​-ស្ថាប័ន​ពាក់ព័ន្ធ​នៃ​រាជរដ្ឋាភិបាល​ វិស័យ​ឯកជន​ ដៃគូ​អភិវឌ្ឍន៍​ អង្គការ​អន្តរជាតិ​ និង​វិទ្យាស្ថាន​ស្រាវជ្រាវ​នានា​សរុប​ប្រមាណ​ ៨០នាក់​។

សហភាព​សេដ្ឋកិច្ច​អឺរ៉ុប​-អាស៊ី​ ជាទី​ផ្សារ​មួយ​ដ៏​ធំ​មួយ​គ្របដណ្ដប់​ប៉ែក​អឺរ៉ុប​ខាងកើត​ ដោយមាន​សមាជិក​ចំនួន៥​ ប្រទេស​ គឺ​អា​មេ​នី​ បេ​ឡា​រុស​ កាហ្សាក់ស្ថាន​ កៀហ្ស៉ី​ស៊ី​ស្ថាន​ និ​ងរុស្ស៉ី​។ សហភាព​សេដ្ឋកិច្ច​អឺរ៉ុប​-អាស៊ី​ មាន​ប្រជាជន​សរុប​ចំនួន​ ១៧៦លាន​នាក់​ និង​ផលិតផល​ក្នុង​ស្រុក​សរុប​ ២.៥​ ទ្រី​លាន​ដុល្លារ​អាមេរិក​ នៅ​ឆ្នាំ២០១៦​។

លោក​ ប៉ាន​ សូរ​ស័ក្តិ​ បាន​លើកឡើង​ថា​ តាមរយៈ​ការបង្កើត​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​រវាង​កម្ពុជា​ និង​សហភាព​សេដ្ឋកិច្ច​អឺរ៉ុប​-អាស៊ី​ នឹងអាច​ឱ្យ​ភាគី​ទាំងពីរ​បង្កើន​កិច្ច​សហប្រតិបត្តិ​ការ​សេដ្ឋកិច្ច​-ពាណិជ្ជកម្ម​លើ​ទំនិញ​ សេវា​ និង​វិនិយោគ​។

លោកបន្ត​ថា​ កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​រវាង​កម្ពុជា​ និង​សហភាព​សេដ្ឋកិច្ច​អឺរ៉ុប​-អាស៊ី​ មានផល​វិជ្ជមាន​មក​លើ​សេដ្ឋកិច្ច​កម្ពុជា​ និង​អនុញ្ញាត​ឱ្យ​កម្ពុជា​ទាញ​យក​ផលប្រយោជន៍​បន្ថែម​តាមរយៈ​ការចូលរួម​នៅក្នុង​ខ្សែ​ចង្វាក់​ផលិតកម្ម​តំបន់​ និង​ពិភពលោក​។

ក្នុង​របាយ​ការសិក្សា​ បាន​បង្ហាញថា​ កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​រវាង​កម្ពុជា​ និង​សហភាព​សេដ្ឋកិច្ច​អឺរ៉ុប​-អាស៊ី​ នឹង​នាំ​ឱ្យ​មានការ​រីកចម្រើន​ក្នុង​វិស័យ​ផលិតកម្ម​ ពង្រីក​សេវាកម្ម​ និង​ការ​អភិវឌ្ឍ​សេវា​កម្ម​ថ្មី​ៗបន្ថែម​ទៀត​។

ការសិក្សា​ក៏​បង្ហាញថា​ ការពង្រីក​សេវាកម្ម​ហិរញ្ញវត្ថុ​ ការ​ដឹកជញ្ជូន​ សេដ្ឋកិច្ច​ឌីជីថល​ និង​សេវាកម្ម​កសិកម្ម​ ជា​វិស័យ​ដ៏​សំខាន់​ដែល​ចូលរួម​ជួយ​ឱ្យ​មាន​កំណើន​សេដ្ឋកិច្ច​។កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​កម្ពុជា​-សហភាព​សេដ្ឋកិច្ច​អឺរ៉ុប​-អាស៊ី​ (Cambodia​-Eurasian​ Economic​ Union​ FTA​-CEFTA​) បង្ហាញ​ពី​កាលានុវត្ត​ភាព​ឈ្នះ​-ឈ្នះ​សម្រាប់​ប្រទេស​កម្ពុជា​ ក្នុង​ការ​ធ្វើស​មា​ហរ​ណកម្ម​សេដ្ឋកិច្ច​របស់​ខ្លួន​ឱ្យ​កាន់តែ​ស៊ីជម្រៅ​ទៅ​ក្នុង​ខ្សែ​សង្វាក់​ផលិតកម្ម​ពិភពលោក​ និង​ការ​ធ្វើស​មា​ហរ​ណកម្ម​សេដ្ឋកិច្ច​របស់​ខ្លួន​ជាមួយ​បណ្តា​ប្រទេស​នៅក្នុង​តំបន់​អាស៊ី​កណ្តាល​ និង​ជាមួយ​ប្រទេស​រុ​ស្ស៉ី​។

តាមរយៈ​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​នេះ​ ត្រូវ​បាន​គេ​រំពឹង​ថា​ នឹង​បង្កើន​ឱកាស​ក្នុង​ការ​ធ្វើ​ពាណិជ្ជកម្ម​ និង​វិនិយោគ​ទៅវិញទៅមក​។ ជាពិសេស​កម្ពុជា​ អាច​បង្កើន​ការនាំចេញ​សម្លៀកបំពាក់​ និង​វាយនភ័ណ្ឌ​ ផលិតផល​កសិកម្ម​ និង​ទំនិញ​ដទៃទៀត​ ខណៈ​ដែល​សហភាព​សេដ្ឋកិច្ច​អឺរ៉ុប​-អាស៊ី​ ក៏អាច​ជ្រៀតចូល​ទីផ្សារ​កម្ពុជា​កាន់តែ​ទូលំទូលាយ​ជាង​មុន​ ជាពិសេស​លើ​វិស័យ​ថាមពល​។

លោក​ ប៉ាន​ សូរ​ស័ក្តិ​ បាន​លើកឡើង​ថា​ អនុលោម​តាម​យុទ្ធ​សាស្រ្ត​ចតុកោណ​ដំណាក់កាល​ទី៤​ នីតិកាល​ទី៦​ នៃ​រាជរដ្ឋាភិបាល​កម្ពុជា​ ដែល​ផ្តោត​លើ​ការបង្កើត​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ទ្វេភាគី​ជាមួយ​ប្រទេស​ដៃគូ​ ក្រសួង​ពាណិជ្ជកម្ម​បាន​ បាន​និង​កំពុង​សិក្សា​លើ​លទ្ធភាព​ចរចា​កិច្ច​ព្រមព្រៀង​ជាមួយ​ប្រទេស​ចិន​ និង​ប្រទេស​កូរ៉េ​ខាងត្បូង​ផង​ដែរ​។

លទ្ធផល​នៃ​ការសិក្សា​ បាន​បង្ហាញ​ពី​ភាព​វិជ្ជមាន​ក្នុង​កិច្ច​សហប្រតិបត្តិ​ការ​រួមគ្នា​លើ​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ នឹង​នាំ​ឱ្យ​ទំហំ​ពាណិជ្ជកម្ម​របស់​កម្ពុជា​ មានការ​កើនឡើង​ បង្កើន​ការងារ​សម្រាប់​ប្រជាជន​ ឈាន​សម្រេច​បាន​តាម​ផែនការ​របស់​រាជរដ្ឋាភិបាល​ក្លាយជា​ប្រទេស​មាន​ចំណូល​មធ្យម​កម្រិតខ្ពស់​នៅ​ឆ្នាំ២០៣០​ និង​ជា​ប្រទេស​មាន​ចំណូល​ខ្ពស់​ នៅ​ឆ្នាំ២០៥០​៕

LEAVE A REPLY

Please enter your comment!
Please enter your name here