ដោយ ដែន ចែងចាំង
ភ្នំពេញ៖ ឆ្នាំ២០១៨បានចាប់ផ្តើម និងបានបញ្ចប់នូវខែទី១របស់ខ្លួន តាមប្រតិទិនជាធម្មតា ប៉ុន្តែបើក្រឡេកមើលវិស័យសំណង់ និងអចលនទ្រព្យឆ្នាំ២០១៨មានសញ្ញាល្អប្រសើរផង និងសញ្ញាមិនសូវវិជ្ជមានផង។
យោងតាមការសិក្សារបស់ក្រុមហ៊ុន CBRE Cambodia ដែលបានធ្វើបទបង្ហាញដោយលោក MARC TOWNSEND អគ្គនាយកក្រុមហ៊ុន អចលនទ្រព្យ CBRE ប្រចាំតំបន់អាស៊ី និងប៉ាស៊ីហ្វិកបានរកឃើញថា ទាក់ទងទៅលើទីផ្សារវិនិយោគតម្លៃដីនៅតាមតំបន់នីមួយៗ ជុំវិញទីក្រុងភ្នំពេញ មានការកើនឡើងជាមធ្យមរហូតដល់៦.៦ % បើធ្វើការប្រៀបធៀបទៅនឹងឆ្នាំចាស់។ ចំណែកឯការវិនិយោគទៅលើអាគារ មានការកើនឡើងរហូតដល់២២ភាគរយ។ មានគំរោងសរុបរហូតដល់៣,៤១៨គំរោង ដែលមានទឹកប្រាក់សរុប US$៦.៨ កោដិដុល្លារអាមេរិក កាលពីឆ្នាំ២០១៧។
-->

ក្រឡេកទៅមើលចំនួនខុនដូនៅក្នុងទីក្រុងភ្នំពេញ មានចំនួន៨៦០០បន្ទប់គិតមកដល់ឆ្នាំ២០១៧។ នៅក្នុងឆ្នាំ២០១៧មានខុនដូចំនួន៩ ត្រូវបានស្ថាបនាឡើង។មានខុនដូចំនួន ១៧ ដែលគ្រោងនឹងបញ្ចប់ការសាងសង់នៅអំឡុងឆ្នាំ ២០១៨ ខាងមុខនេះ ។ ចំណែកឯតម្លៃរបស់ខុនដូត្រូវបានធ្លាក់ចុះ១១ភាគរយ សម្រាប់ ខុនដូខ្នាតមធ្យម និង៤ភាគរយ សម្រាប់ខុនដូខ្នាតកណ្តាល ក៏ប៉ុន្តែតម្លៃសម្រាប់ខុនដូខ្នាតខ្ពស់ មានការកើនឡើងរហូតដល់៣ភាគរយ។
ការសិក្សាបានរកឃើញផងដែរថា នៅក្នុងឆ្នាំ២០១៨នេះ អត្រាជួលមានការធ្លាក់ចុះសម្រាប់ខុនដូ។
ចំពោះទីផ្សារការិយាល័យនៅក្នុងប្រទេសកម្ពុជាវិញ យោងទៅលើការព្យាករណ៍សម្រាប់ឆ្នាំ ២០១៨ និងឆ្នាំ២០១៩ និងចំនួនអាគារការិយាល័យមានការកើនឡើង ដោយមានការិយាល័យចំនួន៥ នៅក្នុងទីក្រុងភ្នំពេញត្រូវបានបញ្ចប់ការសាងសង់នៅក្នុងឆ្នាំ ២០១៧ និងមានការិយាល័យចំនួន៩ គំរោងសម្រាប់ឆ្នាំ ២០១៨ និងឆ្នាំ២០១៩ ។ ក្នុងការរំពឹងគិត តម្លៃជួលនៅមានស្ថេរភាពដូចធម្មតាដដែល។ ម្យ៉ាងទៀតនៅក្នុងឆ្នាំ២០១៨នេះ នឹងមានការផ្គត់ផ្គង់អាគារការិយាល័យដែលមានកម្មសិទ្ធចំណែកឯកជន៦០,០០០ ម៉ែត្រការ៉េថែមទៀតផងដែរ។
សម្រាប់ទីផ្សារលក់រាយវិញ បានឃើញថា នឹងមានការកើនឡើងខ្ពស់សំរាប់ឆ្នាំ២០១៨ និងឆ្នាំ២០១៩ ដែលគំរោងផ្នែកលោកមានរហូតដល់១២ គំរោងសម្រាប់ឆ្នាំ២០១៨ ដល់ ឆ្នាំ២០២០ខាងមុខនេះ។
ចំណែកឯផ្នែកឧស្សាហកម្មរបស់ប្រទេសកម្ពុជាវិញ មានការកើនឡើងភាគច្រើនទៅលើវិស័យកាត់ដេរ សម្លៀកបំពាក់ ដោយការនាំចេញមានការកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ។ ក៏ដូចគ្នារដែរទៅលើវិស័យទេសចរណ៍ នៅក្នុងប្រទេសកម្ពុជា ចំនួនអ្នកទេសចរណ៍ ដែលបានចូលមកកាន់ប្រទេសកម្ពុជានៅចុងឆ្នាំ ២០១៧ មានសរុបរហូតដល់៥.៦លាននាក់ ដែលមានចំនួន១១.៨ ភាគរយ ច្រើនជាងចំនួននៅក្នុងឆ្នាំ ២០១៦ ។
នៅក្នុងចំនួនសរុបរបស់អ្នកទេសចរណ៍ ដែលបានចូលមកប្រទេសកម្ពុជានោះ មានជនជាតិ ចិនរហូតដល់ ៤៦.៣ ភាគរយនៃចំនួនសរុប ដែលបន្តដោយជនជាតិ វៀតណាម និង ជនជាតិ ឡាវ។

អ្នកនាងអាន សុធីតា នាយិកាប្រចាំប្រទេសនៃក្រុមហ៊ុន CBRE Cambodiaបានបញ្ជាក់ថា “ការវិនិយោគទៅលើទីតាំងល្អ តំលៃល្អ រួមជាមួយ ការគ្រប់គ្រងល្អ អាគារមានប្រព័ន្ធសុត្ថិភាព និងសំណង់មានគុណភាពល្អនោះ មានន័យថា អ្នកវិនិយោគរូបនោះ នឹងជៀសផុតពីហានិភ័យនិងបញ្ហាផងដែរ៕










