ដោយ វុត្ថា
ភ្នំពេញ៖ ដើម្បីសម្រួល និងការកើនឡើងនៃយានយន្ត រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានអះអាងថា ក្រសួងគម្រោងបង្កើតចំណតបន្ថែម បូករួមនឹងគន្លងផ្លូវពិសេសសម្រាប់ រថយន្តក្រុងដឹកជញ្ជូនអ្នកដំណើរសាធារណៈ ដើម្បីឱ្យសេវានេះធ្វើដំណើរបានលឿន និងកាត់បន្ថយការកកស្ទះចរាចរណ៍ក្នុងរាជធានីភ្នំពេញ។

លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន នៅក្នុងវេទិកាសំណេះសំណាលស្ដីពី ចល័តភាពក្នុងទីប្រជុំជន (URBAN MOBILITY FORUM) កាលពីព្រឹកថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០១៩នេះថា កំណើនសេដ្ឋកិច្ចរបស់ប្រជាពលរដ្ឋនាពេលបច្ចុប្បន្ននេះ មានការរីកលូតលាស់យ៉ាងឆាប់រហ័ស ដែលធ្វើអោយប្រជាពលរដ្ឋមានលទ្ធភាពគ្រប់គ្រាន់ ក្នុងការទិញសម្ភារៈប្រើប្រាស់នានាបាន ហើយទាមទាឱ្យមានការរៀបចំសេវាដឹកជញ្ជូនអោយបានកាន់តែប្រសើរ។
លោកបន្តថា “ការរីកលូតលាស់នៃកំណើនសេដ្ឋកិច្ច របស់ប្រជាពលរដ្ឋយ៉ាងឆាប់រហ័សបែបនេះ បានធ្វើអោយកំណើន នៃការប្រើប្រាស់យានយន្តរបស់ប្រជាពលរដ្ឋ មានការកើនឡើងគួរអោយកត់សម្គាល់”។ លោកបន្តថា “ជាក់ស្តែងក្នុង១ឆ្នាំ ប្រជាពលរដ្ឋទូទាំងប្រទេសទិញម៉ូតូជាង៣០ម៉ឺនគ្រឿង ដែលជាអត្រាមួយខ្ពស់គួរ សមសម្រាប់កម្ពុជា ក្នុងរយៈកាលប៉ុន្មានឆ្នាំនេះ ហើយដែលកំណើនយានជំនិះច្រើនបែបនេះហើយ ដែលជាហេតុធ្វើឲ្យ បញ្ហាកកស្ទះចរាចរណ៍នៅកម្ពុជា ដូច្នេះនេះជាបញ្ហាប្រឈមដែលត្រូវដោះស្រាយ”។
លោករដ្ឋមន្ត្រីថា ក្រសួងសាធារណការ និងដឹកជញ្ជូន មានគម្រោងបង្កើតចំណតបន្ថែម បូករួមនឹងគន្លងផ្លូវពិសេសសម្រាប់ រថយន្តក្រុងដឹកជញ្ជូនអ្នកដំណើរសាធារណៈ ដើម្បីឱ្យសេវានេះ ធ្វើដំណើរបានលឿន ធ្វើឱ្យពលរដ្ឋងាកមកធ្វើដំណើរ តាមរថយន្តក្រុង ដើម្បីកាត់បន្ថយការកកស្ទះចរាចរណ៍ក្នុងរាជធានីភ្នំពេញ។
លោកបន្តថា ក្រសួងសាធារណការ និងដឹកជញ្ជូន នឹងបន្តខិតខំប្រឹងប្រែងធ្វើយ៉ាងណាកែ ប្រែស្ថានភាពផ្លូវ គំនូសផ្លូវ ស្លាកសញ្ញាចរាចរណ៍ អោយកាន់តែល្អបន្ថែមទៀត ដើម្បីធ្វើយ៉ាងណាអោយប្រជាពលរដ្ឋ បានយល់ដឹងកាន់តែច្បាស់ ក្នុងការកាត់បន្ថយការកកស្ទះចរាចរណ៍នៅកម្ពុជា។

នៅក្នុងទីក្រុងភ្នំពេញនាពេលបច្ចុប្បន្ននេះ មានរថយន្តក្រុងរត់ចំនួន១៣ខ្សែ តែមិនទាន់ឆ្លើយតបតម្រូវការជាក់ស្តែង និងការកើនឡើងនៃចំនួនរថយន្ត ដែលធ្វើឱ្យចរាចរណ៍នៅក្នុងទីក្រុងភ្នំពេញមានការកកស្ទះនៅតំបន់មួយចំនួន។ ម្យ៉ាងទៀតការ ប្រើប្រាស់សេវាសាធារណៈរថយន្តក្រុងពីសំណាក់របស់ពលរដ្ឋ ហាក់មិនទាន់ខ្លាំងនៅឡើយទេ បើទោះបីរដ្ឋាភិបាលបានដាក់ឱ្យដំណើរកន្លងមកនេះ៕






