ដោយៈ រ៉ាណេត
ភ្នំពេញៈ សម្រាប់ឆ្នាំ២០២០ខាងមុខនេះ គណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យ នៅថ្នាក់ក្រោមជាតិ (គ.ជ.អ.ប) ដែលមានសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ ជាប្រធាន បានព្រាងគម្រោងចំណាយថវិកាសរុបចំនួនជិត៩០០លានដុល្លារ ដែលក្នុងនោះថវិការដ្ឋប្រមាណ ៩៥ភាគរយ និងថវិការួមចំណែកពីដៃគូអភិវឌ្ឍប្រមាណ៥ភាគរយ។

ថវិកាសម្រាប់រដ្ឋបាលថ្នាក់ក្រោមជាតិ មានចំនួនប្រមាណជាង ៣,៤ទ្រីលានរៀល ឬមានចំនួនប្រមាណជាង ៨៥៥លានដុល្លារអាមេរិក បើប្រៀបធៀបនឹងឆ្នាំ២០១៩ ថវិការបស់រដ្ឋបាលថ្នាក់ក្រោមជាតិឆ្នាំ២០២០ខាងមុខនេះ មានចំនួនកើនឡើងប្រមាណជិត ១,១ទ្រីលានរៀល ឬមានចំនួនប្រមាណជាង២៧៦លានដុល្លារអាមេរិក ដោយសារការបង្កើនអត្រាចូលរួមពីថវិការដ្ឋ ទៅក្នុងមូលនិធិឃុំ សង្កាត់ មូលនិធិក្រុង ស្រុក និងការបង្កើតឲ្យមាននូវ ប្រភពចំណូលផ្សេងៗទៀតសម្រាប់រដ្ឋបាលថ្នាក់ក្រោមជាតិ។
រដ្ឋមន្ដ្រីក្រសួងមុខងារសាធារណៈ លោកពេជ្រ ប៊ុនធិន បានមានប្រសាសន៍នៅក្នុងពិធីបើកអង្គសិក្ខាសាលាកាលពីថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០១៩ នេះថា “សេចក្តីព្រាងបឋមនៃផែនការសកម្មភាព និងថវិកាឆ្នាំ២០២០នេះ បានរៀបចំឡើងដោយផ្អែកទៅលើគម្រោងថវិកាសរុបប្រមាណជាង៣,៥ទ្រីលានរៀល ស្មើនឹងប្រមាណ៨៥៥លានដុល្លារអាមេរិក ដែលក្នុងនោះថវិការដ្ឋប្រមាណជិត ៩៥ ភាគរយ និងថវិកាចូលរួមចំណែកពីដៃគូអភិវឌ្ឍន៍ប្រមាណជាង៥ភាគរយ។
លោកបានបន្តទៀតថា ចំនួនថវិកានេះ នៅពុំទាន់បានគិតបញ្ចូលនូវថវិកា ដែលត្រូវផ្ទេរសម្រាប់អនុវត្តមុខងារនានា ដែលបានផ្ទេរទៅឲ្យរដ្ឋបាល ថ្នាក់ក្រោមជាតិ ជាពិសេសមុខងារដែលត្រូវបានផ្ទេរទៅឲ្យរដ្ឋបាលក្រុង ស្រុក ខណ្ឌស្របនឹងការរៀបចំរចនាសម្ព័ន្ធគ្រប់គ្រងថ្មីរបស់រដ្ឋបាលក្រុង ស្រុក ខណ្ឌតាមគោលការណ៍ នៃរដ្ឋបាលឯកភាព និងមុខងារក្នុងវិស័យសុខាភិបាល ដែលត្រូវបានផ្ទេរទៅឲ្យរដ្ឋបាលរាជធានី ខេត្ត តាមរយៈអនុក្រឹត្យ ដែលបានដាក់ចេញនាពេលថ្មីៗនេះ។

ឆ្នាំ២០២០ខាងមុខនេះ គឺជាឆ្នាំទី២ នៃការអនុវត្តយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាលនៃនីតិកាលទី៦នៃរដ្ឋសភា ជាឆ្នាំចុងក្រោយនៃផែនការអនុវត្តដំណាក់កាលទី៣ របស់គ.ជ.អ.បនិងជាឆ្នាំចុងក្រោយនៃការអនុវត្តកម្មវិធីជាតិ សម្រាប់ការអភិវឌ្ឍការអភិវឌ្ឍ តាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ (២០១០-២០២០) ហើយក៏ជាឆ្នាំដែល គ.ជ.អ.ប ត្រូវគិតគូរអំពីការរៀបចំកម្មវិធីជាតិ៕






