
ដោយ Donald Lee
ភ្នំពេញៈ ជប៉ុន និងកូរ៉េខាងត្បូង បានយល់ព្រមជួបគ្នានៅទីក្រុងតូក្យូ នៅថ្ងៃទី១៦ ខែធ្នូ ដើម្បីបន្ធូរបន្ថយភាពតានតឹងផ្នែកពាណិជ្ជកម្ម ដែលបានធ្វើឱ្យរង្គោះរង្គើសេដ្ឋកិច្ចអាស៊ី និងបណ្តាលឱ្យមានការធ្វើពហិការទំនិញជប៉ុនទាំងអស់នៅកូរ៉េខាងត្បូង។

កិច្ចចរចាពាណិជ្ជកម្មនេះនឹងក្លាយជាលើកទី១ បន្ទាប់ពីទីក្រុងតូក្យូបានដកកូរ៉េខាងត្បូងចេញពីបញ្ជីស (បញ្ជីដៃគូពាណិជ្ជកម្មដែលអាចទុកចិត្តបាន) នៃដៃគូពាណិជ្ជកម្មដោយប្រព័ន្ធអនុគ្រោះ និងបានដាក់កម្រិតលើការនាំចេញសម្ភារៈសំខាន់ៗ ដែលចាំបាច់សម្រាប់ឧបករណ៍ពាក់កណ្តាលសម្រេច និងឧស្សាហកម្មផលិតបន្ទះអេក្រង់។
រដ្ឋាភិបាលជប៉ុនបានអះអាងថា ការដកកូរ៉េខាងត្បូងចេញពីបញ្ជីពណ៌ស គឺដោយសារតែទីក្រុងសេអ៊ូល មិនបានត្រួតពិនិត្យទំនិញឱ្យបានគ្រប់គ្រាន់ ដើម្បីធានាថាបច្ចេកវិទ្យានេះ នឹងមិនត្រូវបានប្រើនៅក្នុងការស្រាវជ្រាវអាវុធ ដោយប្រទេសទាំងឡាយឡើយ។
កិច្ចពិភាក្សាពាណិជ្ជកម្ម ដែលបានគ្រោងទុកត្រូវបានប្រកាស ដោយរដ្ឋមន្រ្តីឧស្សាហកម្មជប៉ុន Hiroshi Kajiyama នៅក្នុងសន្និសីទសារព័ត៌មានកាលពីថ្ងៃ ព្រហស្បតិ៍។
លោក Kajiyama បានប្រាប់អ្នកយកព័ត៌មានថា “ខ្ញុំសង្ឃឹមថា តាមរយៈការសន្ទនា យើងអាចបង្កើនកិច្ចសហប្រតិបត្តិការលើការមិនប្រើអាវុធ”។
ក្រុងសេអ៊ូលអះអាងថា ការរឹតត្បិតពាណិជ្ជកម្មរបស់ជប៉ុន មិនមែនដោយសារតែការភ័យខ្លាចថា បច្ចេកវិទ្យានឹងចូលក្នុងកណ្តាប់ដៃ របស់ប្រទេសទាំងឡាយនោះទេ ប៉ុន្តែនៅក្នុងការសងសឹក នៃសេចក្តីបង្គាប់របស់តុលាការកំពូលកូរ៉េខាងត្បូង កាលពីឆ្នាំមុនដល់សាជីវកម្មជប៉ុន បង់ប្រាក់សំណងសម្រាប់ការចូលរួមរបស់ពួកគេ ក្នុងពលកម្មទាសករលើជនជាតិកូរ៉េ អំឡុងការកាន់កាប់របស់ខ្លួននៅឆ្នាំ ១៩១០ ដល់ ១៩៤៥។
រដ្ឋាភិបាលជប៉ុនបានអះអាងថា សេចក្តីសម្រេចរបស់តុលាការកូរ៉េ ផ្ទុយពីសន្ធិសញ្ញាឆ្នាំ១៩៦៥ រវាងប្រទេសទាំងពីរដែលបានបញ្ជាក់យ៉ាងច្បាស់ថា រាល់ការទាមទារសំណងពេលសង្គ្រាម គឺបានបញ្ចប់ទាំងស្រុង និងចុងក្រោយ។
ទន្ទឹមនឹងនេះដែរ សេដ្ឋកិច្ចជប៉ុនត្រូវបានជាប់គាំងនៅឆ្នាំ២០២០ ខណៈដែលខ្លួននៅតែបន្តកំណើនយឺតនៅចុងឆ្នាំ។ នេះបើយោងតាមមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) ។ IMF បានទម្លាក់ការព្យាករកំណើនរបស់ជប៉ុន ជាថ្មីម្តងទៀតនៅឆ្នាំនេះ ដោយថយចុះពី០,៩ ភាគរយមកនៅត្រឹម០,៨ ភាគរយ។
យោងតាមទិន្នន័យរបស់រដ្ឋាភិបាលជប៉ុន ប្រទេសដែលមានសេដ្ឋកិច្ចដ៏ធំបំផុតទីបីនៅលើពិភពលោកបានចាប់ផ្តើមធ្លាក់ចុះនៅក្នុងត្រីមាសទី ៣ ដោយមានអត្រាកំណើនផលិតផលក្នុងស្រុកសរុប ០,២ ភាគរយ។
យោងតាមក្រុមអ្នកវិភាគបានឱដឹងថា សេដ្ឋកិច្ចជប៉ុនបានធ្លាក់ចុះ១,៦ ភាគរយ ពីត្រីមាសមុន ដោយសារតែភាពតានតឹងនៃសង្គ្រាមពាណិជ្ជកម្ម រវាងអាមេរិកនិងចិន។ សេដ្ឋកិច្ចជប៉ុន ពឹងផ្អែកខ្លាំងលើការនាំចេញ និងខ្សែសង្វាក់ផ្គត់ផ្គង់ភ័ស្តុភារសំខាន់ៗនៅជុំវិញពិភពលោក។
សង្គ្រាមពាណិជ្ជកម្មជាមួយកូរ៉េខាងត្បូង ធ្វើឱ្យប្រជាជនកូរ៉េភាគច្រើនធ្វើពហិការទំនិញ និងសេវាកម្មរបស់ជប៉ុនទាំងអស់។ ទំនាក់ទំនងសេដ្ឋកិច្ចនយោបាយ និងវប្បធម៌រវាងប្រទេសយក្សសេដ្ឋកិច្ចអាស៊ីទាំងពីរ បានឈានដល់កំរិតទាបជាប្រវត្តិសាស្ត្រ។
សេដ្ឋកិច្ចកូរ៉េខាងត្បូងក៏បានធ្លាក់ចុះយ៉ាងខ្លាំងផងដែរ ដោយសារតែសង្គ្រាមពាណិជ្ជកម្មរវាងអាមេរិក និងចិនដែលកំពុងជះឥទ្ធិពលដល់សង្វាក់តម្លៃពិភពលោក។
;ធនាគារកណ្តាលកូរ៉េខាងត្បូងព្យាករណ៍ថា សេដ្ឋកិច្ចកូរ៉េ នឹងជាប់គាំងនៅឆ្នាំ ២០២០ ដោយសារភាពតានតឹងផ្នែកពាណិជ្ជកម្មក្នុងតំបន់ និងពិភពលោក នៅពេលប្រទេសនេះ ជំរុញការផ្លាស់ប្តូរមូលដ្ឋានផលិតកម្មទៅកាន់អាស៊ីអាគ្នេយ៍។
លើសពីនេះទៀត ធនាគារកូរ៉េបានកាត់បន្ថយការព្យាករណ៍កំនើនសេដ្ឋកិច្ច របស់ខ្លួននៅឆ្នាំ២០១៩បន្ថែមទៀត ដោយថយចុះពី០,២នៃកំនើនសេដ្ឋកិច្ច២ភាគរយ នៃកំនើនផលិតផលសរុបក្នុងស្រុក ដែលកម្រិតកំណើនមិនធ្លាប់បានឃើញ ចាប់តាំងពីមានវិបត្តិហិរញ្ញវត្ថុដ៏អស្ចារ្យកាលពី១០ឆ្នាំមុន៕





