ដោយ ៖ រ៉ាណេត
បាត់ដំបង ៖ រដ្ឋាភិបាលបានសម្រេចអនុម័តឱ្យមានការវិនិយោគលើវិស័យរោងចក្រផលិតក្រដាស់វេចខ្ចប់គ្រប់ប្រភេទថ្មីមួយទៀត ដែលមានទីតាំងនៅក្នុងស្រុកសង្កែ ខេត្តបាត់ដំបង ដែលតាមរយៈការអនុម័តនេះ នឹងចូលរួមលើកកម្ពស់សេដ្ឋកិច្ចក្នុងខេត្ត ក៏ដូចជាផ្តល់ឱកាសការងារជាច្រើនកន្លែងសម្រាប់ប្រជាពលរដ្ឋផងដែរ។

បន្ទាប់ពីបានទទួលសំណើស្នើសុំវិនិយោគបង្កើតរោងចក្រផលិតក្រដាស់វេចខ្ចប់គ្រប់ប្រភេទរបស់ក្រុមហ៊ុន ដុងលាង ផេភើរ មីល អ៊ិនដាសស្ទ្រី ថេកណូឡជី (ខេម បូ ឌា) នៅលើផ្ទៃដីទំហំជាង៤១ហិកតា ស្ថិតនៅក្នុងភូមិស្រះកែវ ឃុំកំពង់ស្រះ ស្រុកសង្កែ ខេត្តបាត់ដំបង កាលពីពេលកន្លងទៅនោះ ក្រោយកិច្ចប្រជុំវាយតម្លៃពីផលប៉ះពាល់របស់អន្តរអន្តរក្រសួង និងក្រុមប្រឹក្សាអភិវឌ្ឍកម្ពុជា កាលពីថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០១៩ ម្សិលមិញនេះ រដ្ឋាភិបាលបានសម្រេចអនុម័ត និងគាំទ្រលើគម្រោងវិនិយោគមួយនេះទាំងស្រុង។
អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង លោក ងួន រតនៈ បានបង្ហាញពីក្ដីសាទរ និងគាំទ្រទៅលើគម្រោងថ្មីនៃការវិនិយោគក្នុងវិស័យរោងចក្រនេះ ដោយហេតុថា នៅទូទាំងខេត្តបាត់ដំបង់ វិស័យមួយនេះហាក់នៅមានកម្រិតតិចតួចនៅឡើយបើប្រៀបធៀបជាមួយបណ្តាខេត្តដទៃទៀត។
លោក ងួន រតនៈ បានមានប្រសាសន៍ប្រាប់តាមទូរស័ព្ទកាលពីព្រឹកថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០១៩នេះថា “ថ្វីដ្បិតខេត្តបាត់ដំបង បានខិតខំធ្វើការអភិវឌ្ឍលើគ្រប់វិស័យ ជាពិសេសវិស័យកសិកម្ម និងពាណិជ្ជកម្ម ដែលជំរុញឱ្យកម្រិត GDP បានកើន ឡើងដល់ជាង ១៥៥០ដុល្លារក្នុងម្នាក់ ប៉ុន្តែសម្រាប់វិស័យរោងចក្រគឺនៅមានកម្រិតនៅឡើយ ដោយបច្ចុប្បន្ននេះយើងមានតែរោងចក្រផលិតឱសថ រោងចក្រផលិតស៊ីម៉ង់តិ៍ រោងចក្រម្សៅមី រួមជាមួយនឹងប្រភេទសិប្បកម្មខ្នាតតូច និងលក្ខណៈគ្រួសារតែប៉ុណ្ណោះ”។
ជាមួយនឹងវត្តមានថ្មីនៃរោងចក្រផលិតក្រដាស់វេចខ្ចប់ខាងលើនេះ លោក ងួន រតនៈ ក៏បានលើកទឹកចិត្តដល់បណ្តាវិនិយោគិននានា ឱ្យបន្ថែមការវិនិយោគនៅក្នុងវិស័យរោងចក្រនៅក្នុងខេត្តបាត់ដំបងកាន់តែច្រើនបន្ថែមទៀត ស្របពេលដែលខេត្តបាត់ដំបងជាតំបន់ដែលមានសក្ដានុពលលើកត្តាភូមិសាស្ត្រ និងមានហេដ្ឋារចនាសម្ព័ន្ធអនុគ្រោះដល់ការដឹកជញ្ជូនបានយ៉ាងប្រសើរ។
គម្រោងបង្កើតរោងចក្រផលិតក្រដាសវេចខ្ចប់គ្រប់ប្រភេទ នៅលើផ្ទៃដីទំហំ ៤១.៦១៦ម៉ែត្រការ៉េ ដែលមានទីតាំងនៅក្នុងភូមិសាស្ត្រខាងលើនេះត្រូវបានសិក្សា និងរៀបចំរបាយការណ៍វាយតម្លៃហេតុប៉ះពាល់បរិស្ថានដោយក្រុមហ៊ុនទីប្រឹក្សា អេស ប៊ី ខេ ស្រាវជ្រាវ និងអភិវឌ្ឍន៍ ៕






