ដោយ វុត្ថា
ភ្នំពេញៈ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បាននិងកំពុងធ្វើការ ដើម្បីត្រៀមខ្លួនគាំទ្រដល់សេដ្ឋកិច្ចឌីជីថល និងបដិវត្តន៍ឧស្សាហកម្មជំនាន់ទី៤ ក្នុងនោះការកសាងបទដ្ឋានគតិយុត្ត ការតភ្ជាប់ឌីជីថល ការបណ្តុះបណ្តាលធនធានមនុស្ស សន្តិសុខព័ត៌មាន ការអភិវឌ្ឍវិស័យប្រៃសណីយ៍ ដើម្បីទ្រទ្រង់ដល់ឡូជីស្ទិក (Logistic)។
លោក ត្រាំ អ៊ីវតឹក រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ នៅក្នុងជំនួបជាមួយ លោកស្រី Boutheina Guermazi នាយកនៃនាយកដ្ឋានការអភិវឌ្ឍផ្នែកឌីជីថល នៃធនាគារពិភពលោក នៅថ្ងៃទី៦ ខែធ្នូ ឆ្នាំ ២០១៩នេះថា ក្រសួងបានទទួលភារកិច្ចពីរាជរដ្ឋាភិបាល ក្នុងការរៀបចំក្របខណ្ឌរដ្ឋាភិបាលឌីជីថល និងបានយកចិត្តទកដាក់ផងដែរ ពីសារ:សំខាន់ ក្នុងការបង្កើនការបណ្តុះបណ្តាលចំណេះដឹងឌីជីថលផងដែរ។
ក្រសួងក៏បានផ្តោតលើការពង្រីកហេដ្ឋារចនាសម្ព័ន្ធ បណ្តាញទូរស័ព្ទចល័ត និងអ៊ីនធឺណិត រហូតដល់ជនបទ ក្នុងគុណភាពល្អ និងតម្លៃសមរម្យ ដែលសម្រាប់ប្រទេសកម្ពុជា តម្លៃអ៊ីនធឺណិត ស្ថិតក្នុងប្រទេសដែលមានតម្លៃអ៊ីនធឺណិតធូរថ្លៃជាងគេ នៅលើពិភពលោក។ ស្របពេលជាមួយគ្នា ការពង្រឹងសន្តិសុខព័ត៌មានវិទ្យា ក៏ជាសរសរស្តម្ភមួយដែលទ្រទ្រង់ដល់សេដ្ឋកិច្ចសង្គមឌីជីថល។
លោករដ្ឋមន្ត្រីបន្ថែមថា ក្រសួងបានកំពុងខិតខំបង្កើនការគ្របដណ្តប់ នៃបណ្តាញអ៊ីនធឺណិត និងបណ្តុះបណ្តាលផ្នែកឌីជីថល នៅតាមជនបទតាមរយ:មូលនិធិកាតព្វកិច្ចសេវាសកលទូរគមនាគមន៍ (មូលនិធិ ក.ស.ទ.-USO Fund) និងមូលនិធិនៃការកសាងសមត្ថភាព ការស្រាវជ្រាវ និងការអភិវឌ្ឍវិស័យទូរគមនាគមន៍ បច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន(មូលនិធិ ស.អ.-CBRD Fund) ក៏ដូចជាគម្រោងភូមិឌីជីថល ដើម្បីធានានូវបរិយាប័ន្ននៃការទទួលនូវសេវានេះ ព្រមទាំងបានយកចិត្តទុកដាក់ លើសុវត្ថិភាពនៃការប្រើប្រាស់ប្រព័ន្ធនេះ ពិសេសការការពារដល់កុមារលើការប្រើប្រាស់អនឡាញផងដែរ។
លោកត្រាំ អ៊ីវតឹកបានបញ្ជាក់ទៀតថា ដើម្បីឆ្លើយតបនឹងការរីកដុះដាលនៃវិស័យពាណិជ្ជកម្មអេឡិកត្រូនិក ការអភិវឌ្ឍវិស័យប្រៃសណីយ៍ ក៏ត្រូវបានយកចិត្តទុកដាក់ក្នុងការពង្រីកសេវាកម្មនេះកាន់តែសំបូរបែប ដើម្បីសម្រួលដល់សេវាឡូជីស្ទិក(Logistic) និងការពង្រីកសេវាកម្មប្រៃសណីយ៍ ទៅលើផ្នែកផ្សេងៗទៀត ដូចជាផ្នែកធានារ៉ាប់រង និងហិរញ្ញវត្ថុផងដែរ។
លោកស្រី Boutheina Guermazi នាយកនៃនាយកដ្ឋានការអភិវឌ្ឍផ្នែកឌីជីថល នៃធនាគារពិភពលោក បានវាយតម្លៃខ្ពស់ចំពោះការងារ ដែលក្រសួងបាននិងកំពុងធ្វើ ហើយបានសន្យាថា នឹងយកចំណុចទាំងនេះទៅពិនិត្យ ពិចារណា ជាមួយធាតុចូល ដែលទទួលបានពីក្រសួងផ្សេងទៀត ដើម្បីរៀបចំវិស័យអាទិភាព ដែលធនាគារពិភពលោក នឹងសហការជាមួយកម្ពុជា ក្នុងអភិក្រមនៃវិស័យទាំងមូល ប្រទាក់ក្រឡាគ្នា និងមាននូវបរិយាប័ន្ន៕






