ដោយ ៖ រ៉ាណេត
ភ្នំពេញ ៖ បច្ចុប្បន្ននេះ ការកកស្ទះចរាចរណ៍នៅក្នុងរាជធានីភ្នំពេញបានក្លាយជាបញ្ហាប្រឈមដ៏ធំមួយ ដែលរាជរដ្ឋាភិបាលកំពុងតែព្យាយាមស្វែងរកដំណោះស្រាយ ដើម្បីបន្ធូរបន្ថយវិបត្តិមួយនេះឱ្យមានភាពល្អប្រសើរ តាមរយៈការស្ថាបនាហេដ្ឋារចនាសម្ព័ន្ធនានា ដូចជាស្ពានអាកាស និងស្ពានថ្មើរជើងជាដើម ខណៈដែលកំណើនយានយន្តបានកើនឡើងរហូតដល់ជិត២លានគ្រឿង។
ស្ទើរតែនៅគ្រប់ទីកន្លែងនៃរាជធានីភ្នំពេញ ជាពិសេសនៅតាមបណ្តាផ្លូវសំខាន់ៗនៃជាយក្រុងតែម្ដង កំពុងតែជួបនូវវិបត្តិជំនន់កកស្ទះចរាចរណ៍យ៉ាងណែនណាន់តាន់តាប់រាប់ម៉ោង ពោលគឺចាប់ពីម៉ោង ៦ៈ៣០នាទី រហូតដល់ម៉ោង១០ព្រឹក និងពេលរសៀលចាប់ពីអំឡុងម៉ោង ៥រហូតដល់ម៉ោង ៧យប់។
ចំណុចដែលតែងជួបវិបត្តិកកស្ទះខ្លាំង គឺកើតមាននៅតំបន់ស្ពានជ្រោយចង្វារ តំបន់ស្ពានព្រះមុនីវង្ស (ស្ពានច្បារអំពៅ) តំបន់ខេមកូស៊ីធី តំបន់រង្វង់មូលចោមចៅរួមជាមួយនឹងបណ្តាផ្លូវធំៗមួយចំនួនទៀតនៅក្នុងរាជធានីភ្នំពេញផងដែរ។ រដ្ឋមន្ត្រីក្រសួងសាធារណៈការ និងដឹកជញ្ជូន លោក ស៊ុន ចាន់ថុល បានមានប្រសាសន៍កាលពីថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០១៩ ម្សិលមិញនេះថា ការកកស្ទះចរាចរណ៍នៅក្នុងរាជធានីភ្នំពេញដែលកំពុងតែកើតមាននេះ បច្ចុប្បន្នរដ្ឋាភិបាលបានព្យាយាមរកដំណោះស្រាយជាមួយនឹងវិធីសាស្ត្រជាច្រើន ដែលក្នុងនោះមានដូចជាការបង្កើនចំនួនរថយន្តក្រុង និងការបង្កើតខ្សែរត់បន្ថែម ការស្ថាបនាផ្លូវថ្មើរជើង ការបង្កើតផ្លូវក្រោមដី និងការសាងសង់ស្ពានអាកាសបន្ថែមជាដើម។
លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានមានប្រសាសន៍បន្តទៀតថា “ការកកស្ទះទាំងនេះគឺកើតឡើងគួបផ្សំកត្តាជាច្រើន ដូចជាកត្តាហេដ្ឋារចនាសម្ព័ន្ធនៅក្នុងក្រុងតូច កត្តាអ្នកបើកបរមិនគោរពច្បាប់អាទិភាព ជាពិសេសកត្តានៃកំណើនចំណូលរបស់ប្រជាពលរដ្ឋដែលអាចមានលទ្ធភាពក្នុងការទិញយានយន្ត ដែលរហូតមកដល់ពេលនេះមានចំនួនកើនឡើងរហូតដល់១,៨លានគ្រឿង”។
លោកបានបន្តទៀតថា “នៅក្នុងចំណោមយានយន្តទាំង ១,៨លានគ្រឿងនេះ មានរថយន្តប្រមាណកន្លះលាន ម៉ូតូកង៣ប្រមាណ៤ម៉ឺនគ្រឿង ហើយក្រៅពីនេះគឺម៉ូតូ ខណៈដែលចំនួនម៉ូតូដែលត្រូវបានដាក់ចូលទីផ្សារប្រមាណ ៣០ម៉ឺនគ្រឿងក្នុង១ឆ្នាំ”។
បច្ចុប្បន្ននេះ បន្ថែមពីលើការកសាងស្ពានអាកាស និងស្ពានថ្មើរជើងដែលជាវិធីសាស្ត្រក្នុងការជួយកាត់បន្ថយការកកស្ទះចរាចរណ៍ រដ្ឋបាលរាជធានីភ្នំពេញបានសិក្សាពីគម្រោងស្ថាបនាផ្លូវសម្រាប់អ្នកថ្មើរជើង និងផ្លូវសម្រាប់ម៉ូតូនៅលើចិញ្ចើមថ្លូវនៅបណ្តាខណ្ឌមួយចំនួនដែលជួបបញ្ហាកកស្ទះខ្លាំង។
បន្ថែមពីនេះ សម្ដេច តេជោ ហ៊ុន សែន ក៏បានបង្គាប់ឱ្យរដ្ឋបាលរាជធានីភ្នំពេញសិក្សា និងស្វែករកក្រុមហ៊ុនអភិវឌ្ឍនានា ដើម្បីសាងសង់ទីចំណតរថយន្តនៅក្នុងសួនច្បារ ឬក្រោមដី ដែលអាចជួយចូលរួមកាត់បន្ថយបញ្ហាដែលកំពុងតែប្រឈមមួយនេះផងដែរ ៕






