ក្រុមហ៊ុន​គ្រឿង​សង្ហា​រឹម​ដ៏​ធំ​មួយ​មក​ពី​ប្រទេស​បារាំង​ឈានជើង​ចូល​ទីផ្សារ​កម្ពុជា​

0

ដោយ ​វុត្ថា​

ភ្នំ​ពេញៈ​ ក្រុមហ៊ុន​ CONFORAMA​ ដែល​ជា​ក្រុមហ៊ុន​លំដាប់​លេខ១ផ្នែក​ផលិត​និង​ផ្គត់ផ្គង់​គ្រឿង​សង្ហារ​រឹម​មក​ពី​ប្រទេស​បារាំង​ បាន​ឈានជើង​ចូល​ទីផ្សារ​កម្ពុជា​ ដោយសារ​ការ​រីកចម្រើន​នៃ​វិស័យ​សំណង់​ និង​អចលនទ្រព្យ​នៅ​កម្ពុជា​។

លោកស្រី​សុង​ ធីតា​ ប្រធាន​ក្រុមហ៊ុន​ LINDA​ GOLD​ CRUCIBLE​ ថ្លែង​នៅក្នុង​ពិធី​ចុះហត្ថលេខា​លើ​អនុ​ស្សា​ហរ​ណៈ​យោគយល់​គ្នា​ ក្នុង​ភាពជា​ដៃគូ​ពាណិជ្ជកម្ម​ជាមួយ​ក្រុមហ៊ុន ​LINDA​ GOLD​ CRUCIBLE​ កាលពី​ពេល​ថ្មី​ៗនេះ​ថា​ នេះ​ពិត​មាន​មោទនភាព​ខ្លាំង​ណាស់​ ក្នុង​ការ​ចាប់ដៃ​គូ​ពាណិជ្ជកម្ម​ផ្តាច់​មុខ​ ជាមួយ​ក្រុមហ៊ុន​ CONFORAMA​ ពីព្រោះ​គឺជា​ក្រុមហ៊ុន​យក្ស​មួយ​ ដែល​ជាប់​ចំណាត់ថ្នាក់​លេខ១នៅ​ប្រទេស​បារាំង​ និង​ចំណាត់ថ្នាក់​លេខ២នៅ​អឺរ៉ុប​។

លោកស្រី​បន្ត​ថា​ “នេះ​មិនមែន​ជា​ការ​ចៃដន្យ​ទេ​ ដែល​ក្រុមហ៊ុន​យក្ស​មួយ​នេះ​មក​កម្ពុជា​។ នេះ​ជា​ផ្លែផ្កា​នៃ​ការ​ខំប្រឹង​ប្រែង​អស់​រយៈពេល​ជាង២ឆ្នាំ​ ដែល​យើង​បាន​ទំនាក់ទំនង​ផ្ទាល់​ជាមួយ​ថ្នាក់ដឹកនាំ​ CONFORAMA​ នៅ​ទីក្រុង​ប៉ារីស​ ដោយ​បាន​ធ្វើការ​សិក្សា​ទីផ្សារ​យ៉ាង​ល្អិតល្អន់​ អស់​រយៈពេល​រាប់​ខែ​នៅ​កម្ពុជា​ ដោយមាន​អ្នកជំនាញ​មក​ពី​ក្រុមហ៊ុន​ CONFORAMA​”។

លោកស្រី​បន្ត​ថា​ “លទ្ធផល​ទាំងនេះ​ ក៏​អាស្រ័យ​ជាបឋម​ដោយក្រុម​ការងារ​យុវជន​នៅ​ទ្វីបអឺរ៉ុប​ដឹកនាំ​ដោយ​លោក​ហួត​ ហាក់​ តាម​ការ​ចង្អុល​ទិស​ និង​ ការណែនាំ​ជាប្រចាំ​ពីសំណាក់​លោក​បណ្ឌិត​ ហ៊ុន​ ម៉ា​ណែ​ត ដែល​តែង​ប្រឹងប្រែង​គៀង​គរ​ក្រុមហ៊ុន​ឬវិនិយោគិន​ពីក្រៅ​ប្រទេស​ ដោយឡែក​ពី​ទ្វីបអឺរ៉ុប​ ឬពី​ប្រទេស​បារាំង​ ឲ្យ​មក​វិនិយោគ​នៅ​ប្រទេស​កម្ពុជា​”។

លោក​ STANISLAS​ CONSEILLER​ តំណាង​ក្រុមហ៊ុន ​CONFORAMA​ បាន​មានប្រសាសន៍​ថា​ ​ក៏ដោយ​បានឃើញ​មាន​ស្ថិរភាព​ខាង​កំណើន​សេដ្ឋកិច្ច​ និង​កម្ពុជា​ជា​ប្រទេស​កំពុង​អភិវឌ្ឍ​មិនឈប់ឈរ​ ដែល​ផ្តល់​ឪកាស​ឲ្យ​អតិថិជន​វ័យក្មេង​ សម្រាប់​តម្រូវការ​របស់​ខ្លួន​ នៅ​តាម​គេហដ្ឋាន​នូវ​គ្រឿង​សង្ហា​រឹម​ដែល​ទាន់សម័យ​ គុណភាព​ល្អ​ តម្លៃ​សមរម្យ​ ដែល​អាច​ជម្រុ​ញឲ្យ​មានសន្ទុះ​ជា​វិជ្ជមាន​ក្នុង​ការពង្រីក​ហាង​ CONFORAMA ​យ៉ាង​លឿន​នៅ​ទីនេះ​។

លោ​ស្រី​ម៉ែ​ន សំ​អន​ ឧបនាយក​រដ្ឋមន្រ្តី​ រដ្ឋមន្រ្តី​ក្រសួង​ទំនាក់ទំនង​ជាមួយ​រដ្ឋសភា​-ព្រឹទ្ធសភា​ និង​អធិការកិច្ច​បាន​ថ្លែង​ដែរ​ថា​ ​កិច្ច​សហប្រតិបត្តិ​ការ​រវាង​ក្រុមហ៊ុន​កម្ពុជា​ និង​ក្រុមហ៊ុន​បារាំង​នា​ពេលនេះ​ បាន​បញ្ជាក់​ពី​ការលូតលាស់​ឥត​ឈប់ឈរ​ នៃ​កិច្ច​សហប្រតិបត្តិ​ការ​រវាង​ព្រះរាជាណាចក្រ​កម្ពុជា​ និង​ប្រទេស​មហាអំណាច​សេដ្ឋ​កិ​ច្ច​ផ្សេង​ៗដ៏​ទៃ​ទៀត​លើ​លោក​ ។ ចាប់ពី​ពេល​ទទួល​សន្តិភាព​ពេញលេញ​មក​ ព្រះរាជាណាចក្រ​កម្ពុជា​បាន​ក្លាយជា​ប្រភព​ នៃ​អ្នកវិនិយោគទុន​បរទេស​ដ៏​មាន​សក្តា​នុ​ពល​ ព្រមទាំង​ជា​ដៃគូ​ពាណិជ្ជកម្ម​ដ៏​ល្អ​បំផុត​ ព្រមទាំង​ក៏​ជា​ប្រទេស​ដែល​មាន​ចំនួន​ភ្ញៀវ​ទេសចរ​ដ៏​ច្រើន​ ដែល​កំពុង​មក​ទស្សនា​កម្ពុជា​។

លោកស្រី​ឧបនាយក​រដ្ឋមន្រ្តី​ បាន​សម្តែង​ការ​គាំទ្រ​ចំពោះ​កិច្ច​សហប្រតិបត្តិ​ការ​វិនិយោគ​រួមគ្នា​ ក្នុង​ការ​ចាប់ដៃ​គូ​ពាណិជ្ជកម្ម​រវាង​ក្រុមហ៊ុន​បរទេស​ និង​ក្រុមហ៊ុន​ក្នុង​ស្រុក​ ហើយ​រាជរដ្ឋាភិបាល​សង្ឃឹម​យ៉ាង​មុតមាំ​ថា​ បន្ទាប់ពី​ការ​សហការ​វិនិយោគ​រួមគ្នា​រវាង​ក្រុមហ៊ុន​ទាំងពីរ​ អតិថិជន​នឹង​បាន​អង់​សែន​ផ្សារ​ទំនើប​មួយ​ថ្មី​ ដែល​មាន​ផលិតផល​ថ្មី​ប្រកបដោយ​គុណភាព​ខ្ពស់​ និង​តម្លៃ​សមរម្យ​ ។ ផ្សារ​ទំនើប​ថ្មីនេះ​ នឹងអាច​បង្កើត​ការងារ​ និង​ប្រាក់ចំណូល​យ៉ាងច្រើន​ដល់​ប្រជាពលរដ្ឋ​កម្ពុជា​ ដើម្បី​រួមចំណែក​ដល់​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​ប្រកបដោយ​ចីរភាព​៕

LEAVE A REPLY

Please enter your comment!
Please enter your name here