ដោយ ៖ រ៉ាណេត
ភ្នំពេញ ៖ គម្រោងរោងចក្រចំនួន៣បន្ថែមទៀត នឹងបង្ហាញខ្លួននៅក្នុងខេត្តិកំពង់ស្ពឺ ជាមួយនឹងទំហំទឹកប្រាក់វិនិយោគសរុបចំនួនប្រមាណ១០លានដុល្លារ ដោយក្នុងនោះរោងចំនួន២ស្ថិតនៅក្នុងស្រុកគងពិសី និងមួយទៀតស្ថិតនៅក្នុងស្រុកបរសេដ្ឋ។

ជាការឆ្លើយតបទៅនឹងការស្នើសុំវិនិយោគរបស់ក្រុមហ៊ុនចំនួន៣ទៅលើវិស័យរោងចក្រ ដែលមានទីតាំងស្ថិតនៅក្នុងខេត្តកំពង់ស្ពឺ រាជរដ្ឋាភិបាលបានសម្រេចអនុម័ត និងគាំទ្រទាំងស្រុងទៅលើគម្រោងវិនិយោគចំនួន៣បន្ថែមទៀតដែលមានទំហំទឹកប្រាក់សរុបចំនួន១០លានដុល្លារសហរដ្ឋអាមេរិក។
ក្រុមហ៊ុនដែលទទួលបានការគាំទ្រពីសំណាក់រដ្ឋាភិបាលទាំង៣រួមមាន ទី១ – ក្រុមហ៊ុន SUNRISE FASHION (CAMBODIA) CO., Ltd បង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ ស្រោមខ្នើយ និងស្រោមពូក មានទីតាំងវិនិយោគស្ថិតនៅផ្លូវជាតិលេខ៣ ភូមិពោធិ៍អង្គ្រង ស្រុកបរសេដ្ឋ មានទុនវិនិយោគប្រមាណ ៣,៥លានដុល្លារអាមេរិក អាចបង្កើតការងារបានចំនួន ១.២៥៥កន្លែង។
ទី២–ក្រុមហ៊ុន BRIDGE INDUSTRY (CAMBODIA) CO., Ltd បង្កើតរោងចក្រផលិតសម្ភារៈបរិក្ខារបម្រើឱ្យ វិស័យសំណង់ ស្ថិតនៅភូមិចាស់ ឃុំពេជ្រមុនី ស្រុកគងពិសី មានទុនវិនិយោគប្រមាណ២,៧លានដុល្លារអាមេរិក អាចបង្កើតការងារបានចំនួន ២៧១កន្លែង។
ទី៣ ក្រុមហ៊ុន GD NEW SKY LEATHER PRODUCTS CO., Ltd បង្កើតរោងចក្រផលិតកាបូប និងខ្សែក្រវាត់ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិព្រៃថ្កូវ ឃុំព្រះនិព្វាន្ត ស្រុកគងពិសី មានទុនវិនិយោគប្រមាណ ៣,៨លានដុល្លារអាមេរិក អាចបង្កើតការងារបានចំនួន ១.៥០៦នាក់។
អភិបាលខេត្តកំពង់ស្ពឺ លោក វ៉ី សំណាង បានបង្ហាញពីការសាទរ និងគាំទ្រនូវវត្តមានក្រុមហ៊ុនទាំង៣ ដែលបានសម្រេចដាក់ទីតាំងនៅក្នុងខេត្តកំពង់ស្ពឺ។
លោកបានមានប្រសាសន៍ប្រាប់តាមទូរស័ព្ទថា “មិនថាចំពោះក្រុមហ៊ុនក្នុងស្រុក ឬមកពីក្រៅស្រុកនោះទេ រដ្ឋាភិបាល ក៏ដូចជាអជ្ញាធរខេត្តគាំទ្រជានិច្ច ជាមួយនឹងការខិតខំសម្របសម្រួលដើម្បីឱ្យគម្រោងវិនិយោគដំណើរការប្រកបដោយភាពរលូន និងទទួលបានភាពជោគជ័យ”។
លោកបានបន្តទៀតថា “បច្ចុប្បន្ននេះ នៅក្នុងខេត្តកំពង់ស្ពឺទាំងមូល គឺមានគម្រោងរោងចក្រ សហគ្រាសតូចធំជាច្រើន ដោយមួយចំនួនធំបាន និងកំពុងមានការដំណើរការ ហើយមួយចំនួនទៀតកំពុងតែរត់ការឯកសារច្បាប់”។

លោក វ៉ី សំណាង បានបញ្ជាក់ថា “គិតត្រឹមដើមខែធ្នូ ឆ្នាំ២០១៩នេះ នៅក្នុងខេត្តកំពង់ស្ពឺមានក្រុមហ៊ុនជាច្រើនកំពុងដំណើរការ ហើយសម្រាប់តែវិស័យរោងចក្រមានកំណើនយ៉ាងគំហុករហូតដល់ចំនួន ២៦១រោងចក្រ ផ្តល់ឱកាសការងារបានចំនួនជាង១៣ម៉ឺនកន្លែង ជាមួយនឹងកំណើន GDP ប្រមាណ ១៧០០ដុល្លារក្នុងម្នាក់”៕









