រោងចក្រ​វាយនភណ្ឌ​ និង​កាត់ដេរ​មួយទៀត​ នឹង​បង្ហាញខ្លួន​ នៅ​លើ​ផ្ទៃដី​ទំហំ​ជាង​ ១២២​ ពាន់ម៉ែត្រក្រឡា​ក្នុង​ក្រុង​បាវិត

0

​ដោយ ​វត្ថា

ភ្នំពេញ​៖ រោងចក្រ​វាយនភណ្ឌ​ និង​កាត់ដេរ​ដែល​វិនិយោគ​ដោយក្រុម​ហ៊ុន​ ថបស្ព័​ត ថេ​កស្ថាយ​ អិល​ធី​ឌី​ នឹង​បង្ហាញខ្លួន​នៅ​លើ​ផ្ទៃដី​ទំហំ​ ១២២.៣៣៥ម៉ែត្រក្រឡា​ ដែល​មាន​ទីតាំង​ស្ថិតនៅ​សង្កាត់​បាវិត​ ក្រុង​បាវិត​ ខេត្តស្វាយរៀង​។

យោង​តាម​កិច្ចប្រជុំ​អន្តរក្រសួង​ស្ថាប័ន​ស្តី​ពី​ការពិនិត្យ​ និង​ផ្តល់​យោបល់​លើ​របាយការណ៍​វាយតម្លៃ​ហេតុ​ប៉ះពាល់​បរិស្ថាន​ និង​សង្គម​ពេញលេញ​ (ESIA​) នៅ​ថ្ងៃទី​ ៩ ខែធ្នូ​ ឆ្នាំ​ ២០១៩​ នេះ​ បានឱ្យ​ដឹង​ថា​ សម្រាប់​គម្រោង​បង្កើត​រោងចក្រ​វាយនភណ្ឌ​ និង​កាត់ដេរ​ នៅ​លើ​ផ្ទៃដី​ទំហំ​ ១២២.៣៣៥ម៉ែត្រក្រឡា​ ដែល​មាន​ទីតាំង​ស្ថិតនៅ​សង្កាត់​បាវិត​ ក្រុង​បាវិត​ ខេត្តស្វាយរៀង​ របស់​ក្រុមហ៊ុន​ ថបស្ព័​ត ថេ​កស្ថាយ​ អិល​ធី​ឌី​ ដែល​សិក្សា​ និង​រៀបចំ​របាយការណ៍​ដោយក្រុម​ហ៊ុន​ទីប្រឹក្សា​ អ៊ី​ & អេ​ ខន​សាល់​ធេន​។

អង្គប្រជុំ​ បាន​ទទួលលទ្ធផល​ ដូច​ខាងក្រោម​ បាន​គាំទ្រ​លើ​គម្រោង​នេះ​ និង​ ម្ចាស់​គម្រោង​ ត្រូវ​ត្រួតពិនិត្យ​ឱ្យ​ច្បាស់លាស់​ចំពោះ​ការគ្រប់គ្រង​សំណល់រឹង​-រាវ​ ជាពិសេស​ការ​បង្ហូរ​សំណល់រាវ​ចូល​ទៅ​ក្នុង​ព្រែក​តា​ពៅ​។

ម្ចាស់​គម្រោង​ ត្រូវ​បញ្ចូល​បន្ថែម​នូវ​លិខិត​បទដ្ឋាន​គតិ​យុត្ត​ផ្សេង​ៗ ដែល​ពាក់ព័ន្ធ​នឹង​គម្រោង​ និង​បញ្ចូល​បន្ថែម​នូវ​មតិយោបល់​របស់​អង្គប្រជុំ​ទៅ​ក្នុង​របាយការណ៍​នេះ​ និង​ ​ត្រូវ​ធ្វើការ​សហការ​ឱ្យ​បាន​ល្អជា​មួយ​អាជ្ញាធរ​មូលដ្ឋាន​ និង​ស្ថាប័ន​ជំនាញ​ពាក់ព័ន្ធ​ ដើម្បី​ធ្វើការ​ពិនិត្យ​គុណភាព​ទឹកដែល​បង្ហូរ​ចូល​ទៅ​ក្នុង​អូរ​តា​ពៅ​ជាដើម​។

យោង​របាយការណ៍​របស់​រដ្ឋបាល​ខេត្តស្វាយរៀង​បាន​បង្ហាញ​កាលពី​កន្លងទៅ​នេះ​ បង្ហាញថា​ នៅ​ក្រុង​បាវិត​មាន​រោងចក្រ​ សហគ្រាស​ កាស៊ីណូ​ និង​មា​នភៀវ​ទេសចរ​បរទេស​ចូល​មក​កម្សាន្ត​ច្រើន​ ។ ក្រុង​បាវិត​មាន​សកម្មភាព​រស​រវើក​ឡើងវិញ​ ដោយ​ចំនួន​មនុស្ស​រស់នៅ​បាន​កើន​ដល់​ជាង ៥០,០០០នាក់​ ដែល​ធ្វើឲ្យស​កម្ម​ភាព​ក្នុង​វិស័យ​អចល​ទ្រព្យ​មាន​ភាព​ពុះកញ្ជ្រោល​ខ្លាំង​ លើ​ការ​ពុះ​ដី​ឡូត៍​លក់​ និង​សកម្មភាព​មួយចំនួន​ទៀត​។

នាយក​រដ្ឋបាល​សាលាក្រុង​បាវិត​ លោក​ប៉ែន​ ភា​រ៉ុន​ ធ្លាប់​បានឱ្យ​ដឹង​ថា​ ទីក្រុង​បាវិត​មាន​ទំហំផ្ទៃ​ដី២០៦,៦៩គីឡូម៉ែត្រ​ការ៉េ​ និង​មាន​តំបន់​សេដ្ឋកិច្ច​ពិសេស​ចំនួន៥​ និង​មាន​រោងចក្រ​ចំនួន៥៦កំពុង​ដំណើរការ​ មាន​សណ្ឋាគារ​ និង​កាស៊ីណូ​ចំនួន១២កំពុង​ដំណើរការ​ និង​មួយ​កំពុង​សាងសង់​។

លោក​បន្ត​ថា​ បច្ចុប្បន្ន​ការ​វិនិយោគ​កើនឡើង​ក្នុង​ទីក្រុង​នេះ​ទាំង​សកម្មភាព​ពាណិជ្ជកម្ម​ រោងចក្រ​សហគ្រាស​ និង​វិស័យ​អចលនទ្រព្យ​។

យោង​តាម​ផែនការ​អភិវឌ្ឍន៍​វិស័យ​ឧស្សាហកម្ម​ឆ្នាំ២០១៥​ ២០២៥ រដ្ឋាភិបាល​មាន​គំរោង​រៀបចំ​ក្រុង​បាវិត​ជា​តំបន់​សេដ្ឋកិច្ច​ពិសេស​ តាមរយៈ​ការ​កែ​លំ​អរ​ហេ​ដ្ឋា​រចនាសម្ព័ន្ឋ​ ដើម្បី​ទទួលយក​ផលប្រយោជន៍​ ពី​ការ​តភ្ជាប់​ខ្សែ​ក្រ​វ៉ាត់​ភាគ​ខាងត្បូង​ប្រទេស​ ដែល​កម្ពុជា​ក្លាយជា​ចំណុច​ឆ្លងកាត់​រវាង​ប្រទេស​ថៃ​ និង​វៀតណាម​តាមផ្លូវ​ជាតិ​លេខ៥​ ពី​ក្រុង​ប៉ោយប៉ែត​តាមរយៈ​ផ្លូវជាតិ​លេខ៥​ និង​ផ្លូវជាតិ​លេខ១ឆ្ពោះទៅ​ក្រុង​បាវិត​ ខេត្តស្វាយរៀង​៕

LEAVE A REPLY

Please enter your comment!
Please enter your name here