ដោយ វុត្ថា
ភ្នំពេញ៖ ក្រុមហ៊ុន កូកា-កូឡា គ្រោងបោះទុនចំនួន ពី ១៥ ទៅ ២០ លានដុល្លារអាមេរិកដើម្បីសាងសង់ឃ្លាំង ដើម្បីបង្រីកខ្សែសង្វាក់ផលិតកម្មរបស់ខ្លួនបន្ថែមទៀត ក្នុងការឆ្លើយតបទៅនឹងការរីកចំរើនសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា។

លោក David Wigglesworth នាយកប្រតិបត្តិក្រុមហ៊ុន CAMBODIA BEVERAGE COMPANY LTD (ក្រុមហ៊ុនកូកា-កូឡា) នៅក្នុងជំនួបជាមួយលោកឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដីនដី នគរូបនីយកម្ម និងសំណង់ កាលពីថ្ងៃទី ៩ ខែធ្នូ ម្សិលមិញនេះ ថា បច្ចុប្បន្ននេះ កម្ពុជាមានការកើនឡើងនូវសេដ្ឋកិច្ចយ៉ាងឆាប់រហ័ស ដូច្នេះ ក៏ជាឱកាសដែលអាចឱ្យក្រុមហ៊ុនលោកបន្តពង្រីកការវិនិយោគបន្ថែមទៀត ដោយផ្ដោតការផលិតផលក្នុងស្រុក ដើម្បីបំពេញតម្រូវការប្រជាពលរដ្ឋ ដោយមិនចង់ឱ្យមានការនាំផលិតផលចូលពីបរទេស។
លោកបន្ថែមថា ដោយសារតែការរីកចម្រើននូវសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជានោះ បានធ្វើឱ្យក្រុមហ៊ុនលោក មានការរីកចម្រើនយ៉ាងឆាប់រហ័សលើសពីការរំពឹងទុក ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ដូច្នេះហើយ ក្រុមហ៊ុនត្រូវការធនធានបន្ថែមទៀតទាក់ទិននឹងផ្នែកអគ្គិសនី និងពង្រីកការសាងសង់ឃ្លាំង ដើម្បីដំណើរការសង្វាក់ផលិតកម្មបន្ថែមទៀត។
លោក David Wigglesworth បានស្នើសុំគោលការណ៍អនុញ្ញាតពីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដើម្បីក្រុមហ៊ុនបានសាងសង់ឃ្លាំងបន្ថែមទៀត សម្រាប់ពង្រីកខ្សែសង្វាក់ផលិតកម្ម និងពង្រីកការវិនិយោគបន្ថែមលើទឹកប្រាក់ពី ១៥លាន ទៅ ២០លានដុល្លារថែមទៀតផងដែរ។

លោក ជា សុផារ៉ា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តី ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានលើកឡើងពីកំណើនក្រុមហ៊ុនសាងសង់ និងការរីកចម្រើនលើវិស័យសំណង់ក្នុងឆ្នាំ២០១៩ នេះ ដែលចាត់ទុកថាជាការគាំទ្រដល់កំណើនសេដ្ឋកិច្ចជាតិ ដែលធ្វើឱ្យសេដ្ឋកិច្ចមានការកើនឡើង ៧,៥% ជារៀងរាល់ឆ្នាំ។
លោកឧបនាយករដ្ឋមន្ត្រីបន្តថា “ទិសដៅក្នុងពេលអនាគត គឺយើងផ្ដោតការគាំទ្រចំពោះការវិនិយោគ និងបើកចំហការវិនិយោគចំពោះវិនិយោគិន ទាំងក្នុងនិងក្រៅប្រទេស និងអន្តរជាតិ”។
លោកបន្ថែមថា ក្នុងនាមក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ឯកឧត្តមឧបនាយរកដ្ឋមន្រ្តី បានផ្ដល់ការគាំទ្រ និងលើកទឹកចិត្តដល់ក្រុមហ៊ុន ខេមបូឌា បេវេរេដ ខមប៉ានី លីមីធីត នូវការងារនានា ពាក់ព័ន្ធនឹងក្រសួង ហើយសង្ឃឹមថានាពេលអនាគតក្រសួងនឹងក្រុមហ៊ុនអាចនឹងសហការគ្នាក្នុងការដោះស្រាយបញ្ហារួមគ្នាបាន៕






