ដោយ Donald Lee
ភ្នំពេញៈ របាយការណ៍ថ្មីមួយ របស់វិទ្យាស្ថានស្រាវជ្រាវហិរញ្ញវត្ថុ Woori បានឱ្យដឹងថា ការប៉ះទង្គិចគ្នានៃសង្គ្រាមពាណិជ្ជកម្មរវាងអាមេរិក និងចិនបានប៉ះពាល់ដល់កូរ៉េខាងត្បូងខ្លាំងបំផុតនៅក្នុងឆ្នាំ២០១៩ ជាមួយនឹងការនាំចេញធ្លាក់ចុះជិត១០ភាគរយ ក្នុងរយៈពេល៣ត្រីមាសដំបូង។
ការធ្លាក់ចុះនៃការនាំចេញមានផលអាក្រក់បំផុត ក្នុងចំណោមប្រទេសដែលមានសេដ្ឋកិច្ចធំជាងគេទាំង១០របស់ពិភពលោក។ សេដ្ឋកិច្ចរកូរ៉េខាងត្បូងពឹងផ្អែកលើការនាំចេញទៅកាន់ចិន ដែលមានចំនួន២៧ភាគរយនៃការនាំចេញទាំងអស់។
របាយការណ៍បានគូសបញ្ជាក់ថា កិច្ចព្រមព្រៀងពាណិជ្ជកម្មដំណាក់កាលទី១ អាចធ្វើឱ្យសេដ្ឋកិច្ចងើបឡើងវិញ ពីការធ្លាក់ចុះដ៏អាក្រក់បំផុត ចាប់តាំងពីវិបត្តិសេដ្ឋកិច្ចដ៏អស្ចារ្យកាលពី១០ឆ្នាំមុន។
របាយការណ៍ដដែលបានឱ្យដឹងថា “ចាប់តាំងពីកូរ៉េខាងត្បូង រងផលប៉ះពាល់អវិជ្ជមានបំផុត ដោយការកើនឡើងនៃពន្ធនាំចូល (អាមេរិក និងចិន) កិច្ចព្រមព្រៀងក្នុងការចរចាពាណិជ្ជកម្មដំណាក់កាលដំបូង នឹងជះឥទ្ធិពលជាវិជ្ជមានដល់កំណើនសេដ្ឋកិច្ចរបស់កូរ៉េខាងត្បូងនៅឆ្នាំក្រោយ តាមរយៈការជំរុញពាណិជ្ជកម្ម និងវិនិយោគសកលលោក”។
ទោះយ៉ាងណា កិច្ចព្រមព្រៀងពាណិជ្ជកម្មរវាងអាមេរិក និងចិនត្រូវបានជាប់គាំងដោយធាតុសំខាន់ពីរដែលទាំងអាមេរិក និងចិនមិនចង់ឈានដល់ចំណុចកំពូល។ រដ្ឋាភិបាលទីក្រុងប៉េកាំង ចង់ឱ្យអាមេរិកលុបចោលរាល់ពន្ធគយ ដែលមានស្រាប់ និងពន្ធគយជុំវិញទំនិញអេឡិចត្រូនិក ដែលមានតម្លៃ១៥៦ពាន់លានដុល្លារផងដែរ។
លោក Trump ចង់ឱ្យចិនធានាការទិញកសិផលរបស់ខ្លួន ដើម្បីរក្សាការគាំទ្រនៅក្នុងរដ្ឋកសិកម្មនៅអាមេរិក ក្នុងដំណើរការបោះឆ្នោតប្រធានាធិបតីអាមេរិក នៅឆ្នាំក្រោយនេះ។
សេដ្ឋកិច្ចរបស់ប្រទេសកូរ៉េខាងត្បូង ក៏រងការវាយប្រហារដោយសារសង្គ្រាមពាណិជ្ជកម្មផ្ទាល់ខ្លួនជាមួយជប៉ុនដែរ។ ប្រជាជនកូរ៉េខាងត្បូងបានធ្វើពហិការរាល់អ្វីៗទាំងអស់ដែលផលិតនៅជប៉ុន ចាប់តាំងពីប្រទេសជប៉ុនបានដាក់កម្រិត លើការនាំចេញវត្ថុធាតុដើម ដែលត្រូវការនៅក្នុងខ្សែសង្វាក់ផ្គត់ផ្គង់ផលិតកម្ម បច្ចេកវិទ្យារបស់កូរ៉េខាងត្បូង។
សង្គ្រាមពាណិជ្ជកម្មកូរ៉េខាងត្បូង និងជប៉ុនបានចាប់ផ្តើមកាលពីឆ្នាំមុន នៅពេលដែលតុលាការកំពូលកូរ៉េខាងត្បូង បានបញ្ជាឱ្យក្រុមហ៊ុនសាជីវកម្មជប៉ុន បង់ប្រាក់សំណង សម្រាប់ការចូលរួមរបស់ពួកគេ នៅក្នុងពលកម្មទាសករនៅឧបទ្វីបកូរ៉េ ក្នុងអំឡុងពេលកាន់កាប់របស់ខ្លួនក្នុងឆ្នាំ១៩១០ ដល់១៩៤៥។
រដ្ឋាភិបាលជប៉ុនបានអះអាងថា សេចក្តីសម្រេចរបស់តុលាការកូរ៉េ គឺផ្ទុយពីសន្ធិសញ្ញាឆ្នាំ១៩៦៥ រវាងប្រទេសទាំងពីរ ដែលបានបញ្ជាក់យ៉ាងច្បាស់ថា រាល់ការទាមទារសំណងពេលសង្គ្រាម គឺបានបញ្ចប់ទាំងស្រុង និងចុងក្រោយ។
លើសពីនេះធនាគារកណ្តាលកូរ៉េខាងត្បូងព្យាករណ៍ថា សេដ្ឋកិច្ចរបស់ខ្លួននឹងជាប់គាំងនៅឆ្នាំ២០២០ ដោយសារភាពតានតឹងពាណិជ្ជកម្មក្នុងតំបន់ និងពិភពលោក។

ក្រុមប្រឹក្សាភិបាលរបស់ធនាគារកណ្តាលបានបញ្ជាក់ថា ពាណិជ្ជកម្មពិភពលោកត្រូវបានរំពឹងថា នឹងធ្លាក់ចុះ ដោយសារតែភាពតានតឹងពាណិជ្ជកម្មពិភពលោកកំពុងបន្ត។
ធនាគារកណ្តាលបានចេញផ្សាយ នៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីខែមុន “ក្រឡេកមើលទៅអនាគត ក្រុមប្រឹក្សាភិបាលមើលឃើញថា កំណើនសេដ្ឋកិច្ចសកល និងទីផ្សារហិរញ្ញវត្ថុពិភពលោក ទំនងជារងផលប៉ះពាល់ ដោយសារកត្តាដូចជា កម្រិតនៃការរីករាលដាលនៃការគាំពារនិយម ការផ្លាស់ប្តូរគោលនយោបាយរូបិយវត្ថុរបស់ប្រទេសធំៗ និងហានិភ័យភូមិសាស្ត្រនយោបាយ”៕






