ដោយគង់ សូរិយា
ភ្នំពេញៈ សម្តេចតេជោ ហ៊ុន សែននាយករដ្ឋមន្រ្តីកម្ពុជាបានថ្លែងថា ចំណូលពន្ធពីគយ និងពន្ធដារ មកដល់ត្រឹមថ្ងៃទី៩ ខែធ្នូ ទទួលបានចំនួន ៥,៦៥២លានដុល្លារអាមេរិក លើសផែនការគ្រោងទុកប្រមាណ១,១០៣លានដុល្លារ។
សម្តេចតេជោ ហ៊ុន សែនបានមានប្រសាសន៍ឲ្យដឹងបែបនេះ ក្នុងពិធីប្រគល់សញ្ញាបត្រជូននិស្សិត CUS នាទីក្រុងកោះពេជ្រនៅព្រឹកថ្ងៃទី១១ ធ្នូនេះថា ចំណូលបានពីពន្ធទិញរថយន្ត និងម៉ូតូ មានរហូតដល់៥២ភាគរយ។
សម្តេចតេជោបានថ្លែងថា “រាជរដ្ឋាភិបាលមានថវិកាប្រមាណ៣,៥០០លានដុល្លារ សម្រាប់យកទៅប្រើប្រាស់ពេលមានការបន្ទាន់។ ថវិកានេះមិនទាន់បូកបញ្ចូលប្រាក់បម្រុងអន្តរជាតិ១៥ពាន់លានដុល្លារ និងមាស៣០តោននៅឡើយនោះទេ”។
បើទោះបីមានថវិកាសល់ សម្រាប់ប្រើប្រាស់ច្រើនយ៉ាងណាក្តី តែសម្តេចតេជោ ហ៊ុន សែនបញ្ជាក់ថា ក្រសួងមិនអាចស្នើសុំចាយថវិកាបន្ថែមបាននោះឡើយ។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា“សមិទ្ធផលទាំងអស់នេះ បានមកពីកិច្ចខិតខំទាំងអស់គ្នា”។សម្តេចតេជោបន្ថែមថា “អ្នកជាប់កាតព្វកិច្ចពន្ធទាំងឡាយ ត្រូវតែនាំគ្នាចូលរួមបង់ពន្ធ”។
សម្តេចតេជោហ៊ុន សែន បានថ្លែងថា ប្រាក់បង់ពន្ធ គឺយកទៅប្រើប្រាស់សម្រាប់ការធ្វើផ្លូវ និងសាងសង់មន្ទីរពេទ្យជាដើម។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ស្រុកខ្មែរចាប់ពីថ្ងៃនេះតទៅមិនមានបញ្ហាអ្វីកើតឡើងនោះឡើយ។ ការបញ្ជាក់ពីបញ្ហានេះ បន្ទាប់ពីក្រុមអ្នកគាំទ្រអតីតបក្សសង្គ្រោះជាតិរំពឹងថា នឹងមានការវិវឌ្ឍលើបញ្ហានយោបាយនៅថ្ងៃទី១២ ខែធ្នូ៕






